Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ បាក់ឆ្អឹង (Bone fracture) និងការសង្គ្រោះបឋម!

បាក់ឆ្អឹង គឺការមានស្នាមដាច់ ស្នាមបែក ឬមានភាពមិនតជាប់គ្នារបស់សាច់ឆ្អឹង ជាសភាវដែលជួបប្រទះញឹកញាប់នៅលើកុមារ និងមនុស្សធំ។ ភាគច្រើនៗបណ្ដាលមកពីគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលមានកម្លាំងប៉ះខ្លាំង រហូតដល់ធ្វើឱ្យឆ្អឹងបាក់ និងបង្កឱ្យកើតអាការឈឺចុកចាប់ ហើម កម្រើក ឬធ្វើចលនាមិនបាន ឬធ្វើចលនាបានដោយខុសប្រក្រតី។ នាពេលបច្ចុប្បន្ននេះ ការព្យាបាលឆ្អឹងបាក់មានភាពទំនើបជាងមុនឆ្ងាយណាស់ អាចព្យាបាលឱ្យជា និងប្រើប្រាស់បានឡើងវិញក្នុងរយៈពេលដ៏ខ្លី មិនចាំបាច់ពិការ ដោយសារភាពខុសទម្រង់ដើម ឬឆ្អឹងវែងខ្លីដូចកាលពីមុនទៀតឡើយ។

មូលហេតុរបស់ការបាក់ឆ្អឹង
ជាប្រក្រតី ឆ្អឹងក្នុងផ្នែកនីមួយៗក្នុងរាងកាយមានភាពរឹងមាំ និងមានតួនាទីទប់ទល់នឹងកម្លាំងប៉ះបុកពីការធ្វើកិច្ចការងារផ្សេងៗបានយ៉ាងល្អ តែបើសិនជាបានទទួលកម្លាំងបុកប៉ះយ៉ាងខ្លាំងក្លា ឆ្អឹងក៏អាចបែក និងបាក់បានដែរ ដោយមានមូលហេតុដូចតទៅ៖
-ជួបឧប្បត្តិហេតុ ដូចជា ដួល រថយន្តបុក រថយន្តក្រឡាប់ ដែលបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។
-ការលេងកីឡាធ្ងន់ៗ ខ្លាំងៗ។
-ត្រូវវាយដំ ឬត្រូវរងកម្លាំងបោកប៉ះខ្លាំងក្លា។
-ធ្លាក់ពីលើទីខ្ពស់ ឬធ្លាក់មកបោកប៉ះនឹងកន្លែងដែលរឹងខ្លាំង។
-នៅលើមនុស្សចាស់ អ្នកជំងឺពុកឆ្អឹង ឬអ្នកជំងឺមហារីកប្រភេទខ្លះ ពេលប៉ះនឹងកម្លាំងបោកប៉ះត្រឹមតែបន្តិចបន្តួច ក៏អាចបណ្ដាលឱ្យបាក់ឆ្អឹងបានដែរ(ភាគច្រើនឆ្អឹងភ្លៅ ឬឆ្អឹងត្រគាក)។

អាការរបស់ការបាក់ឆ្អឹង
-មានការឈឺចាប់នៅត្រង់កន្លែងដែលឆ្អឹងបាក់ ឬនៅជុំវិញកន្លែងដែលរងរបួស។
-មានអាការហើមជុំវិញកន្លែងដែលឆ្អឹងបាក់ មានស្នាមជាំខៀវ និងអាចមានឈាមហូរចេញមក។
-ផ្នែកដែលបាក់ អាចមានលក្ខណៈខុសរូបរាង ខុសទម្រង់ដើមក្រោយការរងរបួស ដូចជា ដៃជើងកោង ខ្លី-វែងជាងខាងដែលប្រក្រតី ឬវៀច រមួលខុសប្រក្រតី។
-អ្នកខ្លះអាចមានឆ្អឹងដែលបាក់ ចាក់ធ្លុះសាច់ចេញមកក្រៅ។
-មិនអាចកម្រើក ឬប្រើការកន្លែងដែលមានការបាក់ឆ្អឹងនោះបានឡើយ។
-អាចមានឮសូរសំឡេងបាក់ឆ្អឹងនៅពេលរងឧប្បត្តិហេតុ និងជួនកាលបើសាកល្បងសង្កត់ស្រាលៗ អាចឮសូរសំឡេងឆ្អឹងសង្កៀតគ្នា។
ការធ្វើបឋមព្យាបាលអាការឆ្អឹងបាក់

