បើអ្នកហាក់ដូចជាមិនប្រាកដក្នុងចិត្តថា មនុស្សដែលអ្នកកំពុងសេពគប់នោះ គឺជាមនុស្សដែល “មែន” ឬ “មិនមែន” សម្រាប់រូបអ្នកនោះ
អារម្មណ៍បែបហ្នឹង វាមិនមែនជារឿងចម្លែកឡើយ ព្រោះពេលសេពគប់គ្នាដំបូងៗ ថ្មីៗ អ្វីៗក៏មើលទៅល្អល្អះគ្រប់យ៉ាងដែរ តែលុះពេលវេលាកន្លងទៅ អារម្មណ៍ដែលគិតថា ម្នាក់ហ្នឹង ដូចមិនមែនជាមនុស្សដែលអ្នកត្រូវការ ក៏លេចភ្លែតឡើងនៅក្នុងខួរក្បាល ដោយសារតែ៖
-គេមិនអាចទទួលយករឿងអតីតកាលរបស់អ្នកបាន
យើងគ្រប់គ្នា សុទ្ធតែមានអតីតកាលដូចគ្នាទាំងអស់ តែបើគូសង្សាររបស់អ្នក ជាមនុស្សម្នាក់ ដែលមិនអាចទទួលយករឿងកាលពីអតីតរបស់អ្នកបាន ជាពិសេសរឿងស្នេហាកាលពីអតីត ដែលបានបញ្ចប់ទៅហើយនោះ អ្នកសាកល្បងគិតមើលទៅថា តើគេនៅបារម្ភ និងចង់នៅមើលថែទាំអ្នកតទៅទៀតដែរឬទេ?
-គេមានអារម្មណ៍មួម៉ៅដាក់អ្នករហូត
បើគេតែងតែមានអារម្មណ៍មួម៉ៅ ឆេវឆាវដាក់អ្នករហូត និងច្រើនហួសហេតុពេក មិនថាតែពេលអ្នកសើចសប្បាយ យំ ត្រេកអរ ឬពិបាកចិត្តនោះ ចូរដឹងទៅចុះថា អ្នកមិនគួរសេពគប់ជាមួយមនុស្សប្រភេទនេះ យ៉ាងដាច់ខាត។
-គេបង្ហាញពីភាពគ្មានសុជីវធម៌
បើគូសង្សាររបស់អ្នក ជ្រើសរើសក្នុងការបង្ហាញពីទង្វើគ្មានសុជីវធម៌ដាក់អ្នក និងគ្មានសញ្ញាណាមួយដែលថា គេនឹងបញ្ឈប់ ឬផ្អាក ឬក៏គ្រប់គ្រងអារម្មណ៍នោះបាន មិនថាតែក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលគ្មានអ្នកណាឃើញក៏ដោយនោះ អ្នកគួរតែនាំខ្លួនឯង ចេញឱ្យឆ្ងាយពីគេម្នាក់នោះ ជាបន្ទាន់។
-គេភូតកុហកអ្នកជាប់ជានិច្ច
តើអ្នកដែលសង្កេតមើលទេថា ពេលដែលអ្នកសួរគេនូវសំណួរដែលថា តើគេកំពុងធ្វើអី នៅឯណា ឬនៅជាមួយអ្នកណារួចហើយ តើគេបញ្ចេញប្រតិកម្មមកវិញភ្លាមៗចំពោះអ្នកយ៉ាងណាដែរ? តើគេ ច្រើនតែចំណាយពេល ២-៣នាទី ក្នុងការរកនឹកចម្លើយ(កុហក) ដើម្បីឆ្លើយមកវិញដែរឬទេ?
បើសិនវាជាប្រតិកម្មឆ្លើយតប ឬឆ្លើយកុហកមកវិញបែបធម្មតាៗ ក៏ល្មមអាចទទួលយកបាន…តែទោះយ៉ាងណា ក៏មនុស្សយើងច្រើនតែប្រកាន់យកការរស់នៅជាមួយការពិត ប្រសើរជាងរស់នៅជាមួយការភូតភរ កុហកបោកប្រាស់ដែរ។
មុនអ្វីទាំងអស់ អ្នកត្រូវតែទទួលយកឱ្យបានជាមុនសិនថា នៅលើពិភពលោកនេះ គ្មាននរណាម្នាក់ឥតខ្ចោះឡើយ តែបើអ្នកមានអារម្មណ៍ថា គេគ្មានភាពស្មោះត្រង់ចំពោះសម្ព័ន្ធភាពលើកនេះជាមួយអ្នកទេនោះ វាក៏មិនមែនជារឿងសំខាន់អី ដែលអ្នកត្រូវមកខាតពេលវេលា នៅជាមួយមនុស្សដែល “មិនមែន” សម្រាប់អ្នកតទៅទៀតដែរ៕