ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន៤នាក់ដែលឆ្លងដែន និងធ្វើការខុសច្បាប់ នៅក្នុងហាងកាត់សក់ ម៉ាស្សា តាមបណ្ដោយផ្លូវសុកហុក បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ៧មករា សម្រប សម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ តាមបណ្ដោយផ្លូវសុកហុក(១០៧) សង្កាត់អូរឫស្សីទី១ និងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា។
លោកវរសនីយ៍ទោ ជា ចិត្រា នាការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើបានពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន៤នាក់ (ស្រី៣នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