សម្រាប់ការរៀបការ ឬការរួមរស់នៅជាមួយគ្នា រវាងមនុស្ស ២នាក់ ដែលនឹងធ្វើដំណើរទៅជាមួយគ្នា ក្រោយពីបានសេពគប់មើល
ចិត្តថ្លើមគ្នាអស់មួយរយៈហើយនោះ អាចនិយាយបានថា មិនមែនជារឿងងាយ ដូចដែលមនុស្សជាច្រើនគិតនោះទេ តែវាដូចពាក្យដែលគេនិយាយថា “ការរៀបការ មិនមែនជាចំណុចបញ្ចប់របស់ជីវិតនោះទេ តែវាគឺជាចំណុចចាប់ផ្តើមរបស់ជីវិត” ព្រោះអំឡុងជីវិតក្រោយពេលរៀបការ គឺជាការពិត ដែលយើងត្រូវប្រឈម។ ថ្ងៃនេះយើងនាំគ្នាមកមើលពីភាពត្រៀមខ្លួនរួចជាស្រេចមុនពេលរៀបការ ដើម្បីទុកជាគន្លងផ្លូវ ដែលយុវវ័យយើង ត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការជួបប្រទះ និងប្រឈមមុខជាមួយភាពប្រែប្រួលទាំងអស់នោះ…
ទស្សនៈផ្នត់គំនិត ត្រូវគ្នាឬទេ?
សម្លឹងមើលពីសេចក្តីនឹកសង្ឃឹមរបស់យើង និងគូស្នេហ៍ថា តើមានផ្នត់គំនិតទៅក្នុងទិសដៅដូចគ្នាដែរឬទេ? និងតើម្នាក់ៗទទួលស្គាល់ភាពមិនត្រូវគ្នានោះ បានច្រើន ឬតិចប៉ុនណា? ដែលរឿងនេះ អាចរាប់បានថា ជារឿងមួយសំខាន់ខ្លាំងណាស់ ដែលយើងចាំបាច់ត្រូវប្រឹក្សាគ្នាជាមួយគូស្នេហ៍របស់យើងថា តើមានគំនិតដូច ឬខុសគ្នាច្រើនតិចប៉ុនណា? ព្រោះបើសិនខុសគ្នាច្រើន និងទទួលយកមិនបាននោះ វានឹងច្រើនតែកើតមានបញ្ហាក្រោយរៀបការជានិច្ច។
ព្រមទទួលយកការផ្លាស់ប្តូរច្រើន ឬតិចប៉ុនណា?
ដឹងខ្លួនជានិច្ចថា តើអ្នកត្រៀមជាស្រេច ក្នុងការប្រឈមនឹងការផ្លាស់ប្តូរបានច្រើន ឬតិចប៉ុនណា? មិនថាតែការផ្លាស់ប្តូរទីលំនៅ ឬអាចត្រូវប្តូរកន្លែងធ្វើការ រួមទាំងបើសិនជាមានកូន តើនឹងត្រូវរស់នៅបែបណាទៀតផង?។
ទទួលយក និងយល់ពីសម្ព័ន្ធភាពជាមួយក្រុមគ្រួសារគូស្នេហ៍បានឬទេ?
គិតពីសម្ព័ន្ធភាពរបស់ក្រុមគ្រួសារគូស្នេហ៍ ដែលបើសិនជាក្រុមគ្រួសារគេ មិនចូលចិត្តយើងផងនោះ អាចនឹងក្លាយជា
សង្គ្រាមក្តៅគគុក ឬជាសភាវបង្ខំចិត្តបាន ដោយអ្នកត្រូវស្គាល់ពីវិធីក្នុងការសម្រុះសម្រួល និងទប់ទល់យ៉ាងមានសតិបញ្ញា ចេះគ្រប់គ្រង
អារម្មណ៍ខឹងសម្បាឱ្យល្អ ព្រោះមិនដូច្នោះទេ នឹងកើតការឈ្លោះតតាំង និងសាងក្តីលំបាកចិត្តដល់គូស្នេហ៍របស់អ្នកបាន។
ស្គាល់ និងយល់ពីអារម្មណ៍គូស្នេហ៍យ៉ាងស៊ីជម្រៅ ច្បាស់ហើយឬនៅ?
ត្រូវស្គាល់ពីអារម្មណ៍របស់គូស្នេហ៍ឱ្យច្បាស់ មុននឹងសម្រេចចិត្តរៀបការ ព្រោះបើឈ្លោះគ្នា ហើយដល់ថ្នាក់មានប្រើកម្លាំងបាយវាយតប់គ្នាផងនោះ អ្នកគួរតែវិលត្រឡប់មករិះគិតឡើងវិញឱ្យបានច្បាស់ មុននឹងយល់ព្រមសម្រេចចិត្តជាថ្មី។
រៀបផែនការទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុ ដែលអាចកើតឡើង ក្រោយពេលរៀបការច្បាស់លាស់ហើយឬនៅ?
ពិនិត្យមើលស្ថានភាពខាងហិរញ្ញវត្ថុរបស់គូស្នេហ៍ រឿងនេះក៏អាចរាប់បានថា ជាបច្ច័យមួយដែលត្រូវតែគិតដល់យ៉ាងខ្លាំងមួយដែរ ព្រោះពាក្យថា សុខចិត្តហូបប្រហុក ហូបអំបិលជាមួយគ្នានោះ វាប្រើលែងបានហើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ក្រោយរៀបការ បើកើតមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅពេលណាមួយហើយនោះ បញ្ហាផ្សេងៗក៏នឹងតាមមកជាច្រើន ដូច្នេះទើបត្រូវមានការពិភាក្សាគ្នា ឬរៀបផែនការផ្នែកហិរញ្ញវត្ថុនេះឱ្យបានច្បាស់លាស់ជាមុនសិន។
យើងសង្កេតឃើញថា រឿងរបស់ការរៀបការនេះ គឺជារឿងសំខាន់ ដែលយើងម្នាក់ៗចាំបាច់ត្រូវតែគិត និងសម្រេចចិត្តឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តយល់ព្រម ព្រោះជីវិតគូ មិនមែនប្រើប្រាស់ត្រឹមតែសេចក្តីស្រឡាញ់រវាងគូស្នេហ៍តែម្យ៉ាងប៉ុណ្ណោះទេ តែនៅត្រូវនឹកដល់បច្ច័យជុំវិញខ្លួនផ្សេងៗជាច្រើនទៀត ដែលបើសិនជាមិនរិះគិតឱ្យបានល្អិតល្អន់មុនសម្រេចចិត្តទេនោះ អាចនឹងត្រូវបញ្ចប់ដោយការលែងលះ ឬខូចចិត្តសោកស្តាយនៅពេលក្រោយបាន។
តែ បើសិនជាអាចទទួលយកភាពប្រែប្រួល ដែលនឹងកើតឡើងនៅពេលក្រោយបាន នោះច្បាស់ជាអាចរួមរស់នៅជាមួយគ្នា យ៉ាងមានសេចក្តីទុក្ខតិចៗ តែមានសេចក្តីសុខយូរអង្វែងបានមិនខាន៕