Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កាត់ផ្ទៃដីបឹងជើងឯកជាង ១២ ហិកតាធ្វើអនុបយោគ និងប្រទានកម្មជាកម្មសិទ្ធិជូនឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃ

ភ្នំពេញៈ ដីទំហំជាង១២ហិកតាបន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីផ្ទៃបឹងជើងឯក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជាកម្មសិទ្ធិជូនលោកឧកញ៉ា ឡោក ហ៊ួរ ដែលមានផ្ទៃដីសរុបទំហំ ១០៦ ៤២៩ម៉ែត្រក្រឡា និងជូនក្រសួងមហាផ្ទៃ ទំហំ ១៨ ១២៦ម៉ែត្រក្រឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីក្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចុះថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ និងចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២២២។

យោងតាមអនុក្រឹត្យចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្ទៃដីទំហំ ១៨ ១២៦ម៉ែត្រក្រឡា ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីផ្ទៃបឹងជើងឯក ហើយធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្តល់ជូនក្រសួងមហាផ្ទៃ (អនុក្រឹត្យលេខ៤៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២)។
សូមជម្រាបថា កាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃក៏ធ្លាប់ទទួលបានចំណែកផ្ទៃដីបឹងជើងឯក ទំហំ ១០ហិកតា រួចហើយផងដែរ សម្រាប់សាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិ ទំហំ ៥ហិកតា, អគ្គស្នងការដ្ឋានអត្តសញ្ញាណកម្ម ទំហំ ១ហិកតា, សាលារដ្ឋបាលមូលដ្ឋាន ទំហំ ២ហិកតា និងមន្ទីរពេទ្យនគរបាលជាតិ ទំហំ ២ហិកតា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

ចំណែកអនុក្រឹត្យចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្ទៃដីចំនួន២ទីតាំង សរុបទំហំ ១០៦ ៤២៩ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីផ្ទៃបឹងជើងឯក ហើយធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជូនលោកឧកញ៉ា ឡោក ហ៊ួរ ជាកម្មសិទ្ធិ ( ដោយអនុក្រឹត្យលេខ៥៧អនក្រ.បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២)៕ រក្សាសិទ្ធិដោយៈ CEN

×