ជាមធ្យម មនុស្សយើងនឹងធ្លាប់ទទួលរងការបាក់ឆ្អឹង ប្រមាណជា ២ដងក្នុង ១ជីវិត ទោះជានៅក្នុងប្រទេសដែលអភិវឌ្ឍន៍ហើយក៏ដោយ ដូច្នេះទើបវាមិនមែនជារឿងដែលកើតឡើងដោយកម្រនោះទេ។ នៅពេលវាដូច្នេះ យើងគួរផ្ដល់ភាពសំខាន់ក្នុងការរៀនយល់ដឹងអំពីវិធីការធ្វើបឋមព្យាបាលអាការបាក់ឆ្អឹងយ៉ាងត្រឹមត្រូវ ដើម្បីទុកជួយសង្គ្រោះខ្លួនឯង ក្រុមគ្រួសារ ឬអ្នកដទៃដែលធ្លាក់ក្នុងស្ថានការណ៍អាសន្នបែបនេះ។
១. វាយតម្លៃត្រង់កន្លែងដែលរងរបួស ព្រោះមុខរបួសពីឧប្បត្តិហេតុ មិនបានធានាថា សុទ្ធតែមើលឃើញឆ្អឹងបាក់ទាំងអស់នោះទេ ជាពិសេសនៅលើក្បាល ឆ្អឹងខ្នង ឬឆ្អឹងត្រគាក ទាល់តែមានការថត X-Ray ទើបបញ្ជាក់បានច្បាស់ តែបើសិនសង្ស័យថា មានឆ្អឹងបាក់ ឬប្រេះនៅត្រង់កន្លែងរងរបួសនោះ មិនគួរធ្វើការបំផ្លាស់ទីជនរងគ្រោះជាដាច់ខាត។
២. ទូរស័ព្ទហៅរថយន្តសង្គ្រោះឱ្យបានលឿនបំផុត បើសិនឃើញមានមុខរបួសធ្ងន់ធ្ងរ និងគិតថា ប្រហែលជាមានឆ្អឹងបាក់។

៣. បើឃើញមានចេញឈាម ចូរធ្វើការឃាត់ឈាមមុនគេជានិច្ច។ មិនថាឆ្អឹងនឹងបាក់ ឬក៏អត់នោះទេ ព្រោះថា ការដែលឈាមហូរចេញមកពីសរសៃឈាមធំ អាចនឹងធ្វើឱ្យជនរងគ្រោះស្លាប់ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
៤. តាំងស្មារតី និងពិនិត្យមើលខ្លាចក្រែងជនរងគ្រោះមានអាការភិតភ័យរហូតគាំងបេះដូង ព្រោះប្រតិកម្មភាគច្រើនរបស់ជនរងគ្រោះដែលគេតែងសង្កេតឃើញគឺ មានអារម្មណ៍ភិតភ័យខ្លាំង ភ្ញាក់ផ្អើល និងសន្លប់បាត់ស្មារតី។ អ្នកជួយសង្គ្រោះ គួរនិយាយយ៉ាងជឿជាក់និងលើកទឹកចិត្តជនរងគ្រោះថា ឡានពេទ្យជិតមកដល់ហើយ ហើយអ្វីៗគ្រប់យ៉ាងនឹងមានសុវត្ថិភាព។
ដំបូន្មានសំខាន់ដែលលោកអ្នកចាំបាច់ត្រូវដឹង
-បើចាំបាច់ ត្រូវដោះសម្លៀកបំពាក់ជនរងគ្រោះចេញ គួរប្រើវិធីកាត់តាមគែមថ្នេរខោ ឬអាវ ដោយឱ្យជនរងគ្រោះនៅដេកស្ងៀម ដើម្បីកាត់បន្ថយការធ្វើចលនា ឱ្យបានតិចបំផុត។
-បើឆ្អឹងបាក់ ធ្លុះចេញមកក្រៅសាច់ ហាមទាញឆ្អឹងចូលទៅវិញ ព្រោះនឹងធ្វើឱ្យមេរោគ និងវត្ថុកខ្វក់ផ្សេងៗ ពីខាងក្រៅចូលទៅក្នុងមុខរបួស តែគួរប្រើក្រណាត់ស្អាតបិទមុខរបួស ហើយចងអប និងរង់ចាំរថយន្តសង្គ្រោះ។
-ក្នុងករណីជនរងគ្រោះ បាក់ឆ្អឹងនៅត្រង់ភ្លៅ ឆ្អឹងខ្នង ក្បាល ឬក ឬឆ្អឹងត្រគាក មិនគួរធ្វើចលនារាងកាយជនរងគ្រោះជាដាច់ខាត និងរង់ចាំរហូតរថយន្តសង្គ្រោះមកដល់ ព្រោះការធ្វើចលនាដែលខុសវិធី នឹងធ្វើឱ្យកន្លែងរងរបួស កាន់តែធ្ងន់ធ្ងរឡើង។
-ហាមឱ្យជនរងគ្រោះញ៉ាំទឹក ឬចំណីអាហារ រហូតទាល់តែដល់ដៃគ្រូពេទ្យ ព្រោះជនរងគ្រោះខ្លះ អាចចាំបាច់ត្រូវធ្វើការវះកាត់ ភ្លាមៗ៕

×