កាលពីថ្ងៃទី៨សីហា CNN បានរាយការណ៍ថា រដ្ឋាភិបាលកូរ៉េខាងជើង កំពុងរុះរើសណ្ឋាគារ ហ៊ែគីមកាំង សណ្ឋាគារបណ្ដែតទឹក ដែលមានឈ្មោះល្បីល្បាញ និងកាលពីអតីតកាល ធ្លាប់ទទួលបានការកោតសរសើរថា ជានិមិត្តសញ្ញាសន្តិភាព រវាងប្រទេសកូរ៉េទាំង២ នៅក្នុងទីតាំងដែលរីសត អុនចុងកាក់ រេស្ត ហៅស៍ ឬ Onjonggak Rest House នៅជើងភ្នំគីមកាំង របស់ប្រទេសកូរ៉េខាងជើង។
មន្ត្រីមកពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រាប់ CNN ថា ប្រទះឃើញការងាររុះរើទីតាំងជាច្រើននៅឯភ្នំគីមកាំង។ ព័ត៌មាននេះ កើតឡើងច្រើនខែមកហើយ បន្ទាប់ពីមានរបាយការណ៍ដែលមិនមានការអះអាង បានបញ្ជាក់ថា អគារដែលសាងសង់ឡើងនៅក្នុងរីសត កំពុងស្ថិតក្នុងអំឡុងការរុះរើ ចំណែកឯសណ្ឋាគារ ហ៊ែគីមកាំង បានចាប់ផ្ដើមរុះរើកាលពីខែមេសា។
សណ្ឋាគារ ហ៊ែគីមកាំង ជាសណ្ឋាគារបណ្ដែតទឹកដំបូងគេបង្អស់របស់ពិភពលោក ធ្លាប់ជារីសតទំនើបដែលបណ្ដែតខ្លួននៅលើបណ្ដុំផ្កាថ្ម ហ្គ្រេត ប៊ែរីអើរ៍ របស់ប្រទេសអូស្ត្រាលី មុននឹងត្រូវបំផ្លាស់ទីមកនៅជិតភ្នំគីមកាំង និងបើកទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឆ្នាំ២០០០។
មានរបាយការណ៍ដែលបានអះអាងទៀតថា សំណង់អគារ ដែលអាចត្រូវបំផ្លាញមិនយូរប៉ុន្មានក្នុងសប្ដាហ៍នេះគឺ ទីស្នាក់ការរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដៃ អាសាន់ នៅឯភ្នំគីមកាំង ជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ដែលទទួលខុសត្រូវចាត់ការតំបន់អ្នកទេសចរ ដែលអ្នកនាំពាក្យបញ្ជាក់ថា ដំណើរទេសចរណ៍ភ្នំគីមកាំង បានជួយបង្កើនការស្រុះស្រួលគ្នារវាងប្រទេសកូរ៉េទាំង២ និងមានតួនាទីជាចំណុចសំខាន់ សម្រាប់ការចែករំលែករវាងកូរ៉េទាំង២។
មន្ត្រីថែមទាំងបានបញ្ជាក់ទៀតថា ពួកគេកំពុងអង្កេតតាមដានយ៉ាងដិតដល់ថា តើកូរ៉េខាងជើង នឹងរុះរើមជ្ឈមណ្ឌលរួមញាតិ និងមជ្ឈមណ្ឌលប្រជុំជនគីមកាំងដែរឬទេ? ដោយបានបន្ថែមថា នៅមិនទាន់អាចអះអាងច្បាស់ពីទិន្នន័យនេះបាននៅឡើយទេ។
ទាំងនេះ អុនចុងកាក់ រេស្ត ហៅស៍ ជាទីកន្លែងរៀបចំការជួបជុំសាច់ញាតិមកពីកូរ៉េខាងជើង និងកូរ៉េខាងត្បូង ទីតាំងនោះស្ថិតនៅភាគខាងជើងនៃតំបន់គ្មានយោធាកូរ៉េ (DMC) និងប្រើពេលវេលាធ្វើដំណើរ ៣០នាទី មានការគ្រប់គ្រងចាត់ចែងដោយប្រទេសកូរ៉េទាំង២។
យ៉ាងណាក៏ដោយ ទីតាំងនោះ បានឈប់ទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឆ្នាំ២០១៨ ក្រោយពីទាហានកូរ៉េខាងជើង បានបាញ់សម្លាប់ស្ត្រីកូរ៉េខាងត្បូង ដែលធ្វើដំណើរឆ្លងតំបន់ទេសចរណ៍របស់ភ្នំគីមកាំង និងចូលទៅក្នុងតំបន់យោធា។ ចំណែកការជួបជុំរួមញាតិមកពីកូរ៉េទាំង២ នៅតែបន្តរៀបចំឡើងនៅទីនោះរហូតដល់ឆ្នាំ២០១៨ និងតាំងពីពេលនោះមក ទីតាំងនោះ បានធ្លាក់ចុះទ្រុឌទ្រោម ដោយសារគ្មាការថែទាំ។ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេល ដែលបានទៅដល់ភ្នំគីមកាំងក្នុងឆ្នាំ២០១៩ បានហៅទីតាំងនោះថា “ទ្រុឌទ្រោម” និង “ដើរថយក្រោយ”។
មានរបាយការណ៍ថា កូរ៉េខាងជើងកំពុងមានផែនការក្នុងការជំនួសអគារទាំងអស់នៅឯភ្នំគីមកាំងនោះ ដោយសំណង់ថ្មី ដែលអាចជាសញ្ញាថា រដ្ឋាភិបាលកូរ៉េខាងជើង មានផែនការក្នុងការចាត់ការ និងគ្រប់គ្រងទីតាំងរីសតនោះ ដោយមិនចាំបាច់ទទួលការជួយឧបត្ថម្ភពីអ្នកជិតខាងរបស់ខ្លួន គឺកូរ៉េខាងត្បូងឡើយ៕