តាកែវ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវបានរកឃើញមុខម្ហូប ៤មុខបន្ថែមទៀតដែល មានសារធាតុគីមីបូរ៉ាក់ និងសំណល់ថ្នាំកសិកម្ម នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយរថយន្តពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីព្រឹកថ្ងៃទី ២២ ឧសភា ២០១៨ នេះ ។
ថ្លែងប្រាប់ក្រុមអ្នកសារពត័មានបន្ទាប់ពីបញ្ចប់នៅសកម្មភាពចុះពិនិត្យមុខម្ហូប បន្លែផ្លែឈើ និងគ្រឿងឧបភោគបរិភោគជាច្រើន នៅក្នុងផ្សារអង្គតាសោម លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានអោយដឹងថា ក្នុងថ្ងៃនេះក្រុមមន្ត្រីជំនាញកាំកុងត្រូលរួមជាមួយរថយន្តពិសោធន៏ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូលបាន បន្តធ្វើការត្រួតពិនិត្យពិសោធន៏ លើមុខម្ហូបជាច្រើន ដែលជាគ្រឿងឧបភោគបរិភោគ ដែលបងប្អូនប្រជាពលរដ្ឋរបស់យើង បរិភោគជាប្រចាំ នៅក្នុងផ្សារអង្គតាសោម ដោយក្នុងនោះយើងបានយក មុខម្ហូបចំនួន ៣៣មុខ ដែលជាប្រភេទបន្លែផ្លែឈើ ស្ករត្នោត គុយទាវ ប្រហុក ជ្រក់ បង្គារ មឹក យកមកធ្វើការពីសោធន៏ នៅក្នុងរថយន្តចល័ត ហើយបានរកឃើញមុខម្ហូប ចំនួន ៤មុខ រួមមានមាន គុយទាវសរសៃធំ ប្រហិតប៉ាតេជ្រុង មានផ្ទុកនៅសារធាតុគីមីបូរ៉ាក់ និង បន្លែស្ពៃក្តោប ស្លឹកខ្ទឹម មានផ្ទុកសំណល់ជីកសិកម្ម ។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបន្តថា បន្ទាប់ពីរកឃើញនៅមុខម្ហូបអាហារទាំង ៤មុខនេះថាមានផ្ទុកនៅសារធាតុគីមី និងសំណល់ជីកសិកម្មនោះ រូបលោកមានវិធានការ ដោយអោយមន្ត្រីជំនាញដែលឈរជើងនៅច្រកទ្វារព្រំដែនទាំងអស់ទប់ស្កាត់ មិនអោយមានការនាំចូលនៅបន្លែពីមុខ គឺប្រភេទបន្លែស្ពៃក្តោប និងស្លឹកខ្ទឹម ចូលមកលក់នៅក្នុងទីផ្សារកម្ពុជាឡើយ ។ លុះត្រាតែមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរបស់ប្រទេសវៀតណាម ថា ប្រភេទបន្លែទាំងពីរមុខនេះ មិនមាន កាកសំណល់ជីកសិកម្ម នៅលើបន្លែនេះ រួចមន្ត្រីជំនាញរបស់យើងនិងធ្វើការពិនិត្យសារជាថ្មី ទើបអាចនាំចូលមកលក់វិញបាន ។ ដោយឡែកចំពោះ សាច់ប៉ាតេជ្រុងដែលផលិតមកមានផ្ទុកនៅសារធាតុគីមីបូរ៉ាក់វិញ គឺមន្ត្រីជំនាញយើងបានធ្វើការស្រាវជ្រាវ រកឃើញនៅប្រភពទីតាំងនៃការផលិតហើយ នៅរាជធានីភ្នំពេញ ហើយលោក បានផ្តល់ដំណឹងនេះអោយទៅថ្នាក់លើធ្វើការស្រាវជ្រាវរកទីតាំងផលិត ដើម្បីធ្វើការទប់ស្កាត់ហើយ ។ ចំណែកឯអាជីវករដែលជាអ្នកលក់គុយទាវ ឈ្មោះ ចែ អិត លក់នៅក្នុងផ្សារអង្គតាសោមនោះ គឺលោកបានផ្តល់ដំណឹងទៅអជ្ញាធរស្រុក រួចហើយ ហើយអាជ្ញាធរស្រុកត្រាំកក់ និងចុះទៅបិទទីតាំងផលិតរបស់គាត់ នៅឃុំលាយបូរ ៕ តាកែវ