Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ ជួយផង…ខ្ញុំត្រូវពស់ចឹក ធ្វើម៉េចទៅ?

ការត្រូវពស់ ឬសត្វមានពិស ចឹក ឬខាំ មិនមែនជារឿង ដែលនៅឆ្ងាយខ្លួនយើងឡើយ។ ការដើរលេងនៅក្នុងចម្ការក្រោយផ្ទះ ឬសូម្បីតែទៅដើរលេងនៅតាមខេត្ត យើងអាចនឹងមានឱកាសត្រូវសត្វពស់ចឹកបានគ្រប់ពេលវេលា។ ការព្យាបាលដំបូងយ៉ាងត្រឹមត្រូវ មុននឹងនាំអ្នកត្រូវពស់ចឹកទៅជួបគ្រូពេទ្យ គឺជារឿងសំខាន់ខ្លាំងណាស់ ដើម្បីជួយឱ្យជនរងគ្រោះមានសុវត្ថិភាពឡើងវិញ រួមទាំងកាត់បន្ថយសភាវជ្រៀតជ្រែកពីមេរោគផ្សេងៗបានច្រើនទៀតផង។

វិធីបឋមព្យាបាល ពេលត្រូវសត្វពស់ចឹក
-មុនទៅមន្ទីរពេទ្យ ចូរលាងត្រង់មុខរបួស ដែលត្រូវសត្វពស់ចឹកនោះ ដោយទឹកស្អាត ឬទឹកបរិសុទ្ធ មិនគួរយកកាំបិតចៀរ ឬឆូត យកភ្លើងញល់ ឬរោល ឬយកឱសថបុរាណផ្សេងៗ មកបិទលើមុខរបួសឡើយ ព្រោះក្រៅពីនឹងធ្វើឱ្យឈឺខ្លួនដោយមិនចាំបាច់ហើយ នៅបន្ថែមឱកាសដែលមុខរបួសត្រូវឆ្លងមេរោគទៀតផង។
-ការបឺតជញ្ជក់យកពិសសត្វពស់ ចេញពីមុខរបួសដូចនៅក្នុងខ្សែភាពយន្ត មិនគួរធ្វើជាដាច់ខាត ព្រោះវានឹងហុចផលអាក្រក់ដល់ទាំងអ្នកដែលត្រូវពស់ចឹក និងអ្នកបឺតយកពិសចេញទៀតផង ដោយសារវានឹងបន្ថែមភាពប្រថុយប្រថានឱ្យមុខរបួស កាន់តែឆ្លងមេរោគចូលច្រើនឡើង ហើយអ្នកដែលបឺតពិសនោះអាចបានទទួលពិស ចូលទៅក្នុងរាងកាយទៀតផង។
-ឱ្យទីតាំងអវយវៈ ដែលត្រូវពស់ចឹកនោះ កម្រើកតិចបំផុត ដើម្បីបន្ថយ និងពន្យឺតការបឺតជ្រាបរបស់ពិស ចូលទៅក្នុងចរន្តឈាម។
-ការយកខ្សែមកចងរឹតនៅផ្នែកខាងលើមុខរបួស មិនគួរធ្វើឡើយ ព្រោះនឹងធ្វើឱ្យឈាមមិនអាចហូរ ទៅចិញ្ចឹមអវយវៈនៅផ្នែកនោះបានគ្រប់គ្រាន់ អាចធ្វើឱ្យសាច់ដុំនៅត្រង់ចំណុចនោះស្លាប់ ដោយសារខ្វះឈាម និងបើសិនជាមានសាច់ស្លាប់ច្រើន អាចដល់ថ្នាក់ត្រូវកាត់អវយវៈត្រង់នោះ ចេញតែម្ដងក៏មាន។ ក្រៅពីនេះ ការចងរឹតនៅផ្នែកខាងលើមុខរបួស មិនបានធ្វើឱ្យពិសពស់ ជ្រៀតចូលទៅក្នុងក្រសែឈាមបានតិច ដូចយើងគិតនោះទេ។ 
-ប្រញាប់ទៅរកគ្រូពេទ្យ ហើយបើយកសត្វពស់នោះទៅជាមួយបានផង ក៏នឹងជួយឱ្យបានដឹងពីប្រភេទរបស់សត្វពស់ និងប្រភេទរបស់ពិសរបស់វា ធ្វើឱ្យការព្យាបាលរបស់គ្រូពេទ្យកាន់តែងាយឡើង តែក៏មិនចាំបាច់ ដល់ថ្នាក់ត្រូវខាតពេលដើរវែកស្មៅ ចូលទៅរកវាយសម្លាប់សត្វពស់នោះទេ បើពស់ចឹកហើយ រត់បាត់នោះ។ ត្រូវប្រញាប់នាំអ្នករបួស ទៅមន្ទីរពេទ្យវិញប្រសើរជាង ព្រោះពេទ្យអាចសង្កេតមើលអាការ ហើយជួសឈាម និងផ្ដល់ការព្យាបាលបាន។

វិធីដែលល្អ យើងសូមណែនាំឱ្យគ្រប់គ្នាប្រយ័ត្នប្រយែង ក្នុងការដើរចូលទៅក្នុងទីកន្លែង ដែលមានស្មៅស៊ុបទ្រុប រួមទាំងរៀបចំផ្ទះសំបែង ឱ្យបានស្អាតបាត មានរបៀបរៀបរយ ព្រោះជាញឹកញាប់ណាស់ ដែលយើងបានជួបមនុស្សដែលត្រូវពស់ចឹកនៅក្នុងបរិវេណផ្ទះរបស់ខ្លួនឯង ទើបចង់ឱ្យគ្រប់គ្នាមើលថែទាំផ្ទះសំបែង ឱ្យមានសុវត្ថិភាពពីសត្វមានពិសផ្សេងៗ ដែលអាចមកយាយីយើងបាន៕
×