Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“អវយវៈដែលដាច់ចេញពីខ្លួន” តើត្រូវថែរក្សាទុកបែបណា ដើម្បីឱ្យពេទ្យអាច តភ្ជាប់ឡើងវិញបាន?

វិវឌ្ឍនាការក្នុងយុគសម័យនេះ មិនដូចកាលពីសម័យមុន ដែលបើកាលណាមានអវយវៈណាមួយ ដាច់ចេញពីខ្លួនហើយ គឺដាច់ទៅតែម្ដង មិនអាចបណ្ដុះកោសិកាឱ្យដុះឡើង និងប្រើការបានដូចដើមវិញឡើយ ហើយការចង់តភ្ជាប់អវយវៈណាមួយ ដែលដាច់ទៅហើយ ឱ្យត្រឡប់មកប្រើការបានដូចដើមវិញ ក៏មិនមែនជារឿងងាយដូចការគិតដែរ ព្រោះនៅមានបច្ច័យច្រើនយ៉ាង ដែលជាកត្តាកំណត់ថា តើការវះកាត់ តភ្ជាប់អវយវៈផ្សេងៗនោះ នឹងសម្រេចបានដោយជោគជ័យឬអត់?។ ខាងក្រោមនេះជាចំណេះដឹងត្រួសៗ ចំពោះរឿងនេះ ដែលយើងចង់ឱ្យមិត្តអ្នកអានបានជ្រាបខ្លះៗ…

ការវះកាត់តភ្ជាប់អវយវៈ
វេជ្ជបណ្ឌិតជំនាញខាងផ្នែកវះកាត់តភ្ជាប់អវយវៈ បានអធិប្បាយថា ការវះកាត់តអវយវៈ មានន័យថា ការវះកាត់ភ្ជាប់អវយវៈដូចជា ដៃ ជើង ម្រាមដៃ និងអវយវៈភេទ ជាដើម ក្រោយពីអវយវៈទាំងនោះ ត្រូវបានធ្វើឱ្យដាច់ចេញពីគ្នា ឬដាច់ចេញពីគ្នាត្រឹមតែ ១ផ្នែកណា ដោយពេទ្យនឹងធ្វើការតភ្ជាប់សរសៃឈាម ឬសាងសរសៃឈាមឡើងថ្មី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមសាច់ភ្នាស ផ្នែកដែលនៅចុងអវយវៈដែលតនោះ ឱ្យនៅតែធ្វើការងារបានដូចប្រក្រតី។

អវយវៈដែលអាចវះកាត់តភ្ជាប់មកវិញដូចដើមបាន…
មានដូចជា ម្រាមដៃ ម្រាមជើង ម្រាមតែមួយ ឬច្រើនម្រាម ប្រអប់ដៃ ដៃទាំងមូល និងជើង។
វិធីជួយសង្គ្រោះអ្នករបួសដាច់អវយវៈ
១.យកក្រណាត់ស្អាត ឬស្បៃរុំរបួស មកសង្កត់ រុំបិទមុខរបួសឱ្យណែនដើម្បីឃាត់ឈាម ព្រោះនៅពេលដាច់អវយវៈណាមួយ ឈាមនឹងហូរចេញមកច្រើន ត្រូវប្រញាប់ឃាត់ឈាម មុនពេលអ្នករបួសមានអាការគាំងបាត់ស្មារតី បណ្ដាលមកពីការខ្វះឈាម។
២.សង្កេតមើលថា តើនៅមានផ្នែកណាមួយរបស់អវយវៈ នៅជាប់នឹងរាងកាយអ្នករបួសឬទេ? បើនៅមិនទាន់ដាច់ចេញពីរាងកាយទាំងស្រុងទេ ត្រូវចាប់ទ្រអវយវៈនោះឡើង ឱ្យស្ថិតក្នុងលក្ខណៈដើម កុំទាញទៅមក ដែលនាំឱ្យសាច់ភ្នាសនៅត្រង់កន្លែងដាច់រយះនោះ កាន់តែខូចខាតធ្ងន់ធ្ងរឡើង។

៣.អំឡុងពេលដែលអ្នករបួសកំពុងបានទទួលការឃាត់ឈាម គួរប្រញាប់ទាក់ទងទៅមន្ទីរពេទ្យ សួរបញ្ជាក់ឱ្យប្រាកដក្នុងចិត្តថា តើមានពេទ្យដែលជួយវះកាត់ តអវយវៈនៅប្រចាំការក្នុងមន្ទីរពេទ្យនោះឬទេ? ដើម្បីកុំឱ្យត្រូវដឹកអ្នករបួសទៅមន្ទីរពេទ្យណាផ្សេងទៀតចុះឡើងច្រើនសា។

