Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ តើអាការញាក់ភ្នែក ពាក់ព័ន្ធនឹងសុខភាព ឬលាភសំណាង?

ញាក់ភ្នែក អាការនេះយើងទាំងអស់គ្នា ធ្លាប់ស្គាល់ច្បាស់ណាស់ ជាពិសេសត្រង់ដែលគេប្រាប់ថា បើញាក់ភ្នែកខាងឆ្វេង គឺប្រផ្នូលល្អ តែបើញាក់ភ្នែកខាងស្តាំវិញ បញ្ជាក់ថា រឿងមិនល្អកំពុងតែជិតកើតឡើងហើយ តែចំពោះរឿងសុខភាពវិញ តើញាក់ភ្នែក ជារោគសញ្ញាប្រាប់ពីជំងឺណាមួយ ឬគ្រាន់តែជាភាពខុសប្រក្រតីបន្តិចបន្តួចរបស់រាងកាយ?

ញាក់ភ្នែកកើតមកពីអ្វី?
ញាក់ភ្នែក ឬស្បែកភ្នែកញាក់ មិនថាញាក់ភ្នែកឆ្វេង ឬស្តាំនោះទេ ខាងវេជ្ជសាស្ត្រ បានចាត់ទុកថា ជាអាការញាក់ភ្នែក បណ្តាលមកពីសាច់ដុំនៅម្តុំបរិវេណភ្នែកពង្រឹងខ្លួន ដែលកើតចេញពីការញាក់ខុសប្រក្រតីរបស់សរសៃប្រសាទនៅម្តុំនោះ ដោយបច្ច័យ
ដែលធ្វើឱ្យកើតអាការញាក់ភ្នែកនេះ មានទាំងការគេងសម្រាកមិនបានគ្រប់គ្រាន់ ការទទួលទានទឹកតែ ឬកាហ្វេក្នុងបរិមាណច្រើនជ្រុលពេក ឬមានភាពតានតឹងធុញថប់ និងកង្វល់ក្នុងអារម្មណ៍ ក៏ធ្វើឱ្យភ្នែកញាក់ទាំងឆ្វេង ទាំងស្តាំបានដែរ។

ញាក់ភ្នែកញឹកញាប់ និងច្រើនថ្ងៃ ប៉ះពាល់ដល់សុខភាពដែរឬទេ?
អាការញាក់ភ្នែក ទោះបីគ្រាន់តែជាភាពខុសប្រក្រតី ក្នុងអំឡុងពេលខ្លីៗក៏ពិតមែន ប៉ុន្តែលោកវេជ្ជបណ្ឌិតជំនាញផ្នែកចក្ខុសាស្ត្របានប្រាប់ថា បើសិនជាភ្នែកញាក់ញឹកញាប់ និងយូរលើស ១សប្តាហ៍ ឬមានអាការញាក់ភ្នែក រួមជាមួយការញាក់របស់សាច់ដុំនៅកន្លែងផ្សេងទៀត ដូចជារង្វះមាត់ និងថ្ពាល់ និងមានអាការភ្នែកក្រហម និងមានចេញអាចម៍ភ្នែក រួមទាំងបើសិនការញាក់ភ្នែកនោះ មានសភាពធ្ងន់ធ្ងរ ដល់ថ្នាក់ធ្វើឱ្យស្បែកភ្នែកបិទជិតផងនោះ ករណីទាំងនេះគ្រូពេទ្យជំនាញខាងភ្នែក បានណែនាំឱ្យប្រញាប់មកពិនិត្យអាការនៅមន្ទីរពេទ្យ ដើម្បីរកពីមូលហេតុពិតប្រាកដ។

តើញាក់ភ្នែកបែបណា ទើបចាត់ទុកថា កើតជំងឺ?
វេជ្ជបណ្ឌិតជំនាញខាងភ្នែកបានរៀបរាប់ថា អាការញាក់ភ្នែក អាចចាត់ចូលក្នុងក្រុមជំងឺបានដូចគ្នា ដោយហៅថា
Essential Blepharospasm ដែលអ្នកជំងឺនឹងមានអាការញាក់ភ្នែក ចំពោះតែបរិវេណស្បែកភ្នែកតែម្យ៉ាង និងច្រើនតែញាក់តែម្ខាងប៉ុណ្ណោះក្នុងរយៈដំបូងៗ ប៉ុន្តែបន្ទាប់ពីញាក់យូរៗម្តង តមក ភ្នែកនឹងញាក់ញឹកញាប់ឡើង មានភាពខ្លាំងក្លាឡើង និងចាប់ផ្តើមរាលដាល
ទៅញាក់លើភ្នែកម្ខាងទៀត ដែលគ្រូពេទ្យបានប្រាប់ថា ជាជំងឺដែលគ្មានមូលហេតុ និងអាចគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់អាចសាងភាពរំខាន និងសាងឧបសគ្គ ក្នុងការរស់នៅបន្តិចបន្តួចប៉ុណ្ណោះ។

