ក្រមុំចិន រៀបចំពិធីមង្គលការ តែមិនបបួលពួកម៉ាកស្រី មកធ្វើជាអ្នកកំដរទេ បែរជាបបួលមិត្តភក្តិប្រុសៗមកធ្វើតួនាទីនេះទៅវិញ ពេលតុបតែងមុខមាត់ ធ្វើសក់រួចហើយ ស្អាតៗយ៉ាងនឹកស្មានមិនដល់…
កាលពីពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយ ត្រូវបានគេចាប់អារម្មណ៍ និងនិយាយដល់រឿងនេះយ៉ាងច្រើនសន្ធឹកនៅក្នុងបណ្ដាញសង្គម។ ជាឃ្លីបវីដេអូរបស់ក្រុមមិត្តភក្តិអ្នកកំដរកូនក្រមុំទាំង ៣នាក់ ដែលស្លៀកឈុតទទួលភ្ញៀវ តុបតែងមុខមាត់ និងធ្វើសក់យ៉ាងស្អាតប្រិមប្រិយ មានកាយវិការអៀនប្រៀនបន្តិចបន្តួច តែពេលអ្នកទស្សនាសម្លឹងមើលឱ្យច្បាស់មែនទែនទៅ ទើបជាដឹងថា ការពិតអ្នកកំដរកូនក្រមុំទាំង ៣នាក់នោះ សុទ្ធតែជាមនុស្សប្រុសទាំងអស់…Oh my God!!
ពិធីមង្គលការនោះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៩ មេសាកន្លងទៅ នៅឯទីក្រុងភីងទីងសាន មណ្ឌលហ៊ើណាន ដោយកូនក្រមុំម្នាក់នេះ មានគំនិតខុសប្លែកពីអ្នកដទៃ គឺ ជំនួសឱ្យការដែលនាងទៅបបួលមិត្តភក្តិ ដែលជាស្រី ឬបងប្អូនស្រីៗដូចគ្នា មកធ្វើជាអ្នកកំដរ តែ នាងបែរជាទៅជ្រើសរើសយកមិត្តភក្តិប្រុសៗ ដែលជិតដិតគ្នាតាំងពីក្មេងមក ឱ្យមកបំពេញតួនាទីនេះទៅវិញ។
អ្នកកំដរកូនក្រមុំទាំង ៣នាក់ ស្លៀកឈុតដ្រេស ពណ៌ផ្កាឈូកស្រស់ដ៏ផ្អែមល្ហែម ពាក់សក់ក្លែងក្លាយវែង រួញតិចៗ ពាក់ស្បែកជើងបាតា ជំនួសឱ្យស្បែកជើងកែងចោត ព្រោះខ្លាចស្អាត លេចធ្លោជាងកូនក្រមុំ ឈរនៅក្បែរកូនក្រមុំដោយឫកពាអឹមអៀន ផ្ទុយគ្នាស្រឡះពីស្នាមសាក់នៅលើដៃ ដ៏គួរឱ្យញញើត។
ភ្ញៀវដែលមកចូលរួមពិធី នាំគ្នានឹកចម្លែកចិត្ត ដែលឃើញអ្នកកំដរកូនក្រមុំបែបនេះ ម្នាក់ៗនាំគ្នាទាញទួរស័ព្ទ ចេញមកថតរូបគ្រប់ៗគ្នា។
ទោះជាមិនមានការបញ្ជាក់ពីមូលហេតុពិត នៃការយកមនុស្សប្រុស មកធ្វើជាអ្នកកំដរកូនក្រមុំក៏ដោយ តែអ្នកដែលបានឃើញជាច្រើននាក់ យល់ឃើញថា ជួនកាលកូនក្រមុំម្នាក់នេះ អាចប្រហែលជាមិនមានបងស្រី ឬប្អូនស្រី ឬមិត្តភក្តិ ដែលនឹងមកបំពេញតួនាទីត្រង់នេះបាន។ ចំណែកអ្នកខ្លះ យល់ឃើញថា អាចជាការការពារបញ្ហាអ្វីម្យ៉ាង ដែលអាចនឹងកើតឡើងចំពោះកូនក្រមុំ ព្រោះនៅក្នុងទំនៀមទម្លាប់ការរៀបមង្គលការនៅកន្លែងខ្លះរបស់អ្នកស្រុកចិន អ្នកកំដរកូនក្រមុំ មានតួនាទីថែទាំការពារកូនក្រមុំ ដែលអាចហៅបានថា មានចំណែករួម ស្ទើរតែគ្រប់យ៉ាងក្នុងពិធីនេះ ដូចជា ការផឹកស្រាជំនួសកូនក្រមុំ លេងហ្គេមផ្សេងៗ ដែលបង្កើតឡើង ដើម្បីចម្អន់លេងជាមួយគូស្វាមីភរិយាថ្មោងថ្មី ដែលជួនកាលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុបាន។
តែយ៉ាងណាក្ដី អ្នកលេងអ៊ីនធើណិតជាច្រើន បានបញ្ចេញយោបល់ កោតសរសើរអ្នកកំដរកូនក្រមុំទាំង ៣នាក់នោះ ដែលមានមិត្តភាពនឹងគ្នាដ៏សែនស្អិតល្មួត ដល់ថ្នាក់សុខចិត្តតែងខ្លួនជាស្រី ដើម្បីជួយមិត្តភក្តិ ព្រមទាំងនិយាយទៀតថា ប្រហែលជាគ្មានអ្នកណាធ្វើដូចអ្នកកំដរកូនក្រមុំ ១ក្រុមនេះបានទេ មើលទៅ…៕