ក្រៅពីកាក់លុយពេសូ ធ្វើអំពីមាសចំនួន ១១លានកាក់ នាវា San Jose នៅមានត្បូងថ្មមានតម្លៃចំនួន ១១៦កេស និងមាសសប្រមាណ ២តោន ។ នាវាមួយបានលេចនៅតំបន់សមុទ្រ Caribbean នាប្រទេសកូឡំប៊ី ត្រូវបានរកឃើញ ហើយបើតាមការប៉ាន់ស្មានជំហានដំបូងនោះ តម្លៃនៃទ្រព្យសម្បត្តិនៅលើនាវានេះ មានប្រមាណដល់ទៅ ១៧ ពាន់លានដុល្លារ ។
គេស្រាវជ្រាវដឹងថា នាវាឈ្មោះ San Jose នេះ ជានាវាដែលត្រូវបានកងទ័ពជើងទឹកភូមិន្ទអង់គ្លេសវាយពន្លិចមុននេះប្រមាណ ៣០០ឆ្នាំ ហើយដំណើរការនៃការរុករក តម្រុយរបស់វា ហាក់ឈានដល់ភាពទាល់ច្រក និងទើបត្រូវរកឃើញប៉ុន្មានខែកន្លងទៅថ្មីៗនេះ ។
ប្រធានាធិបតីកូឡំប៊ី Juan Manuel Santos បានប្រកាសអំពីលទ្ធផលនៃការស្វែងរកនេះ ហើយលោកសង្កត់ធ្ងន់ថា ៖ “វាបានរំសាយអស់នូវការមន្ទិលសង្ស័យមុននេះជុំវិញវត្តមានរបស់វា” ។
គំនូរបង្ហាញរូបភាពនៃសមរភូមិលើសមុទ្រនៅជិតកំពង់ផែ Cartagena ទីតាំងជាក់ស្តែងនៃនាវានេះត្រូវបានរដ្ឋាភិបាលកូឡំប៊ីចាត់ទុកជាអាថ៌កំបាំងជាតិ ហេតុនេះវាពុំត្រូវបានទម្លាយចេញឡើយ ។ ប្រធានាធិបតីកូឡំប៊ី គ្រាន់តែប្រាប់ថា នាវាបច្ចុប្បន្នស្ថិតក្នុងតំបន់សមុទ្រ Caribbean ជិតកំពង់ផែ Cartagena ត្រូវបានគេវាយពន្លិចនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ១៧០៨ ។
ប្រវត្តិនៃការរកឃើញនាវា San Jose ដែលមានផ្ទុកកំណប់ទ្រព្យដល់ទៅ ១៧ ពាន់លានដុល្លារ អាស្រ័យដោយប្រវត្តិដ៏ស្មុគស្មាញក្នុងការរុករកវា ប្រាកដណាស់នឹងមានជម្លោះផ្លូវច្បាប់ដ៏ធំមួយនឹងផ្ទុះឡើង រវាងអាមេរិក និងកូឡំប៊ី ព្រោះតែមុននេះ ក្រុមហ៊ុនស្តារនាវាសមុទ្ររបស់អាមេរិក មានឈ្មោះថា Sea Search Armada (SSA) ត្រូវបានរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ ៣៥% នៃតម្លៃកំណប់ទ្រព្យសរុប ប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការកំណត់ទីតាំងរបស់នាវា San Jose ។
ប៉ុន្តែ SSA ថ្វីបើកំណត់ទីតាំងរបស់នាវានេះ ប៉ុន្តែពួកគេពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីកន្លែងជាក់លាក់របស់នាវានេះ។ ក្រោយមកតាមរយៈទិន្នន័យរបស់ SSA ក្រុមអ្នកបុរាណវិទូកូឡំប៊ី បានរកឃើញទីតាំងពិតប្រាកដនៃនាវានេះ កាលពីចុងឆ្នាំទៅ ហើយទើបប្រកាសជាសាធារណៈនៅពេលថ្មីៗនេះ ។
រូបភាពថតបាននៅតំបន់រកឃើញនាវា San Jose ទន្ទឹមនោះនៅមាន ពាក់ព័ន្ធនឹងរដ្ឋាភិបាលអេស្បាញ ដោយហេតុថា ដើមកំណត់នៃនាវានេះក្នុងប្រវត្តិសាស្ត្របានដឹកកំណប់ទ្រព្យចេញពីប្រទេសគេ ។ ពិតណាស់អេស្ប៉ាញ ប្រាកដជាមិនបណ្តោយឲ្យទ្រព្យសម្បត្តិទាំងនោះដែលមួយផ្នែកជារបស់គេបានទៅកូឡំប៊ីតែម្នាក់ឯងឡើយ ។
នាវា San Jose ត្រូវបានដាក់ចុះទឹកនៅឆ្នាំ ១៦៩៦ ដោយមាននាវិក ៥០០នាក់ ហើយក្នុងពេលធ្វើដំណើរវាបានត្រូវកងនាវាជើងទឹកអង់គ្លេស លួចវាយឆ្មក់នៅឆ្នាំ ១៧០៨ ។
បើតាមចំនួនកំណប់ទ្រព្យដូចពោលខាងលើដូចមានចែងទុកក្នុងប្រវត្តិសាស្ត្រ នោះក្នុងខ្មោចនាវា San Jose នឹងក្លាយជាកំណប់ទ្រព្យបុរាណធំបំផុតក្នុងប្រវត្តិសាស្ត្រមួយទៀត ៕ ចន្ទ្រា