គ្មាននរណាម្នាក់ មើលឃើញការរៀបការ ថាជារឿងតូចតាចក្នុងជីវិតឡើយ...ការរំកិលឋានៈ ពីគូស្នេហ៍ មកជាគូជីវិត គឺជាជំហានជីវិត ១ទៀត ដែលអ្នកទាំង២ គួរតែផ្តល់ភាពសំខាន់។ ដូច្នេះសួរថា តើអ្នកជឿជាក់ក្នុងចិត្តខ្លាំងប៉ុនណាថា គូស្នេហ៍របស់អ្នក មានភាពត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ប្រគង ថែទាំជីវិតគូ រួមជាមួយអ្នក?។ ដោយសារតែរឿងហ្នឹងហើយ ទើបថ្ងៃនេះ យើងមានសំណួរចំនួន៥ ដែលគូស្នេហ៍របស់អ្នក ត្រូវតែឆ្លើយឱ្យបាន មុននឹងសម្រេចចិត្ត រួមរស់នៅជាមួយគ្នា ដើម្បីឱ្យអ្នក និងគេ(ឬនាង)បានកែសម្រួលទស្សនគតិ ដែលល្អរួមគ្នា។
១. ដោយសារអ្វី ទើបអ្នកសម្រេចចិត្ត ចង់រួមដំណើរក្នុងជីវិតគូជាមួយខ្ញុំ?
ដូចដែលបានដឹងហើយថា ការដែលមនុស្ស ២នាក់ សម្រេចចិត្តរួមរស់នៅជាមួយគ្នា រឿងដែលនឹងកើតឡើង បន្ទាប់ពីនោះមកទៀតគឺ អ្នកទាំង២ នឹងត្រូវឆ្លងកាត់ពេលវេលានៃសេចក្តីទុក្ខ និងសេចក្តីសុខរួមគ្នា គ្រប់នាទី គ្រប់ម៉ោង រាប់មិនអស់ឡើយ ហើយអ្នកទាំង២ នឹងត្រូវប្រឈមនឹងឧបសគ្គ ការដោះស្រាយបញ្ហា និងការពុះពារដើរទៅមុខជាមួយគ្នា។ នៅពេលដែលសច្ចធម៌របស់ជីវិតគូ វាបែបនេះ ចូរសាកល្បងស្តាប់ចម្លើយរបស់គេ(ឬនាង)ទៅមើលថា តើដោយសារអ្វី ទើបគេ(ឬនាង)នៅតែជ្រើសរើសយកអ្នក ធ្វើជាគូជីវិត?
២. តើមានវិធីណាខ្លះ ដែលនឹងធ្វើឱ្យជីវិតគូ មានសេចក្តីសុខ ស្ថិតស្ថេរយូរអង្វែង?
ភាពរ៉ូមែនទិកក្នុងជីវិតគូ ត្រូវអាស្រ័យលើ ទាំងគំនិតច្នៃបង្កើត និងការយកចិត្តទុកដាក់ ហើយមិនមែនចំពោះតែគូស្វាមីភរិយាថ្មោងថ្មីប៉ុណ្ណោះទេ ដែលត្រូវការបង្ហាញឱ្យដៃគូដឹងថា តើបងស្រឡាញ់អូនខ្លាំងប៉ុនណា ឬអូនស្រឡាញ់បងខ្លាំងប៉ុនណានោះ សូម្បីតែគូស្នេហ៍ដ៏យូរអង្វែង ២៥ឆ្នាំមកហើយក៏ដោយ ក៏សុទ្ធតែត្រូវការ moment បែបនេះ ដូចគ្នាទាំងអស់។ ការចង់ឱ្យជីវិតគូរបស់ខ្លួន មានសេចក្តីសុខស្ថិតស្ថេរ យូរអង្វែង មិនមែនជារឿងឆក់កណ្ដៀត ឬឆ្លៀតឱកាសនោះទេ...ប្រាកដណាស់ថា ១គូៗ ច្បាស់ជាមានវិធី ដែលខុសប្លែកពីគ្នា តែវាស្ថិតនៅត្រង់ថា តើអ្នករកវិធីនោះឃើញ ឬក៏អត់ប៉ុណ្ណោះ?។
៣. តើអាយុដែលខុសគ្នា មានបញ្ហាអ្វី ចំពោះយើងដែរឬទេ?
