នៅពេលមនុស្ស ២នាក់ កើតមានសេចក្ដីស្នេហារវាងគ្នា និងគ្នាហើយ ការចង់រស់នៅជិតដិតនែបនិត្យក្បែរគ្នា គឺជាក្ដីប្រាថ្នាយ៉ាងខ្លាំងក្លា រហូតនាំឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នា តែមានច្រើនគូណាស់ ដែលបន្ទាប់ពីនោះមក ក៏កើតអាការទឹកឃ្មុំលែងផ្អែមដូចកាលពីថ្ងៃម្សិល បន្ទាប់ពីរួមរស់នៅជាមួយគ្នាបានមួយរយៈមក ហើយពេលនោះ សញ្ញាដាស់តឿន ក៏ចាប់ផ្ដើមលេចចេញមកឱ្យឃើញថា ជីវិតស្នេហ៍ ជិតកើតបញ្ហាហើយ…។
សញ្ញាទាំងនោះមានដូចជា៖
១.ចាប់ផ្ដើមមានអារម្មណ៍សប្បាយចិត្ត ពេលបាននៅម្នាក់ឯង៖ ពេលណាក៏ដោយ ដែលអារម្មណ៍មួយនេះកើតឡើង គឺបញ្ជាក់ថា ការនឹកនាពីស្នេហារវាងគ្នានឹងគ្នា ចាប់ផ្ដើមថយចុះហើយ។ ជីវិតស្នេហ៍ គឺចំណងផ្លូវចិត្ត ដែលមើលមិនឃើញ តែយើងអាចដឹងបាន និងប៉ះពាល់បាន បើទោះបីជាពេលខ្លះរស់នៅឆ្ងាយពីគ្នាមែន តែក៏នៅតែនឹកស្រមៃរកគ្នាជានិច្ច ប៉ុន្តែនៅពេលណាដែលខ្លួនអ្នក ឬគូស្នេហ៍របស់អ្នក ចាប់ផ្ដើមនឹកនាដល់គ្នាកាន់តែតិចទៅៗ នោះបង្ហាញថា ទោះមាន ឬក៏អត់រូបអ្នក(ឬគេ) ក៏គ្មានអ្វីសំខាន់សម្រាប់ជីវិតដែរ។ នេះជាសញ្ញាដាស់តឿនដំបូងគេ ដែលបង្ហាញថា បញ្ហាចាប់ផ្ដើមកើតហើយ។
២.មើលឃើញពួកម៉ាក និងការងារល្អជាង៖ ជាអាការបន្តពីចំណុចដំបូងមកគឺ ម្នាក់ៗព្យាយាមរកហេតុផល ដែលធ្វើម៉េចឱ្យជួបគ្នាកាន់តែតិចទៅ មិនថាតែការអាងលេសថា មានកាងារច្រើន រហូតគ្មានពេលជួបគ្នា ឬមានពិធីជប់លៀងជាមួយមិត្តភក្តិ ឬជាប់ប្រជុំនៅតាមខេត្ត រួមទាំងព្យាយាមរកការងារមកធ្វើឱ្យច្រើនហួសហេតុ ជាពិសេសគ្មានការឈប់សម្រាកនៅថ្ងៃឈប់ចុងសប្ដាហ៍ និងព្យាយាមធ្វើការ Over time ទាំងមិនចង់បានលុយទៀតផង។
៣.ចាប់ផ្ដើមកើតបញ្ហារឿងលុយកាក់៖ បើមានការរក្សាទុកដាក់លុយកាក់រួមគ្នាផង ក៏នឹងចាប់ផ្ដើមមានការសួរដេញដោល ពីការចាយវាយរបស់ម្នាក់ៗយ៉ាងល្អិតល្អន់ ទាំងកាលពីមុនមកតែងទុកចិត្ត និងមិនដែលសួរនាំគ្នាសោះ ឬបើជាការទុកដាក់លុយកាក់រៀងៗខ្លួនវិញ ក៏នឹងចាប់ផ្ដើមលែងនិយាយ ឬសួរនាំពីប្រាក់ចំណូលរបស់គ្នាទៅវិញទៅមក រួមទាំងអាចមានការចាប់ថ្នាក់បានថា មានការលាក់បាំងលុយកាក់ មិនឱ្យគ្នាដឹងទៀតផង។ អាការបែបនេះ ជាអាការដែលមិនសូវជាល្អប៉ុន្មានឡើយ ក្នុងការមានសម្ព័ន្ធស្នេហ៍ដែលល្អ។
៤.កើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា៖ ធ្លាប់តែទុកចិត្តគ្នា មិនដែលសួរនាំលើរឿងរ៉ាវពាក់ព័ន្ធនឹងរឿងការងារសោះ ក៏នឹងចាប់ផ្ដើមសួរដេញដោល។ ទៅណាជាមួយមិត្តភក្តិប្រុស(ឬស្រី) ក៏នឹងចាប់ផ្ដើមកើតមានអារម្មណ៍សង្ស័យថា មាននោះ មាននេះ អ្នកខ្លះក៏លួចមើលសារ ដែលសរសេរផ្ញើទៅគ្នា មិនថាតែក្នុងទូរស័ព្ទ ឬអ៊ីមេល និងមានការសួរដេញដោលគ្នាត្រង់ៗថា ដែលប្រាប់ថាទៅកន្លែងនោះ ទៅប៉ុន្មាននាក់? ទៀតផង។
