រាងកាយរបស់មនុស្សយើង អាចរស់នៅបាន គឺអាស្រ័យខ្យល់អុកស៊ីហ្ស៊ែន សម្រាប់ដកដង្ហើម អាហារ និងទឹកសម្រាប់ការរស់នៅរបស់ជីវិត តែការពិត ក្រៅពីបច្ច័យ ដែលជាចំណែកផ្គុំចម្បងៗទាំងអស់នេះហើយ រាងកាយរបស់មនុស្សយើង ត្រូវមានវត្ថុមួយទៀតនៅក្នុងរាងកាយ ទើបធ្វើឱ្យការរស់នៅរបស់ជីវិត ដំណើរការទៅបានយ៉ាងល្អឥតខ្ចោះបំផុត នោះគឺប្រព័ន្ធឈាម។ រាងកាយនឹងត្រូវពឹងអាស្រ័យលើប្រព័ន្ធការហូរវិលរបស់ឈាម ឬហៅថា ប្រព័ន្ធឈាមរត់ ធ្វើជាអ្នកចិញ្ចឹមអវយវៈគ្រប់ផ្នែករបស់រាងកាយ។
"ឈាម" ជាវត្ថុរាវ ប្រកបដោយទឹកឈាម គ្រាប់ឈាម កោសិកាគ្រាប់ឈាមក្រហម និងកោសិកាគ្រាប់ឈាមស។ រាងកាយរបស់យើង នឹងមានឈាមនៅខាងក្នុង ប្រមាណជា ៥លិត្រ បើធៀបនឹងទម្ងន់ខ្លួន ក៏ស្មើនឹង ៧ ឬ ៨% នៃទម្ងន់ខ្លួន។ បេះដូង ជា
អវយវៈដែលសំខាន់បំផុតក្នុងប្រព័ន្ធហូរវិលរបស់ឈាម មានតួនាទី បឺត-បាញ់ ឈាមទៅចិញ្ចឹមរាងកាយរបស់យើង។ ដូច្នេះ យើងឃើញទេថា បេះដូងរបស់យើងមានមុខនាទីសំខាន់ និងធ្វើការខ្លាំងណាស់ ក្នុងការបញ្ជូនឈាមទៅទូទាំងរាងកាយ ទាំងយប់ ទាំងថ្ងៃ ជាប់រហូត 24ម៉ោង មិនបានឈប់សម្រាកឡើយ ដូច្នេះការប្រណិប័តន៍ដ៏ល្អជាមួយបេះដូងរបស់យើង ក៏គឺ ការបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលយើងគេងលក់ ក៏បេះដូងនៅតែធ្វើការដែរ គ្រាន់តែក្នុងចង្វាក់ដែលធូរស្រាលជាមុនបន្តិច តែមិនបានឈប់ដើរទេ ព្រោះបេះដូងឈប់ដើរ គឺស្មើនឹងស្លាប់…ដូច្នេះ គួរឱ្យអាណិតបេះដូងណាស់…។
ប្រព័ន្ធឈាមរត់ មានតួនាទីនាំយកសារធាតុផ្សេងៗ បញ្ជូនទៅទូទាំងរាងកាយ ដូចជាសារធាតុអាហារ សារធាតុហ្គាសផ្សេងៗ សារធាតុរ៉ែ អ័រម៉ូន និងទទួលយកវត្ថុកាកសំណល់ បញ្ជូនចេញពីរាងកាយ ដោយការដឹកជញ្ជូនទៅតាមសរសៃឈាម។ នៅក្នុងឈាម ប្រកបទៅដោយវត្ថុរាវ ដែលហៅថា "ប្លាស្មា" មានតួនាទីដឹកជញ្ជូនសារធាតុរ៉ែ អ័រម៉ូន អង់ទីគ័រ សារធាតុអាហារផ្សេងៗទៅក្នុងកោសិកាផ្សេងៗរបស់រាងកាយ និងទទួលយកវត្ថុសំណល់ពីកោសិកាហូរត្រឡប់ទៅតាមបំពង់ទឹករងៃវិញ។ ចំណែកឈាមដែលជាវត្ថុរឹង គេហៅថា កម្ទេចឈាម គ្រប់ពេលដែលកើតមានរបួសស្នាម កម្ទេចឈាមនឹងបញ្ចេញសារធាតុគីមីឈ្មោះ ហ្វ៉ៃប្រ៊ីន ចេញមកបំពេញតួនាទី ជួយធ្វើឱ្យឈាមបង្កកខ្លួននៅត្រង់មុខរបួស ដើម្បីទប់ឱ្យឈាមឈប់ហូរចេញមកទៀត។
ឥឡូវនេះ យើងនាំគ្នាមកថែបំប៉នឈាមរបស់យើងវិញ ប្រសើរជាង
- សារធាតុដែក៖ ចាំបាច់ណាស់ សម្រាប់ការផលិត ហេម៉ូហ្គ្លោប៊ីន ឬគ្រាប់ឈាមក្រហម ដែលជាផ្នែកផ្គុំសំខាន់របស់គ្រាប់ឈាមក្រហម ជាអ្នកដឹកនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមអវយវៈ និងសាច់ជាលិកាទូទាំងរាងកាយ។ សារធាតុដែក មាននៅក្នុងបន្លែជាច្រើន ដូចជា ស្លឹកផ្ទី សណ្ដែកកួរ ផ្សិតចំបើង ស្លឹកជីរ និងស្លឹកម្រះព្រៅ។ល។
- ហ្វ៉ូលេត៖ សំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ហ្វូលេត មាននៅក្នុងមើមទំពាំងបារាំង ផ្កាគូឆាយ ស្លឹកបាស ស្ពៃក្ដោប គ្រាប់សណ្ដែកស្ងួត និងក្រូច។
- វីតាមីន C៖ ជួយឱ្យរាងកាយបឺតជ្រាបយកហ្វូលេត និងសារធាតុដែក ពីបន្លែផ្លែឈើបានល្អ។ វីតាមីនរសជាតិជូរមួយនេះ នឹងមាននៅក្នុងផ្លែត្របែក ក្រូចឆ្មារ កន្ទួតព្រៃ ស្ត្រប៊ើរី និងក៏មាននៅក្នុងបន្លែពណ៌បៃតង ដែលយកមកចម្អិនជាម្ហូបអាហារយ៉ាងឆ្ងាញ់ដែរគឺ ប្រូខូលី ឬផ្កាខាត់ណាខៀវហ្នឹងឯង៕