Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើនឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅ តែក្នុងកន្លែងដែលមានម្លប់រហូត?

ធាតុអាកាសក្ដៅហែងដូចនៅក្នុងប្រទេសយើង ធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើន នាំគ្នារត់ចូលទៅរកកន្លែងម្លប់ៗនៅក្នុងអគារ។
មនុស្សជាច្រើនចេញពីផ្ទះតាំងពីព្រះអាទិត្យមិនទាន់រះ និងនៅតែក្នុងអគារពេញ ១ថ្ងៃ រហូតដល់ពេលត្រឡប់ទៅផ្ទះវិញ ក៏នៅក្នុងរថយន្តទៀត ឬទម្រាំតែដល់ពេលត្រឡប់ទៅផ្ទះវិញ ព្រះអាទិត្យលិចបាត់ទៅហើយក៏មាន។ អាជីពជាច្រើនត្រូវពាក់អាវធំ អាវដៃវែងក្រាស់ៗ បិទបាំងស្បែកពីកម្ដៅថ្ងៃ។ ថ្ងៃសៅរ៍-អាទិត្យ ក៏ជ្រើសរើសក្នុងការណាត់ជួបមិត្តភក្តិនៅពេលយប់ ច្រើនជាងពេលថ្ងៃទៀតផង ដូច្នេះហើយទើបទង្វើទាំងអស់នេះ ក្លាយជាចំណុចមួយដែលពិសោធបានថា ទោះជាប្រទេសយើងមានពន្លឺថ្ងៃពេញ ១ឆ្នាំទល់ ១ឆ្នាំក៏ដោយ ក៏ប្រជាជនយើងជាច្រើន នៅតែគេចចៀសពីការធ្វើឱ្យសាច់ស្បែកប៉ះនឹងកម្ដៅថ្ងៃដែរ ព្រោះតែការនិយមចូលចិត្តស្បែកសស្អាត ខ្លាចកម្ដៅថ្ងៃ ខ្លាចខ្មៅ ខ្លាចកើតមហារីកស្បែក និងមានវិធីការរស់នៅដែលធ្វើឱ្យសាច់ និងស្បែក មិនសូវបានប៉ះពាល់នឹងពន្លឺថ្ងៃទៀតផង។

ឥឡូវនេះ យើងនាំគ្នាមកនិយាយអំពីចំណុចមិនល្អមួយចំនួន ដែលអាចកើតឡើង នៅពេលដែលយើងរស់នៅតែក្នុងទីម្លប់វិញល្អជាង…។ នៅពេលណាក៏ដោយ ដែលសាច់ និងស្បែករបស់យើងស្ទើរតែមិនបានប៉ះនឹងពន្លឺព្រះអាទិត្យនាពេលព្រឹក និងប៉ះតែជាមួយពន្លឺភ្លើងនៅក្នុងអគារ រាងកាយយើងអាចនឹងឈានឆ្ពោះទៅរកសភាវប្រឈមនឹងការស្ទើរ វីតាមីន D (សភាវស្ទើរ គឺមិនខ្វះទេ តែមានតិចខ្លាំង រហូតសឹងតែមិនគ្រប់គ្រាន់) និងអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ក្នុងប្រទេសយើង មានពន្លឺថ្ងៃពេញ ១ឆ្នាំគ្រប់រដូវកាល តែបែរជានៅតែឃើញមានអ្នកស្ទើរវីតាមីន D ច្រើនដដែល។

នៅពេលរាងកាយស្ថិតក្នុងសភាវស្ទើរ ឬខ្វះវីតាមីន D តើវានឹងកើតផលអាក្រក់ដល់រាងកាយមនុស្សយើងយ៉ាងណាខ្លះ?
ចាប់ផ្ដើមតាំងពីរឿងរបស់បណ្ដុំគ្រោងឆ្អឹង និងសាច់ដុំដែលអាចនឹងមិនរឹងមាំពេញលេញ ស្មើនឹងអ្នកដែលបានទទួលវីតាមីន Dច្រើនគ្រប់គ្រាន់ ដូច្នេះទើបអាចនឹងមានសាច់ដុំមិនមាំមួន រហូតប្រឈមនឹងការដួលញឹកញាប់ជាងប្រក្រតី។ ក្រៅពីនេះ គេនៅរកឃើញទៀតថា វីតាមីន D ជាវីតាមីនដែលមានសម្ព័ន្ធជាមួយរោគមហារីកដល់ទៅ ៤ប្រភេទទៀតផង។

