ម្ចាស់កសិដ្ឋានម្នាក់ តែងលក់ប៊័រ ១គីឡូក្រាម ឱ្យទៅអ្នកផលិតនំប៉័ងជាប្រចាំ។ ថ្ងៃមួយ អ្នកផលិតនំប៉័ង មានអារម្មណ៍ចង់ថ្លឹងទម្ងន់ប៊័រ ដែលគាត់បានទិញពីម្ចាស់កសិដ្ឋាននោះថា តើមានទម្ងន់ ១គីឡូក្រាម ត្រឹមត្រូវដែរឬទេ។ ពេលនោះ ភ្នែកជញ្ជីងបង្ហាញថា ប៊័រមានទម្ងន់មិនគ្រប់ ១គីឡូក្រាមឡើយ។ វាធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំង ហើយរឿងរ៉ាវប្ដឹងផ្ដល់ ក៏ទៅដល់តុលាការ…។
ចៅក្រម សួរទៅម្ចាស់កសិដ្ឋានថា តើគាត់មានបានប្រើជញ្ជីងថ្លឹងក្នុងការលក់ប៊័រ ដែរឬទេ? ម្ចាស់កសិដ្ឋានឆ្លើយថា «ខ្ញុំមិនមែនជាអ្នកចេះដឹងទេ ជាកសិករធម្មតាៗ ខ្ញុំគ្មានជញ្ជីងថ្លឹង ឱ្យត្រូវតាមទម្ងន់ប៉ាច់ៗនោះទេ តែខ្ញុំមានក្បួនរបស់ខ្ញុំ…» ចៅក្រម សួរបន្តថា «អ៊ីចឹង តើលោកថ្លឹងប៊័រយ៉ាងម៉េច?»
ម្ចាស់កសិដ្ឋានឆ្លើយថា «ដោយសេចក្ដីស្មោះត្រង់ មុនពេលអ្នកផលិតនំប៉័ង គាត់ទិញប៊័រពីខ្ញុំ ខ្ញុំបានទិញនំប៉័ង ១គីឡូពីគាត់…រៀងរាល់ថ្ងៃ ពេលដែលអ្នកផលិតនំប៉័ង យកនំប៉័ងមកឱ្យខ្ញុំ ខ្ញុំតែងថ្លឹងនំប៉័ងនោះ និងលក់ប៊័រ ទៅឱ្យគាត់វិញ ឱ្យត្រូវតាមទម្ងន់នំប៉័ង ដែលខ្ញុំទទួលបាននោះ ដូច្នេះបើចង់រកអ្នកធ្វើខុស ក៏ប្រហែលជាអ្នកលក់នំប៉័ងហើយ»
និទាននេះ ប្រាប់ឱ្យដឹងថា៖ ក្នុងជីវិតមនុស្សយើង បើអ្នកឱ្យអ្វីទៅគេ អ្នកនឹងបានវត្ថុនោះមកវិញ ដូច្នេះកុំព្យាយាម កេងបន្លំគេ៕