មែនទែនទៅ ភាពខុសគ្នារបស់អាយុ មិនគួរក្លាយជារឿង ដែលអ្នកទាំង២ ត្រូវមើលរំលងឡើយ។ គូស្នេហ៍ជាច្រើនគូ ត្រូវសម្រេចចិត្ត បញ្ចប់សម្ព័ន្ធភាពរវាងគ្នា ដោយការលែងលះ ក្រោមហេតុផលដែលថា អាយុខុសគ្នាច្រើនជ្រុលពេក ទើបធ្វើឱ្យទស្សនគតិខាងការគិត វាខុសគ្នាទៅតាមនោះដែរ។ នៅពេលរឿងរបស់អាយុ ដែលមិនអាចកែតម្រូវ ឱ្យស្មើគ្នាបាននោះ ម្តងនេះវាស្ថិតនៅត្រង់ថា តើជីវិតគូរបស់អ្នក បានត្រៀមជាស្រេច ក្នុងការកែសម្រួលទស្សនគតិ ដើម្បីកាត់បន្ថយការយល់ឃើញ ដែលខុសគ្នា រវាងអំឡុងអាយុនោះ ឱ្យវាទៅជាមួយគ្នា បានរហូតមួយជីវិត ហើយឬនៅ?
៤. ត្រៀមរួចជាស្រេចហើយឬនៅ ក្នុងការធ្វើជាឪពុកម្តាយដ៏ល្អរបស់កូន?
ប្រាកដណាស់ថា បន្ទាប់ពីអ្នករៀបអាពាហ៍ពិពាហ៍ហើយ អ្នកត្រូវតែចង់មានកូន ដើម្បីបានក្លាយជាខ្សែច្រវាក់មាស ចងចិត្ត រវាងអ្នក និងគេ(ឬនាង)។ បើអ្នកត្រៀមរួចជាស្រេចហើយក្នុងការមានកូន អ្នកចាំបាច់ត្រូវតែ មានការរៀបចំផែនការ ដែលល្អមួយផងដែរ ហើយរឿងដែលសំខាន់នោះគឺ អ្នកត្រូវមានភាពអត់ធ្មត់ ស៊ូទ្រាំ និងកុំបោះបង់ចោល ឱ្យខាងណាម្នាក់ ត្រូវចិញ្ចឹមកូន តែម្នាក់ឯងជាដាច់ខាត(រឿងនេះសំខាន់)។
៥. តើអាចទៅរួចទេ ក្នុងការនិយាយប្រាប់គ្នាដោយត្រង់ៗ?
ការទំនាក់ទំនងគ្នាយ៉ាងត្រង់ទៅត្រង់មក លើគ្រឹះនៃភាពស្មោះស្ម័គ្រ និងស្មោះត្រង់ គឺជាបេះដូងគោលសំខាន់របស់ជីវិតគូ។ ការជ្រើសរើសយកការប្រមូលសន្សំបញ្ហាកំប៉ិកកំប៉ុក មកទុកក្នុងខ្លួន ដោយមិនព្រមហាមាត់និយាយប្រាប់គ្នា ដោយសារតែខ្លាចថា វានឹងប៉ះពាល់ដល់ស្ថានភាព ឬសម្ព័ន្ធភាពស្នេហានោះ អាចមិនមែនជាដំណោះស្រាយ ដែលល្អបំផុតជានិច្ចនោះទេ ប៉ុន្តែ វាមានតែ កាន់តែប្រមូលសន្សំអារម្មណ៍នៃភាពមួហ្មង មករក្សាទុក រហូតក្លាយជាចំហេះមួយ ដែលរង់ចាំតែថ្ងៃផ្ទុះឡើង យ៉ាងមិនដឹងខ្លួននៅពេលណាមួយ តែប៉ុណ្ណោះ។
ទាំងអស់ខាងលើនេះ គឺជាសំណួរងាយៗ ដែលនឹងនាំឱ្យទាំងរូបអ្នក និងគេ(ឬនាង)បានមកអង្គុយទល់មុខគ្នា គិតពិចារណាជាមួយគ្នាថា តើបានត្រៀមជាស្រេចហើយឬនៅ ដែលយើងទាំង ២នាក់ យល់ព្រមក្នុងការប្រើជីវិតរួមគ្នា?...វាមិនប្រាកដដែរ ជួនកាល គឺសំណួរងាយៗទាំងអស់នេះហើយ ដែលនឹងធ្វើឱ្យអ្នក នឹកឃើញរឿងអ្វី បានច្រើនយ៉ាង តាមរយៈចម្លើយរបស់គូស្នេហ៍៕
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91