៤.រក្សាទុកអវយវៈ ដែលដាច់នោះឱ្យត្រឹមត្រូវតាមវិធី។
វិធីរក្សាអវយវៈដែលដាច់ ដើម្បីយកទៅឱ្យពេទ្យតភ្ជាប់ឡើងវិញ
យកអវយវៈដែលដាច់នោះ ដាក់ក្នុងថង់ប្លាស្ទិកដែលស្អាត ចងមាត់ថង់ឱ្យណែន កុំឱ្យវត្ថុរាវ(ទឹក)ចូលទៅក្នុងថង់បាន បន្ទាប់ពីនោះ យកទៅដាក់ត្រាំក្នុងប្រអប់ ឬធុង ឬថង់ដែលមានដាក់ទឹកកក និងទឹកនៅខាងក្នុង ដោយឱ្យអវយវៈនោះទាំងមូលស្ថិតនៅក្នុងទឹកត្រជាក់នោះទាំងអស់។ សីតុណ្ហភាពដែលស័ក្តិសមក្នុងការត្រាំអវយវៈដាច់នោះគឺ ៤អង្សាC។
មិនគួរដាក់ត្រាំអវយវៈដែលដាច់នោះ នៅក្នុងទឹកត្រជាក់ដោយផ្ទាល់ ដោយមិនច្រកចូលក្នុងថង់ប្លាស្ទិកជាមុនសិនឡើយ។
តើអាចត្រាំអវយវៈដែលដាច់នោះ នៅក្នុងទឹកត្រជាក់បានយូរប៉ុនណា?

អវយវៈធំៗ ដូចជា ជើង ដៃ ឬប្រអប់ដៃទាំងមូល អាចធន់នឹងការខ្វះឈាមនៅក្នុងថង់ក្នុងទឹកត្រជាក់ដែលមានសីតុណ្ហភាព ៤អង្សាC បានយូរដល់ទៅ ៦-៨ម៉ោង។ ចំណែកអវយវៈតូចៗ ដូចជាម្រាមដៃ ជាដើមនោះ អាចធន់ទ្រាំនឹងការខ្វះឈាម បានយូរដល់ទៅ ២៤ម៉ោង មុននឹងត្រូវពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ។

តើ អវយវៈដែលបានត្រាំទឹកត្រជាក់មកហើយនោះ ពិតជាអាចតភ្ជាប់ឡើងវិញបានមែនឬ?
ទោះជាការជ្រើសរើសយកការថែរក្សាអវយវៈដែលដាច់ ទុកឱ្យពេទ្យយកមកវះកាត់តភ្ជាប់ឡើងវិញ គឺជារឿងដែលល្អ គួរធ្វើក៏ពិតមែន តែក៏មិនប្រាកដច្បាស់ជាប់ជានិច្ចថា ពេទ្យនឹងអាចវះកាត់តភ្ជាប់អវយវៈនោះ ឱ្យត្រឡប់មកប្រើការបានល្អដូចដើមវិញដែរ ព្រោះវាអាស្រ័យលើ៖

១-សភាពរបស់អវយវៈដែលដាច់នោះផងដែរថា តើសាច់ភ្នាស សរសៃឈាម សាច់ដុំផ្សេងៗ មានភាពខូចខាតច្រើន-តិចប៉ុនណា?(ដូចជា ករណីរបស់ដៃ ដែលត្រូវម៉ាស៊ីនកិនសាច់ជ្រូក ធ្វើឱ្យដាច់ខូចខាត បើសិនជាខូចខាតខ្លាំងជ្រុលពេក ក៏ពិបាកក្នុងការវះកាត់តឡើងវិញដែរ)

២-អាស្រ័យលើការថែរក្សាអវយវៈដែលដាច់នោះ តើធ្វើបានត្រឹមត្រូវតាមវិធីឬទេ?
និង៣-វាអាស្រ័យលើភាពស្អាត គ្មានមេរោគប្រឡាក់ប្រឡូស របស់អវយវៈដែលដាច់នោះមុនធ្វើការវះកាត់តភ្ជាប់ ជាដើម៕

×