ភ្នំពេញ៖ យោងតាមអនុសាសន៍របស់ ឯកឧត្តម. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារះសង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានបញ្ជាក់ថា លោកបានដាក់បទបញ្ជាបន្ទាន់ឲ្យកម្លាំងទ័ពទាំងអស់របស់កងពល រួមជាមួយជំនាញកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន