Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ មែនឬ ដែលថា ដុសសម្អាតធ្មេញ ក្រោយញ៉ាំបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

កាលពីថ្ងៃមុន ឃើញមិត្តរួមការងាររបស់ខ្ញុំម្នាក់ ពេលញ៉ាំបាយហើយ ក៏ក្រោកទៅចាប់យកច្រាសដុសធ្មេញ ចូលបន្ទប់ទឹកភ្លាមតែម្ដង យើងក៏នឹកស្ងើចសរសើរគាត់ ពីរឿងដែលគាត់ម៉ឺងម៉ាត់ ហ្មត់ចត់ក្នុងការថែទាំសុខភាពប្រអប់មាត់របស់ខ្លួនបានយ៉ាងល្អ ព្រោះខ្ញុំខ្លួនឯងមិនសូវដែលបានធ្វើបែបហ្នឹងឡើយ។ តែក៏គួរឱ្យនឹកសង្ស័យដែរថា ខ្ញុំជាមនុស្សម្នាក់ ដែលមិនធ្លាប់ដុសធ្មេញលើសពី ២ដងឡើយ ក្នុង ១ថ្ងៃ តែគ្រូពេទ្យបានប្រាប់ថា ខ្ញុំស្ទើរតែគ្មានធ្មេញណាមួយពុកឡើយ កំណកកំបោរក៏មិនសូវមានដែរ តែមិត្តរួមការងាររបស់ខ្ញុំម្នាក់នោះ បែរជាមានធ្មេញពុកច្រើន និងថែមទាំងមានបញ្ហា រឿងការស្រៀវធ្មេញញឹកញាប់ទៀតផង។

ឬមួយក៏…ការដុសសម្អាតធ្មេញក្រោយញ៉ាំបាយហើយភ្លាម មិនល្អចំពោះសុខភាពធ្មេញដូចដែលយើងគិត?
មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានអាហារប្រភេទទឹកផ្លែឈើ ទឹកភេសជ្ជៈកំប៉ុង ឬអាហារ និងភេសជ្ជៈដែលមានសារធាតុអាស៊ីតស្រាលៗ និងមានជាតិស្ករខ្ពស់ នឹងធ្វើឱ្យសារធាតុស្រោបធ្មេញផ្នែកខាងក្រៅ បន្ទន់ខ្លួនយូរ ចាប់ពី ១០នាទីរហូតទៅដល់ ១ម៉ោង ដូច្នេះក្នុងអំឡុងពេលដែលសារធាតុស្រោបធ្មេញនោះកំពុងបន្ទន់ខ្លួន បើយើងធ្វើការដុសសម្អាតធ្មេញភ្លាម វានឹងក្លាយជាមូលហេតុធ្វើឱ្យសារធាតុស្រោបការពារសាច់ធ្មេញនោះងាយរបូតចេញ ឬសឹកអស់បាន។
នៅពេលសារធាតុស្រោបការពារធ្មេញនោះរបូតចេញ ឬសឹកអស់ ធ្វើឱ្យធ្មេញលែងរឹងមាំ អាចប្រថុយនឹងការកើតអាការស្រៀវធ្មេញ និងធ្មេញសឹកកាន់ខ្លាំងឡើង រហូតឈានទៅកាន់តែងាយពុកធ្មេញឡើងទៀតផង។

ដូច្នេះ បើអ្នកណាដែលនៅតែចង់ដុសសម្អាតធ្មេញ ដើម្បីសុខភាពដ៏ល្អរបស់ប្រអប់មាត់ ក្នុងអំឡុងពេលថ្ងៃនោះ មានដំបូន្មានល្អៗដូចខាងក្រោមនេះ៖
១.ដុសសម្អាតធ្មេញដោយថ្នាំដុសធ្មេញ ដែលមានផ្សំដោយ ហ្វ្លូ័រអូរ៉ាយដ៍ មុនទទួលទានអាហារប្រភេទភេសជ្ជៈទឹកផ្លែឈើក្រឡុក ទឹកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈ និងអាហារដែលមានរសជាតិជូរ និងផ្អែមខ្លាំង។
២.ខ្ពុរមាត់ដោយទឹកស្អាតភ្លាមៗ ក្រោយពេលញ៉ាំអាហារទាំងអស់នោះហើយភ្លាម អាចនឹងខ្ពុរមាត់ដដែលៗបាន ហើយសម្រាកប្រមាណជា ១ម៉ោង រួចសឹមក្រោកទៅដុសសម្អាតធ្មេញ។

៣.ជ្រើសរើសប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញដោយថ្នមៗដៃ តែដុសសម្អាតឱ្យបានយូរឡើង ល្អជាងដុសបែបខ្លាំងៗ និងលឿនៗឆាប់ហើយ។
៤.ក្រោយពេលដុសធ្មេញ អាចខ្ពុរខ្ជាក់ត្រឹមតែពពុះថ្នាំដុសធ្មេញចេញ ដោយមិនបាច់ខ្ពុរនឹងទឹកស្អាតទៀតក៏បាន តែបើមានអារម្មណ៍ថា មិនស្រួលក្នុងមាត់ ចូរខ្ពុរមាត់នឹងទឹកស្អាតតែម្ដងបានហើយ ដើម្បីឱ្យសារធាតុ ហ្វ្ល័រអូរ៉ាយដ៍ នៅដិតជាប់នឹងធ្មេញឱ្យបានច្រើនបំផុត។
ត្រឹមតែតិចនិកងាយៗប៉ុណ្ណឹង លោកអ្នកក៏នឹងមានសុខភាពធ្មេញដែលល្អ ដោយមិនចាំបាច់ទៅជួបពេទ្យធ្មេញញឹកញាប់បានបាត់ទៅហើយ៕

×