Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ «សត្វតោជរា និងឆ្កែចចក»

មានសត្វតោ ១ក្បាល ចាស់ជរាខ្លាំងណាស់ និងមិនអាចចេញទៅរកអាហារស៊ី ដោយការតាមប្រមាញ់ចំណីបានដោយខ្លួនឯងទៀតឡើយ…វាប្រះខ្លួនដេក ហើយបន្លំធ្វើជាឈឺ។ សត្វទាំងឡាយបានដឹងដំណឹងនេះ ក៏នាំគ្នាទៅសួរសុខទុក្ខ…

នៅពេលសត្វឆ្កែចចក បានដឹងដំណឹង ក៏ទៅសួរសុខទុក្ខសត្វតោ ដូចសត្វដទៃទៀតដែរ ហើយពេលសត្វឆ្កែចចក ដើរទៅដល់មុខរូងភ្នំ ដែលជាកន្លែងសត្វតោស្នាក់នៅ វាបានឮសូរសំឡេងស្រែកថ្ងួចថ្ងូរ របស់សត្វតោ លាន់ឮឡើងជារឿយៗ វាក៏មានអារម្មណ៍ថា គួរឱ្យអាណិតសត្វតោនេះខ្លាំងណាស់។
ពេលសត្វឆ្កែចចក កំពុងប្រុងដើរចូលទៅក្នុងរូងភ្នំនោះ សុខៗ វាក៏បានឃើញអ្វីម្យ៉ាង ហើយវាក៏ប្រញាប់ថយចេញពីរូងភ្នំនោះវិញយ៉ាងរួសរាន់ ហើយមកឈរនៅខាងមុខរូង ក្នុងរយៈចម្ងាយ ឆ្ងាយល្មមគួរសមវិញ។

សត្វតោបានឃើញសត្វឆ្កែចចក មកដល់តាំងពីយូរហើយ តែឆ្ងល់ថា ហេតុអីបានវា មិនព្រមចូលមកក្នុងរូងភ្នំសោះអ៊ីចឹង? ក៏សួរទៅថា “ហ្អេ៎ ឆ្កែចចក! យ៉ាងណាៗឯងក៏មកដល់ហើយ ហេតុអីមិនចូលមកខាងក្នុង?”
ឆ្កែចចកឆ្លើយថា “ខ្ញុំសង្កេតឃើញថា មានដានជើងជាច្រើន ដើរចូលទៅក្នុងរូងរបស់លោក តែខ្ញុំមិនឃើញមានដានជើងមួយណា ដើរចេញមកវិញសោះ ហើយអ៊ីចឹង តើឱ្យខ្ញុំហ៊ានចូលទៅដែរឬ?”

និទានរឿងនេះ បង្រៀនឱ្យដឹងថា យើងគួរតែហ្វឹកហាត់ខ្លួនឯង ឱ្យក្លាយជាមនុស្សដែលចេះសង្កេតមើលអ្វីៗជុំវិញខ្លួន និងយល់ពីស្ថានការណ៍ផ្សេងៗ ឱ្យបានយ៉ាងឆាប់រហ័ស…«មនុស្សឆ្លាត និងចេះគិតគូរល្អិតល្អន់ ពិតជាមិនងាយធ្លាក់ចូលអន្ទាក់របស់អ្នកណាម្នាក់ឡើយ»៕

×