អូខេ! ស្គាល់ពីមូលហេតុរបស់ការញាក់ភ្នែករួចហើយ ឥឡូវយើងនាំគ្នាមកមើលពីជំនឿ និងពាក្យទំនាយ អំពីការញាក់ភ្នែកនេះវិញម្តង…
*ញាក់ភ្នែកនៅពេលព្រឹក(ចាប់ពីពេលភ្ញាក់ពីគេង ជិតភ្លឺ)
-ញាក់ភ្នែកខាងស្តាំ៖ នឹងមានញាតិមិត្តបងប្អូន ពីស្រុកឆ្ងាយមករក។
-ញាក់ភ្នែកខាងឆ្វេង៖ នឹងមានការឈ្លោះប្រកែកតវ៉ា ឬមានរឿងក្តៅក្រហាយកើតឡើង។

*ញាក់ភ្នែកនៅពេលព្រឹក(ម៉ោង៩.០០-១២.០០)
-ញាក់ភ្នែកខាងស្តាំ៖ នឹងមានញាតិមិត្តបងប្អូនពីស្រុកក្រៅ ឬពីតាមខេត្ត នាំលាភមកឱ្យ។
-ញាក់ភ្នែកខាងឆ្វេង៖ នឹងមានកើតរឿងមិនល្អនៅក្នុងក្រុមគ្រួសារ។

*ញាក់ភ្នែកនៅពេលរសៀល(១៣.០០-១៦.០០)
-ញាក់ភ្នែកខាងស្តាំ៖ រឿងដែលកំពុងគិត ឬកំពុងធ្វើ នឹងទទួលបានជោគជ័យ។
-ញាក់ភ្នែកខាងឆ្វេង៖ នឹងមានមនុស្សភេទផ្ទុយ នឹកដល់ ឬអាចនឹងមករក។

*ញាក់ភ្នែកនៅពេលល្ងាច(១៧.០០-១៩.០០)
-ញាក់ភ្នែកខាងឆ្វេង៖ នឹងមានសាច់ញាតិបងប្អូន ឬមិត្តជិតដិត ដែលនៅឆ្ងាយមកលេង។
-ញាក់ភ្នែកខាងស្តាំ៖ នឹងបានជួបសាច់ញាតិ ឬមិត្តភក្តិ ដែលបែកគ្នាយូរដោយមិននឹកស្មានដល់។

*ញាក់ភ្នែកនៅពេលយប់(ចាប់ពីម៉ោង១៩.០០តទៅ)
-ញាក់ភ្នែកខាងឆ្វេង៖ នឹងមានដំណឹងល្អ មកដល់នៅពេលព្រឹកស្អែកឡើង ឬនឹងបានទទួលលាភ ពីស្នាដៃដែលបានធ្វើពីមុន។
-ញាក់ភ្នែកខាងស្តាំ៖ នឹងមានរឿងឈ្លោះប្រកែកជាមួយមនុស្សក្នុងគ្រួសារ។

ញាក់ភ្នែកខាងឆ្វេង ឬខាងស្តាំ គឺគ្រាន់តែជាអាការខុសប្រក្រតីរបស់សាច់ដុំភ្នែកប៉ុណ្ណោះ តែបើអ្នកណាជឿលើពាក្យចាស់បុរាណ ដែលប្រាប់ថា ជាប្រផ្នូលអាក្រក់ ឬប្រាប់ពីដំណឹងល្អនោះ វាក៏មិនមែនជារឿងប្លែកអ្វីដែរ គ្រាន់តែកុំទៅជឿជ្រុលពេក រហូតដល់ភ្លេចសង្កេតមើលភាពខុសប្រក្រតីរបស់រាងកាយទៅបានហើយ៕

×