តើមានអ្នកណាធ្លាប់បានឮដែរទេថា បើកើតរើម ហើយមានឡើងពងបែកតម្រៀបរៀងគ្នាជាខ្សែ ហើយក្បាល និងកន្ទុយខ្សែ
មកជួបគ្នាជុំវិញ មួយតួខ្លួននោះ អ្នកកើតនោះនឹងស្លាប់។ រឿងនេះស្មេរក៏ធ្លាប់ឮមកតាំងពីក្មេងៗដែរ ដូច្នេះហើយ ទើបថ្ងៃនេះ អ្នកជំនាញខាងរោគសើស្បែក គេមានចម្លើយមកបកស្រាយឱ្យយើង បានដឹងទាំងអស់គ្នាដូចខាងក្រោម…
តើរោគរើម កើតមកពីអ្វី?
រោគរើម កើតឡើងដោយសារមេរោគវីរុសដែលមានឈ្មោះថា Varicella Zoster ជាវីរុសប្រភេទជាមួយគ្នានឹងរោគកញ្រ្ជឹល។ រើមមាន 2ប្រភេទ គឺរើមខ្សាច់ ឬរើមអង្កាម និងរើមដំរី ឬរើមធំ តែរើមដែលបង្កគ្រោះថ្នាក់គឺ រើមដំរី ឬរើមធំ ព្រោះវាជារើមដែលមានឡើងពងបែកធំៗ និងរីករាលដាលឆាប់រហ័ស។
តើមនុស្សប្រភេទណា មានភាពប្រថុយប្រថានក្នុងការកើតរោគរើម?
អ្នកដែលកើតរោគរើម ត្រូវតែធ្លាប់កើតរោគកញ្រ្ជឹលពីមុនមក លុះនៅពេលជាហើយ មេរោគវីរុសនោះ នឹងទៅពួនសម្ងំនៅក្នុងបណ្តុំសរសៃប្រសាទក្រោមស្បែក ពេលខ្លះនឹងបង្កប់ខ្លួនក្នុងអាការស្ងប់ស្ងាត់ រហូតដល់ពេលរាងកាយមានប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ ដូចជា អាយុច្រើនឡើង មានអារម្មណ៍តានតឹងធុញថប់ញឹកញាប់ ធ្វើការធ្ងន់ សម្រាកមិនបានគ្រប់គ្រាន់ មានផ្ទុកមេរោគអេដស៍ កើតរោគមហារីក ឬកំពុងទទួលថ្នាំសង្កត់ប្រព័ន្ធប្រឆាំងជំងឺ ដើម្បីព្យាបាលរោគផ្សេងទៀតនោះ មេរោគដែលកំពុងបង្កប់ខ្លួននោះ ក៏នឹងបង្កើនចំនួនឡើង និងពង្រាយខ្លួនក្នុងបណ្តុំប្រសាទ ធ្វើឱ្យសរសៃប្រសាទរលាក និងកើតចេញជារោគរើម។
តើរោគរើមមានអាការយ៉ាងណាខ្លះ?
ក្នុងអំឡុងពេលមុនពេលពងបែកកើតឡើង ១-៣ថ្ងៃ អ្នកកើតរោគរើមនឹងមានអាការរមាស់ឈឺផ្សា រួចទើបចាប់ផ្តើមឡើងដោយពងទឹកថ្លាៗ ល្អិតៗ ស្រដៀងនឹងចែងថ្ងៃ បណ្តាលឱ្យសង្កៀរក្រហាយ ឈឺក្តៅស្រដៀងរលាកភ្លើង ជាពិសេសបរិវេណសរសៃប្រសាទម្តុំឆ្អឹងជំនី ផ្ទៃមុខ ដៃ ជើង បន្ទាប់ពីនោះនឹងចាប់ផ្តើមរីករាលដាលធំ និងវែងឡើង។
តើរោគរើម មានគ្រោះថ្នាក់ដល់ជីវិតដែរឬទេ?
តាមពិតទៅ រោគរើមមិនបានធ្ងន់ធ្ងរ ដល់ថ្នាក់ធ្វើឱ្យយើងស្លាប់បាត់បង់ជីវិតនោះទេ បើសិនជាប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកកើតរើមនោះល្អឡើងវិញ រាងកាយក៏នឹងអាចតតាំង ទប់ទល់មេរោគវីរុសនោះ ហើយនឹងជាសះទៅវិញបាន ដោយឯកឯងក្នុងរយៈពេល ១០-១៥ ថ្ងៃ។
ដូច្នេះហើយ ជំនឿដែលថា រើមឡើងជុំវិញខ្លួន ហើយនឹងធ្វើឱ្យស្លាប់ គឺជារឿងមិនពិតទេ។
ការការពារ មិនឱ្យកើតរោគរើម
គឺថែរក្សារាងកាយឱ្យស្អាតបាត មានអនាម័យ និងរឹងប៉ឹងមាំមួន ដោយការហាត់ប្រាណឱ្យបានជាប់ជានិច្ច និងគេងសម្រាកឱ្យបានគ្រប់គ្រាន់ តែប៉ុណ្ណឹងក៏អាចជួយការពាររោគរើមមិនឱ្យកើតឡើងបានហើយ៕