មានកូនមុនរៀបការនៅពេលបច្ចុប្បន្ននេះ ស្ទើក្លាយជារឿងធម្មតា ក្នុងសង្គម ព្រោះថា ប្រការសំខាន់បំផុតដែលយុវវ័យបច្ចុប្បន្នយល់នោះ មង្គលការគ្រាន់តែជាបែបបទមួយ ចំណែកបញ្ហាស្នូល វាគឺជារឿង “ស្នេហា” ការចងជីវិត ២ ឲ្យទៅជា១ ហើយស្ថិតស្ថេរ ។ ក្រោយពីរូបភាពនេះលេចឡើងលើបណ្តាញសង្គម អ្នកកាសែតបានធ្វើការស្រាវជ្រាវ ទើបដឹងថា ស្ត្រីជាម្តាយក្នុងរូបភាពនេះ កើតនៅក្នុងឆ្នាំ ១៩៩៤ ហើយរូបភាពនេះ ត្រូវបានថតពេលនាងត្រៀមរៀបចំមង្គលការ ។ រីឯក្មេងស្រីតូចដែលនាងបំបៅដោះក្នុងរូប គឺជាកូនស្រីបង្កើតរបស់នាង អ្នកទាំងពីរ បានចុះអេតាស៊ីវិល ២ឆ្នាំហើយ ហើយរហូតដល់កូនស្រីអាយុជាង ១ឆ្នាំ ទើបពួកគេអាចរៀបចំមង្គលការបាន ។
ស្ថិតនៅខាងក្រោយរូបភាពនោះ វាជារឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តមួយរបស់ស្ត្រីជាម្តាយ ។
នាងបានប្រាប់អ្នកកាសែតថា នាងនឹងស្វាមីនាងបានស្គាល់គ្នាពេលនាងរៀននៅមហាវិទ្យាល័យ រីឯប្តីនាងគឺជាជាងកាត់សក់ ដែលបើកហាងមួយនៅក្បែរសាលារៀននោះ នៅឆ្នាំ ២០១៤ អ្នកទាំងពីរបានចាប់ផ្តើមស្គាល់គ្នា ស្វែងយល់គ្នា រួចនៅឆ្នាំ ២០១៦ គេទាំងពីរបានទៅចុះអេតាស៊ីវិលបានក្លាយទៅជាប្តីប្រពន្ធ “ស្របច្បាប់” រួចនាងក៏មានគភ៌។
អ្នកកំដរអាពាហ៍ពិពាហ៍ម្តាយឪពុកគួរឲ្យស្រឡាញ់ ។ ព្រោះតែជំនឿ ទើប ២ឆ្នាំក្រោយ នាងអាចរៀបការបាន ។
នាងបន្តរៀបរាប់ពីមូលហេតុ គួរឲ្យអាណិតថា ៖ ខ្ញុំមានបងប្អូនស្រី ៤នាក់ នៅឆ្នាំ ២០១៥ ពេលខ្ញុំគិតរឿងរៀបការនោះ បងស្រីរបស់ខ្ញុំក៏មានគេចូលដណ្តឹង រួចរៀបការតែម្តង ។ ឪពុកម្តាយខ្ញុំដែលងប់លើជំនឿហួសហេតុ មិនអនុញ្ញាតឲ្យខ្ញុំរៀបការជាដាច់ខាត មិនដឹងធ្វើបែបណា ពួកខ្ញុំក៏ទៅចុះអេតាស៊ីវិល ហើយគិតថានឹងរៀបការនៅឆ្នាំក្រោយ ប៉ុន្តែពេលនោះដល់វេនបងស្រីទី ២ របស់ខ្ញុំក៏មានគេចូលដណ្តឹងរួចរៀបការ ហេតុនេះពួកយើង “ខាតពេល” មួយឆ្នាំទៀត ។ ចុងក្រោយនៅឆ្នាំនេះទើបពួកខ្ញុំអាចរៀបការបាន ពេលដែលកូនស្រីរបស់ខ្ញុំមានអាយុជាង ១ឆ្នាំទៅហើយ ។
សួរថា តើខ្ញុំខុសអ្វី ? បែបនេះហើយនៅថ្ងៃរៀបការ ខ្ញុំត្រូវរងពាក្យចរចាមអារាមអេចអូច ពេបជ្រាយពីសំណាក់អ្នកជិតខាង និងសាច់ញាតិ ។
ខ្ញុំបង្ហោះរូបភាពនេះ បំណងសួរថា តើពួកខ្ញុំមានអ្វីខុស បានជារងការម៉ាក់ងាយបែបនេះ? ។ ចំពោះពួកយើង ដំបូងឡើយអាពាហ៍ពិពាហ៍ពិតជារឿងសំខាន់ណាស់ ប៉ុន្តែអ្វីៗដូចរ៉ាយរ៉ាប់ខាងលើបានរារាំងពួកយើង ។
ទោះយ៉ាងណា នាងនិយាយថា នាងនឹងស្វាមីបានរៀបការនៅពេលដែលមាននូវចំណងដៃដ៏ធំបំផុតមួយសម្រាប់អះអាងពីស្នេហាពិតរវាងយើងទាំងពីរ ។
ការចុះអេតាស៊ីវិល វាបានបញ្ជាក់ថា យើងជាប្តីប្រពន្ធត្រឹមត្រូវចំពោះមុខច្បាប់ ហើយពេលនេះមង្គលការគ្រាន់តែជារឿងបង្គ្រប់កិច្ចចំពោះក្រុមគ្រួសារសាច់ញាតិតែប៉ុណ្ណោះ ។ សុភមង្គលគឺប្តីប្រពន្ធរបស់យើងជាអ្នកបង្កើតឡើង ហើយក្នុងទំនាក់ទំនងនេះ វាពិតជាគ្មានអ្វីខុស កុំថាឡើយខ្ញុំមានកូនស្រីតែម្នាក់នោះ ៕ ចន្ទ្រា