ស្រីក្រមុំជនជាតិអេក្វាឌ័រម្នាក់ ក្លាយជាវ៉ៃរ៉ាល់នៅក្នុងបណ្ដាញសង្គមទិកតុក ក្រោយពីរកឃើញថា ខ្លួនឯងធ្លាប់ស្ថិតនៅក្នុងរូបថតកាលពីនៅក្មេងរបស់ប្ដី ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងឡាយនិយាយថា នេះគឺជាព្រហ្មលិខិត។
នាងក្រមុំម្នាក់ឈ្មោះ អេលីស ម៉ារីណា សាំប្រាណូ ពិណាកូតេ អាយុ ២៦ឆ្នាំ មកពីប្រទេសអេក្វាឌ័រ បានក្លាយជាវ៉ៃរ៉ាល់នៅក្នុងបណ្ដាញសង្គមទិកតុក នៅពេលដែលនាងបានស៊ែររឿងរ៉ាវនៃភាពចៃដន្យមួយ ដែលកើតឡើងរវាងរូបនាង និងស្វាមី ខណៈពេលបើកមើលសៀវភៅរូបថតកាលពីនៅក្មេងរបស់ប្ដី ហើយភ្លាមនោះឯង នាងក៏បានឃើញអ្វីម្យ៉ាងដ៏មិនគួរឱ្យជឿ។
រូបថត ១សន្លឹករបស់ស្វាមី ថតកាលពី ១៥ឆ្នាំមុន នៅក្នុងរូបនោះ មានក្មេងស្រីម្នាក់ ឈរនៅខាងក្រោយ និងសម្លឹងមើលស្វាមីរបស់នាងកាលពីនៅក្មេង…ក្មេងស្រីរូបនោះគឺ អេលីស កាលពីនៅអាយុ ១១ឆ្នាំហ្នឹងឯង។
នាងនិយាយថា «ខ្ញុំមិនចាំអ្វីពាក់ព័ន្ធនឹងរូបថតនោះបានទេ ព្រោះកាលនោះ ខ្ញុំនៅក្មេង ហើយកាលនោះ ខ្ញុំមិនដែលបានឃើញ ឬធ្លាប់ស្គាល់គាត់ពីមុនឡើយ ខ្ញុំចាំបានត្រឹមតែថា រៀងរាល់ឆ្នាំ ខ្ញុំ និងម៉ាក់ បានទៅមើលក្បួនដង្ហែនៅឯទីក្រុង» នាងបានបន្តទៀតថា «ក្រោយមក ថ្ងៃមួយ យើងបានទៅលេងផ្ទះម្ដាយប្ដីរបស់ខ្ញុំ ហើយខ្ញុំសុំឱ្យគាត់បើកសៀវភៅអាល់ប៊ុមរូបថតប្ដីរបស់ខ្ញុំ តាំងពីពេលដែលគាត់នៅក្មេង ហើយពេលហ្នឹងឯង ដែលយើងរកឃើញរូបថត ១សន្លឹកនោះ»
«យើងចម្លែកចិត្តខ្លាំងណាស់ សឹងតែមិនចង់ជឿភ្នែកខ្លួនឯងទៀតផង វាធ្វើឱ្យយើងមានអារម្មណ៍ភ្ញាក់ព្រើត មានសេចក្ដីសុខ មានច្រើនអារម្មណ៍ណាស់ ព្រោះវាមិនគួរឱ្យជឿទាល់តែសោះ…អ្នកថតរូប ចៃដន្យថតជាប់រូបក្មេង ២នាក់ ដែលមិនដែលស្គាល់គ្នា នៅក្នុងរូបភាពតែមួយ»។
ក្រោយពីបានស៊ែររឿងរ៉ាវដ៏គួរឱ្យនឹកស្ងើចរបស់ពួកគេរួចមក ឃ្លិបវីដេអូនោះ ក៏មានអ្នកចូលមើលជាង ៩លានដង និងទទួលបានចំនួនឡៃខ៍ ជាង ៥០០ ០០០លើក។
អ្នកលេងបណ្ដាញសង្គមម្នាក់ និយាយថា «ពួកគេប្រាប់ថា មុនអាយុ ១៦ឆ្នាំ ពួកគេបានជួបសេចក្ដីស្នេហាក្នុងជីវិតរបស់ពួកគេបាត់ទៅហើយ ហើយខ្ញុំគិតថា វាគឺជារឿងពិត» ម្នាក់ទៀតរៀបរាប់ថា «មុនពេលជួបមនុស្សដែលព្រហ្មលិខិតកំណត់មកដើម្បីឱ្យជួបគ្នា ពួកគេបានទៅទីកន្លែងផ្សេងជាច្រើនជាមួយគ្នា ពួកគេធ្វើដំណើរជាមួយគ្នា ទាំងមិនដែលស្គាល់គ្នាសោះឡើយ វាពិតជាព្រហ្មលិខិតកំណត់ មកឱ្យពួកគេជួបគ្នាមែន!»៕