តើយើងទាំងអស់គ្នា ដែលធ្លាប់សង្កេតមើល អ្នកគេងនៅជិតៗយើងខ្លះទេថា តើហេតុអី បានជាគេសង្កៀតធ្មេញ នៅពេលគេងលក់?…មានការសិក្សាស្រាវជ្រាវមួយ បានព្យាយាមអធិប្បាយពន្យល់ អំពីមូលហេតុរបស់អាការគេងលក់ ហើយសង្កៀតធ្មេញនេះ ថាតើមានវាផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងមួយចំនួន បានអះអាងរួចហើយថា ស្ថានភាពផ្លូវចិត្ត និងអារម្មណ៍ មានចំណែកពាក់ព័ន្ធនឹងការគេងសង្កៀតធ្មេញនេះ។
កម្រិតរបស់ការគេងសង្កៀតធ្មេញនេះ មានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយវានឹងមានចំណែកពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសម្ពាធផ្លូវចិត្តផ្សេងៗ ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលប្រឡងជ្រើសរើសអ្វីមួយ។
អាការគេងសង្កៀតធ្មេញនេះ អាចមានមូលហេតុមកពីថ្នាំ ដែលទទួលទានក៏អាចមានដែរ តែស្ថិតក្នុងភាគរយតិចបំផុត ក្រៅពីនេះ នៅមានរបាយការណ៍ដោយឡែកមួយទៀតបានប្រាប់ថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។
អ្នកគេងសង្កៀតធ្មេញភាគច្រើនមិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនេះឡើយ គេសង្កេតឃើញថា មានត្រឹមតែ ១០% នៃចំនួនមនុស្សធំ និង ៥% នៃចំនួនកុមារប៉ុណ្ណោះ ដែលដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញ តែមួយចំនួនទៀត អាចដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញ តាមរយៈមិត្តភក្តិ ឬអ្នកដែលគេងក្បែរ គេប្រាប់ឱ្យដឹង។
មូលហេតុរបស់ការគេងសង្កៀតធ្មេញ៖ បណ្ដាលមកពីភាពតានតឹងធុញថប់ និងមូលហេតុមួយទៀត គឺមកពីប្រអប់មាត់ដោយផ្ទាល់ ដែលធ្មេញរវាងជួរខាងក្រោម ជាមួយជួរខាងលើ មានចន្លោះ ដោយសារការធ្វើធ្មេញ ប៉ះធ្មេញ ឬទៅពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាបខ្ពស់មិនស្មើគ្នានៅត្រង់នោះដោយការសង្កៀតគ្នា។
ផលអាក្រក់ពីការគេងសង្កៀតធ្មេញ៖ នឹងធ្វើឱ្យធ្មេញឆាប់សឹករេចរឹលអស់ជារឿយៗ និងក្នុងករណីដែលសង្កៀតធ្មេញខ្លាំងៗ ធ្មេញនឹងសឹកចូលដល់ប្រហោងសរសៃប្រសាទធ្មេញ ធ្វើឱ្យស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឫសធ្មេញនៅទីបំផុត។
វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញៈ ក្នុងករណីដែលបណ្តាលមកពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយអារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីបញ្ចេញសារធាតុអេនដូហ្វ៊ីន ឱ្យរាងកាយមានសារធាតុនៃសេចក្តីសុខ។ អាការគេងសង្កៀតធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ ១០០% បានទេ តែមានវិធីជួយសម្រាល មិនឱ្យធ្មេញសឹករេចរឹលខ្លាំងបាន។
លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថា តើខ្លួនឯងគេងសង្កៀតធ្មេញ ឬក៏អត់នោះ ចូរសួរអ្នកដែលគេងក្បែរ ឬទៅជួបលោកគ្រូពេទ្យ ដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀត ដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះ គឺនៅពេលភ្ញាក់ឡើង មានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺរាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថា ចុករួយ-ក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេង ក្បាលធ្លាក់ពីលើខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