សម្រាប់អ្នកដែលគេចចៀសពីការប៉ះពាល់នឹងពន្លឺថ្ងៃ សម្ងំនៅតែក្នុងបន្ទប់ងងឹតៗ ដែលបិទបង្អួចគ្រប់ពេលវេលានោះ នៅមានភាពប្រឈមក្នុងការខ្វះអ័រម៉ូនប្រភេទខ្លះ ព្រោះនៅក្នុងពន្លឺថ្ងៃ ពេលប៉ះនឹងស្បែកមនុស្សយើង វានឹងជួយជំរុញឱ្យរាងកាយសាងអ័រម៉ូនជាច្រើនប្រភេទឡើង មិនថាតែមេឡានីន ដែលជួយឱ្យយើងគេងលក់បានស្រួល ឬអ័រម៉ូនសេរ៉ូថូនីន ដែលធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ថា មានសេចក្ដីសុខ ក្លៀវក្លាស្វាហាប់ (អ្នកដែលចូលចិត្តធ្វើការងារនៅកណ្ដាលទីវាល ច្រើនតែជាមនុស្សរួសរាយ ស្រស់ស្រាយរាក់ទាក់ និងស្វាហាប់គ្រប់ពេលវេលា) ដូច្នេះហើយទើបអ្នកដែលមិនសូវប៉ះពាល់នឹងពន្លឺថ្ងៃ អាចប្រឈមនឹងបញ្ហាគេងមិនសូវលក់ ពិបាកក្នុងការគេងលក់ ឬអាចដល់ថ្នាក់ប្រថុយប្រថាននឹងសភាវសោកសៅទៀតផង។

វិធីបន្ថែមវីតាមីន D ដល់រាងកាយអាចធ្វើបានយ៉ាងងាយៗ មិនលំបាកលំបិនឡើយ ដោយគ្រាន់តែចេញទៅខាងក្រៅអគារ ដើម្បីឱ្យស្បែករបស់យើងបានប៉ះជាមួយពន្លឺព្រះអាទិត្យ នៅអំឡុងម៉ោង៩.០០-១៥.០០ រយៈពេល ៥នាទីរៀងរាល់ថ្ងៃ នឹងជួយបន្ថែមវីតាមីន Dដល់រាងកាយបានច្រើន ដល់ទៅ ៩០%។ ការឱ្យរាងកាយបានកែច្នៃវីតាមីន D ពីស្រទាប់ស្បែកដោយខ្លួនឯង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការបន្ថែមវីតាមីន D ដល់រាងកាយខ្លាំងបំផុត។

យ៉ាងណាក៏ដោយ បើសិនអ្នកណានៅតែមានកង្វល់ ពីរឿងពន្លឺថ្ងៃ ដែលក្ដៅខ្លាំងជ្រុលពេកនៅក្នុងស្រុកយើង ដែលទោះជាលាបឡេការពារកម្ដៅថ្ងៃហើយ ក៏នៅតែមិនហ៊ានចេញទៅឱ្យស្បែកប៉ះនឹងពន្លឺថ្ងៃដោយផ្ទាល់ទៀតនោះ សាកល្បងជ្រើសរើសប្រើវិធីបន្ថែមវីតាមីន D ដល់រាងកាយតាមរយៈអាហារការហូបចុកបាន ដោយមុខម្ហូបដែលមានវីតាមីន D ច្រើន មានដូចជា ខ្លាញ់ថ្លើមត្រី ទឹកដោះគោស្រស់ ត្រីសាល់ម៉ុន ត្រីប្លាធូ ត្រីធូណា សាច់ហ៊ែម ស៊ុតមាន់ សាច់ជ្រូកចិញ្ច្រាំ សាច់មាន់ ផ្សិតចិន និងឈីស ជាដើម តែការបន្ថែមវីតាមីន D ដោយការទទួលទានអាហារ ជួយឱ្យរាងកាយទទួលបានវីតាមីន D ត្រឹមតែ ១០%ប៉ុណ្ណោះ។

ដូច្នេះ ការធ្វើកិច្ចការងារនៅខាងក្រៅផ្ទះខ្លះ មិនថាតែចេញទៅដើរលេង លេងកីឡានៅទីវាល ស្រោចដំណាំ ហោលខោអាវ ហែលទឹក ឬកិច្ចការងារផ្សេងៗទៀត ក្នុងអំឡុងពេលថ្ងៃ ក្នុងរយៈពេលខ្លីៗត្រឹមតែ ៥នាទីក្នុង ១ថ្ងៃ ក៏អាចជួយឱ្យលោកអ្នកមិនប្រឈមនឹងសភាវស្ទើរវីតាមីន D បានដែរ៕

×