Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ ទ្រព្យសម្បត្តិ ជោគជ័យ និងក្តីស្រឡាញ់

ស្ត្រីម្នាក់ចេញពីផ្ទះរបស់នាង ហើយបានឃើញបុរសចំណាស់ មានពុកមាត់សវែង ៣នាក់ កំពុងអង្គុយនៅក្នុងទីធ្លា ខាងមុខផ្ទះរបស់នាង។ នាងមិនដឹងថា ពួកគាត់ជានរណាទេ។ នាងក៏និយាយទៅកាន់ពួកគាត់ថា…
“ខ្ញុំមិនគិតថា ខ្ញុំធ្លាប់ស្គាល់ពួកលោកទេ តែមើលទៅពួកលោក ច្បាស់ជាឃ្លានហើយ ដូច្នេះសូមចូលទៅក្នុងផ្ទះខ្ញុំ ទទួលទានអ្វីបន្តិចសិនទៅ!”
“តើប្តីរបស់អ្នកស្រី នៅផ្ទះទេ?” បុរសចំណាស់ម្នាក់សួរឡើង។
“ទេ គាត់ចេញទៅក្រៅបាត់ហើយ” នាងតបទៅវិញ។
“បើអ៊ីចឹង ពួកយើងមិនអាចចូលទៅក្នុងផ្ទះអ្នកស្រីបានទេ…” ពួកគាត់ឆ្លើយមកវិញព្រមគ្នា។

លុះដល់ពេលល្ងាច ពេលប្តីរបស់នាងត្រឡប់មកដល់ផ្ទះវិញ នាងក៏និយាយរឿងនោះ ឱ្យប្តីស្តាប់។
    ប្ដីបានដឹងហើយ ក៏ប្រាប់ទៅប្រពន្ធវិញថា “អ៊ីចឹង ទៅប្រាប់ពួកគេវិញទៅថា ខ្ញុំមកដល់ផ្ទះវិញហើយ និងអញ្ជើញពួកគេ ឱ្យចូលមក”
      ប្រពន្ធ ក៏ដើរចេញទៅក្រៅ និងអញ្ជើញពួកបុរសចំណាស់ទាំងនោះ ឱ្យចូលមកក្នុងផ្ទះ...
    តែបុរសវ័យចំណាស់ទាំងនោះ បានបដិសេធ “ទេ ពួកយើងមិនអាចចូលទៅក្នុងផ្ទះអ្នកស្រី ដំណាលគ្នាបានទេ...”
   “ហេតុអីទៅ?” ស្ត្រីម្ចាស់ផ្ទះសួរទៅវិញ ដោយក្ដីងឿងឆ្ងល់។

បុរសចំណាស់ម្នាក់ ក៏និយាយពន្យល់ថា “គេម្នាក់នោះឈ្មោះ ទ្រព្យសម្បត្តិ” គាត់និយាយ ព្រមទាំងចង្អុលទៅគ្នីគ្នារបស់គាត់ម្នាក់ រួចហើយចង្អុលទៅម្នាក់ទៀតថា “ឯម្នាក់នេះគឺ ជោគជ័យ និងខ្ញុំគឺ ក្តីស្រឡាញ់”
បង្អង់បន្តិច គាត់ក៏និយាយតទៅទៀតថា “ឥឡូវនេះ ចូរអ្នកស្រីចូលទៅក្នុងផ្ទះវិញ ហើយប្រឹក្សាជាមួយនឹងប្តីរបស់អ្នកស្រីថា តើគាត់ចង់ឱ្យអ្នកណាមួយ ក្នុងចំណោមពួកយើងនេះ ចូលទៅក្នុងផ្ទះរបស់អ្នកស្រី”

ស្ត្រីម្ចាស់ផ្ទះ ក៏ត្រឡប់ចូលទៅក្នុងផ្ទះវិញ ហើយប្រាប់ស្វាមីរបស់នាង...ស្វាមីរបស់នាង ត្រេកអរខ្លាំងណាស់ ក៏និយាយឡើងថា “វិសេសអស្ចារ្យ! បើអ៊ីចឹង យើងអញ្ជើញ ទ្រព្យសម្បត្តិ ឱ្យចូលមកចុះ ព្រោះពេលគេនៅជាមួយយើង ផ្ទះរបស់យើង ច្បាស់ជាពោរពេញដោយទ្រព្យសម្បត្តិមិនខាន!!” 

តែ ខាងភរិយាមិនយល់ស្រប “ប្តីសម្លាញ់ ហេតុអីបានបងមិនអញ្ជើញ ជោគជ័យ ឱ្យចូលមកវិញ?”
ខណៈនោះ កូនប្រសាស្រី ដែលបានឮឪពុកម្តាយក្មេកជជែកគ្នានៅឯជ្រុងមួយក្នុងផ្ទះ នាងក៏ដើរចូលមក និងឱ្យយោបល់ថា…

“វាច្បាស់ជាប្រសើរជាងមិនខាន បើយើងហៅ ក្តីស្រឡាញ់ ឱ្យចូលមកមុនគេ ដើម្បីឱ្យក្នុងផ្ទះរបស់យើង ពោរពេញដោយក្តីស្រឡាញ់”
២នាក់ប្ដីប្រពន្ធងក់ក្បាល “យើងជឿតាម សម្ដីរបស់កូនស្រីយើងទៅ!” រួចហើយ ប្តីក៏ប្រាប់ទៅប្រពន្ធ “អូនចេញទៅខាងក្រៅ ហើយអញ្ជើញ ក្តីស្រឡាញ់ ឱ្យគេចូលមកធ្វើជាភ្ញៀវរបស់យើងចុះ!”

ស្ត្រីជាភរិយា ក៏ដើរចេញទៅ និងសួរទៅបុរសជរាទាំង ៣នាក់នោះថា៖ “តើនរណា ជាក្តីស្រឡាញ់? សូមអញ្ជើញចូលមកក្នុងផ្ទះរបស់ខ្ញុំចុះ!”
សេចក្តីស្រឡាញ់ ក្រោកឡើង ហើយដើរតម្រង់ទៅរកផ្ទះ ភ្លាមនោះ បុរសជរា ២នាក់ទៀត ក៏ក្រោកឡើង និងដើរតាមទៅដែរ…។
ដោយក្តីនឹកចម្លែកក្នុងចិត្ត ស្ត្រីម្ចាស់ផ្ទះ ក៏សួរទៅ ទ្រព្យសម្បត្តិ និង ជោគជ័យ ថា៖ “ខ្ញុំអញ្ជើញតែ ក្តីស្រឡាញ់ ទេ ហេតុអ្វីបានជាពួកលោក ចង់ចូលទៅដែរ?”

បុរសចំណាស់ទាំងអស់ ឆ្លើយព្រមគ្នាឡើងថា៖
     “បើអ្នកអញ្ជើញ ទ្រព្យសម្បត្តិ ឬក៏អញ្ជើញ ជោគជ័យ វិញនោះ ២នាក់ទៀត នឹងស្ថិតនៅខាងក្រៅ តែនៅពេលដែលអ្នកអញ្ជើញ ក្តីស្រឡាញ់  នៅពេលណាដែលគេទៅ យើង ២នាក់ទៀត ក៏នឹងទៅជាមួយគេដែរ...ព្រោះថា ទីណាមានក្តីស្រឡាញ់ ទីនោះក៏នឹងមានជោគជ័យ និងទ្រព្យសម្បត្តិ ជាមិនខាន!”
×