ខេត្តតាកែវ ៖ ជនសង្ស័យប្រុសស្រី ២នាក់ ដែលជាប់ចោទពីបទចោរកម្ម លួចម៉ូតូពីរគ្រឿង ត្រូវបាននគរបាលខេត្តតាកែវឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។
ដោយមានការអនុញ្ញាត ពីលោកព្រះរាជ្ញអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជនសង្ស័យ២នាក់ត្រូវបានកងកម្លាំងចម្រុះចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវឃាត់ខ្លួននៅវេលាម៉ោង២៣ និង១០នាទី ថ្ងៃ អង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ពីបទចោរកម្មប្រព្រឹត្តិ នៅចំណុចផ្សារណាត់ ស្ថិតក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
សូមបញ្ជាក់ថានៅវេលាម៉ោង១៩ និង៥នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីបាត់ម៉ូតូមួយកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកZOOMER. X ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GI 6200 លេខតួ និងលេខម៉ាកស៊ីន JF62E-0151556 ជាកម្មសិទ្ធរបស់ឈ្មោះ កែវ រស្មី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណ:ពេល ម្ចាស់ម៉ូតូ បានជិះម៉ូតូទៅបញ្ឈរទុកនៅក្បែរផ្សារ ហើយបានដើរចូលទៅក្នងផ្សារទិញបន្លែ ដោយទុកកូនសោរនៅជាប់នឹងម៉ូតូ។
ក្រោយពីទទួលបានព័ត៌មានរាយការណ៍ភ្លាមនោះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាដល់កងកម្លាំងអន្តរាគមន៍(ក្រុមតោ)និងកម្លាំងជំនាញ របស់ស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ និងស្រុកទ្រាំធ្វើការអន្តរាគមន៍ដេញតាម ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ២៣ និង១០នាទី ថ្ងៃ ខែ ឆ្នាំដដែល ទើបសមត្តកិច្ច បានឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅចំណុច ភូមិក្បាលពោធិ ឃុំសំបួរ ស្រុកទ្រាំង ខត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១.ឈ្មោះ ឈៀងពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ប្រាក់ ធីតា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រមទាំង ដកហូតបាន ម៉ូតូ២គ្រឿង ១ -ម៉ូតូម៉ាកZOOMER មានភិនភាគដូចខាងលើ ដោយជនសង្ស័យ បានសារភាពថា ខ្លួនបានលួចយកពីកន្លែងកើតហេតុ ពិតប្រាកដមែន។ ២-ម៉ូតូម៉ាកកុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ. ព 1.8636 ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពបទល្មើស៕ ដោយ៖បញ្ញាស័ក្តិ