ក្នុងសង្គមបច្ចុប្បន្ននេះ មានតែការប្រកួតប្រជែង ធ្វើឱ្យការរស់នៅពី ១ថ្ងៃទៅ១ថ្ងៃ របស់មនុស្សគ្រប់រូប ត្រូវតែប្រញាប់ប្រញាល់ទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យសុខភាពរបស់មនុស្សនៅក្នុងសង្គមកាន់តែយ៉ាប់ឡើងៗ ហើយបញ្ហាខាងសុខភាពដែលជួបប្រទះញឹកញាប់នោះគឺ ការកើតដំបៅក្នុងក្រពះ ឬពោះវៀនតូចផ្នែកខាងគល់ ដែលជាទូទៅយើងតែងនាំគ្នាហៅថា “ជំងឺក្រពះ”។
ជំងឺក្រពះ ជាជំងឺមួយដែលជួបប្រទះញឹកញាប់ វាហាក់ដូចជាមនុស្សទូទៅមានឱកាសកើតរោគនេះក្នុងអំឡុងពេលណាមួយរបស់ជីវិតក៏បាន ដោយការកើតដំបៅក្នុងក្រពះនេះ ច្រើនជួបនៅលើមនុស្សវ័យកណ្តាល ខណៈដែលការកើតដំបៅនៅលើផ្នែកគល់នៃពោះវៀនតូច ច្រើនជួបប្រទះនៅលើមនុស្សវ័យកំលោះក្រមុំ។ យ៉ាងណាក៏ដោយ ការកើតដំបៅនៅក្នុងក្រពះ ឬដំបៅនៅលើគល់ពោះវៀនតូច អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ និងគ្រប់វ័យ។
មូលហេតុ បណ្តាលមកពីការហូរចេញមកនៃអាស៊ីតក្នុងក្រពះច្រើនជ្រុលពេក រួមជាមួយភាពទប់ទល់នឹងអាស៊ីតរបស់សាច់ភ្នាសក្រពះ និងពោះវៀនថយចុះ ទើបធ្វើឱ្យមានដំបៅកើតឡើង និងបច្ចុប្បន្ន គេនៅរកឃើញទៀតថា មានបច្ច័យបន្ថែមផ្សេងទៀតជាច្រើនដែលធ្វើឱ្យកើតជំងឺក្រពះ។
អាការរបស់ជំងឺក្រពះច្រើនតែមានអាការឈឺផ្សារ ឈឺអួល ចុកណែននៅម្តុំចុងដង្ហើម។ អាការឈឺចុកទាំងនេះ អាចកើតឡើងទាំងមុនពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហាររួចថ្មីៗ និងពេលពោះទំនេរ ដូចជា ពេលឃ្លានបាយ ពេលព្រឹកព្រលឹម ឬពេលយប់ជ្រៅ ក៏អាចឈឺចុកបានដូចគ្នា។ អាការឈឺបាត់ ឈឺបាត់ កើតឡើងក្នុង ១ថ្ងៃច្រើនដង ឬតាមពេលបាយ និងពេលឈឺចុកម្តងៗ យូរប្រមាណជា ១៥-៣០នាទី ហើយអាការនឹងធូស្រាលទៅវិញ បើបានញ៉ាំអាហារ ញ៉ាំទឹកដោះគោ ឬញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ។
ការមើលថែទាំខ្លួន
១.ទទួលទានអាហារឱ្យទៀងពេល។
២.ទទួលទានអាហារណា ដែលក្រពះងាយស្រួលរំលាយ និងគួរទំពារឱ្យម៉ដ្ឋមុននឹងលេបចូលទៅក្នុងក្រពះ។
៣.ចៀសវាងពីអ្វីដែលធ្វើឱ្យឈឺក្រហាយក្រពះ ដូចជាថ្នាំបំបាត់ការឈឺចាប់សន្លាក់ ថ្នាំអាស្ពីរីន ទឹកភេសជ្ជៈដែលមានជាតិហ្គាស អាហារដែលមានរសជាតិខ្លាំងៗ(ហឹរខ្លាំង ប្រៃខ្លាំង ជូរខ្លាំង ជាដើម) ភេសជ្ជៈដែលមានជាតិអាល់កុល និងកាហ្វេអ៊ីន ដូចជា សូកូឡា តែ កាហ្វេ ជាដើម។
៤.តមជក់បារី។
៥.អាហារដែលត្រូវទទួលទានក្នុង ១ពេលៗ មិនគួរមានបរិមាណច្រើនជ្រុលពេកទេ។
៦.បើមានអារម្មណ៍ថា ធុញថប់តានតឹង ចូរព្យាយាមកាត់បន្ថយ ដូចជា ការមើលកុន ស្តាប់ចម្រៀង ធ្វើសមាធិ ហ្វឹកហាត់សម្រួលសាច់ដុំ ជាដើម។
៧.ឧស្សាហ៍ហាត់ប្រាណ។
៨.ទទួលទានថ្នាំបញ្ចុះអាស៊ីតក្នុងក្រពះ ថ្នាំទឹក ១- ២ស្លាបព្រាបាយ ឬថ្នាំគ្រាប់ ១- ២គ្រាប់(ទំពាមុនលេប) ១ថ្ងៃ ៤ដង
ព្រឹក-ថ្ងៃ-ល្ងាច ក្រោយពេលបាយ ១ម៉ោង និងមុនចូលគេង។ ករណីមានអាការចុកពោះមុនពេលត្រូវញ៉ាំថ្នាំ អាចញ៉ាំបន្ថែមបាន និងគួរទទួលទានថ្នាំឱ្យបានទៀងទាត់យ៉ាងហោចណាស់ ៤- ៨សប្តាហ៍។
៩.បើប្រតិបត្តិតាមចំណុចខាងលើហើយ អាការនៅតែមិនប្រសើរឡើងនោះ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យរោគឱ្យបានច្បាស់លាស់៕