៥.ភាពស្ងប់ស្ងាត់ ចាប់ផ្ដើមរលាយបាត់អស់៖ កើតការឈ្លោះប្រកែកគ្នាច្រើនឡើង សូម្បីតែរឿងតូចតាច និងមិនសូវមានការព្រមចុះចាញ់គ្នាដូចកាលពីពេលស្រឡាញ់គ្នាថ្មីៗឡើយ ហើយពេលឈ្លោះប្រកែកគ្នា ក៏ព្យាយាមយកឈ្នះ ដោយមិនព្រមស្ដាប់ហេតុផលរបស់គ្នាទៅវិញទៅមកឡើយ។ ប្រកាសច្បាស់ៗតែម្ដងថា “ខ្ញុំត្រូវ បងឯង(ឬអូនឯង)ខុស!” និងគ្មានខាងណាមួយទទួលស្គាល់កំហុស ឬហាមាត់សុំទោសដូចកាលគ្រាមុនឡើយ។
៦.ចាប់ផ្ដើមចេះកុហកគ្នា និងលែងទុកចិត្តគ្នាតទៅទៀត៖ តពីការកើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា បើសម្ព័ន្ធភាពចាប់ផ្ដើមអាក្រក់ទៅៗខ្លាំងជាងមុន ក៏នឹងចាប់ផ្ដើមចេះកុហកក្នុងរឿង ដែលមិនចង់ឱ្យភាគីម្ខាងទៀតដឹង និងទោះជាចាប់កុហកបាន ក៏នៅតែខំរកផ្លូវកុហកថែមទៀតដោយវិធីផ្សេងៗ ធ្វើឱ្យចាប់ផ្ដើមលែងទុកចិត្តគ្នាទៅវិញទៅមក ហើយនៅពេលនោះ សេចក្ដីស្នេហាក៏នឹងចាប់ផ្ដើមចាកចេញចោល។
៧.មើលឃើញអ្នកផ្សេងល្អជាង៖ ការមើលឃើញអ្នកផ្សេង ដែលដើរចូលមកក្នុងជីវិត ល្អជាងអ្នកដែលនៅជាមួយ គឺជាសញ្ញាដាស់តឿនមួយ ដែលចាប់ផ្ដើមគិតថា អ្នកដែលនៅជាមួយ លែងមានតម្លៃហើយ រួមទាំងខ្លួនឯង ក៏មានជម្រើសដែលអាចនឹងល្អជាងផងនោះ នៅពេលនោះហើយ ដែលការចាប់ផ្ដើមមើលឃើញរបស់ថ្មី ល្អជាងរបស់ចាស់ បានកកើតឡើង។
៨.ប្រកែក និងគេចវេះពីការមានភេទសម្ព័ន្ធ៖ ព្យាយាមគេចវេះពីការប៉ះពាល់ខ្លួនប្រាណគ្នា គេចចៀសពីការចូលគេងដំណាលគ្នា ឬក្នុងរយៈដំបូងៗ ទោះជាមានសម្ព័ន្ធសង្វាសនឹងគ្នាក៏ដោយ ក៏នឹងមានអារម្មណ៍ថា លែងដូចពីមុន លែងមានសេចក្ដីសុខដូចមុន និងព្យាយាមក្នុងការរិះរកវិធី មិនឱ្យមានភេទសម្ព័ន្ធនឹងគ្នាតែម្ដង បើសិនអាចធ្វើបាន។ បើសិនជាបែបនេះហើយ សម្ព័ន្ធភាពស្នេហ៍ ចាប់ផ្ដើមពិបាកនឹងព្យាបាលហើយ។
៩.រកវិធីគេងបន្ទប់ផ្សេងគ្នា៖ រួចហើយ ក៏មកដល់ការមិនចង់គេងរួមគ្រែជាមួយគ្នា នេះគឺជាសញ្ញាដាស់តឿនចុងក្រោយ មុននឹងបែកបាក់ជាស្ថាពរ។
១០.ចាប់ផ្ដើមមានម្នាក់ និយាយពាក្យថា “លែងលះ”៖ គេតែងនិយាយថា បើមិនចង់លែងលះគ្នាមែនទែនទេនោះ ទោះជាឈ្លោះប្រកែកគ្នា មិនពេញចិត្តគ្នាយ៉ាងណាក៏ដោយ ក៏សុំឱ្យចៀសពីពាក្យថា “លែងលះ” ឱ្យបានឆ្ងាយបំផុត ព្រោះនៅពេលចាប់ផ្ដើមមាននរណាម្នាក់នឹកដល់រឿងនេះ នោះបង្ហាញថា អាចនឹងមកដល់ចំណុច ដែលលែងមានការបែរត្រឡប់ក្រោយហើយ និងបើរឹតតែលែងទុកនៅក្នុងចិត្ត ហើយនិយាយចេញមកផងនោះ អាចចាប់ផ្ដើមរាប់ថយក្រោយ ដល់ថ្ងៃដែលនឹងចែកផ្លូវគ្នាជានិរន្តរ៍បានហើយ។
យើងចង់ផ្ដាំថា សេចក្ដីស្នេហា នៅពេលកើតឡើងហើយ បើចង់ឱ្យនៅស្ថិតស្ថេរគង់វង្ស ត្រូវតែឧស្សាហ៍បន្ថែមសេចក្ដីស្រឡាញ់ឱ្យគ្នា ១ថ្ងៃបន្តិចៗ មើលឱ្យឃើញអំពើល្អរបស់គ្នា ១ថ្ងៃបន្តិចៗ តែសុំឱ្យស្រឡាញ់គ្នាឱ្យច្រើនៗ និងយូរអង្វែង៕