មនុស្សជាច្រើន នៅពេលកើតជំងឺ ហើយចង់ឆាប់ជាទៅវិញឱ្យបានលឿនៗនោះ អាចនឹងទៅសំពះអង្វរសុំឱ្យលោកគ្រូពេទ្យ ឱ្យជួយចាក់ថ្នាំឱ្យ ព្រោះគិតថា ថ្នាំចាក់ វាបញ្ចេញឥទ្ធិពលខ្លាំងជាង រហ័សជាង ហើយបន្ទាប់ពីនោះមក ក៏សុំចាក់ថ្នាំជារឿយៗរហូតមក ទោះជាតម្លៃរបស់វា រាងខ្ពស់ជាងថ្នាំលេបក៏ដោយ តែចេះគិតតែខ្លួនឯងថា ឱ្យតែឈឺថ្កាត់ពេលណា មានតែថ្នាំចាក់ទេ ទើបអាចទប់ទល់បាន…តើរឿងនេះ ពិតមែនឬទេ?…តើថ្នាំចាក់ និងថ្នាំលេប ខុសគ្នាយ៉ាងណា?…វាបញ្ចេញឥទ្ធិពល មិនស្មើគ្នាមែនឬ?…ហើយបើសិនចាក់ថ្នាំញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយដែរឬទេ?
ដើម្បីឱ្យបាត់ចម្ងល់នេះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា ដូចខាងក្រោម…។
ថ្នាំចាក់ VS ថ្នាំលេប
ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតថ្នាំស្មើគ្នា វានឹងបញ្ចេញឥទ្ធិពលស្មើគ្នា ដែលតាមគោលការណ៍ការប្រើប្រាស់ថ្នាំវិញនោះ គ្រូពេទ្យតែងនឹកទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង ក្នុងការជ្រើសរើសប្រភេទថ្នាំ ឱ្យទៅអ្នកជំងឺ ខ្លាំងជាងការគិតត្រឹមតែថា ថ្នាំណាឆាប់បញ្ចេញឥទ្ធិពលជាងថ្នាំណាតែម្យ៉ាងនោះ ដូច្នេះហើយ ទើបការប្រើថ្នាំលេប ហាក់ដូចជាមានសុវត្ថិភាពល្អជាង។
គ្រោះថ្នាក់ពីថ្នាំចាក់
ទោះជាថ្នាំចាក់ ឆាប់បញ្ចេញឥទ្ធិពលមែន តែក៏មានភាពប្រថុយប្រថាន ឬភាពប្រឈមមិនតិចឡើយ ព្រោះនៅពេលចាក់ថ្នាំចូលក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅកាន់ប្រព័ន្ធឈាមរត់ បានភ្លាមតែម្ដង ហើយបើសិនរកឃើញថា អ្នកជំងឺមានប្រតិកម្មចាញ់ថ្នាំ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបទៅទៀត។
ក្រៅពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេបទៅទៀត ក្រៅតែពីអស់ថ្លៃចាយវាយលើរឿងថ្នាំដោយឥតប្រយោជន៍ហើយ យើងគួរតែដាស់តឿនខ្លួនឯងថា ថ្នាំចាក់មានគ្រោះថ្នាក់ ជាងថ្នាំលេប។
តើអ្នកជំងឺអាចសុំថ្នាំចាក់ ពីគ្រូពេទ្យដោយខ្លួនឯងបានឬទេ?
ការសុំថ្នាំចាក់ ឬសុំចាក់ថ្នាំ គួរត្រូវបានពិចារណា ដោយលោកគ្រូពេទ្យតែម្នាក់ប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ ចូរកុំចេះតែគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំ ទើបព្យាបាលជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យ ជាអ្នកពិចារណាលើការព្យាបាល ឱ្យយើងវិញទើបជាការប្រសើរជាង៕