Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ គេងលក់សុខៗ ស្រាប់តែភ្ញាក់ក្រញាង តើអាការបែបហ្នឹងគ្រោះថ្នាក់ដែរឬទេ?

យើងជឿថា មនុស្សជាច្រើន ធ្លាប់មានបទពិសោធក្នុងការយល់សប្តិឃើញថា ខ្លួនឯងធ្លាក់ពីលើទីខ្ពស់ និងអារម្មណ៍នោះដូចមែនទែនអ៊ីចឹង រហូតធ្វើឱ្យភ្ញាក់ក្រញាងឡើងតែម្តង តែនៅពេលភ្ញាក់ដឹងខ្លួនឡើង ទើបដឹងថា ខ្លួនឯងកំពុងគេងនៅកន្លែងដដែល។ មនុស្សភាគច្រើន ច្រើនតែគិតថា ហ្នឹងគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ តែការពិតវិញ អាការនេះអាចកើតឡើងពីសភាវដែលហៅថា ការគេងកន្ត្រាក់( Hypnic Jerks) ដែលអាចកើតឡើងនៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ។ តើអាការនេះយ៉ាងណាខ្លះ? តើអាការគេងកន្ត្រាក់នេះ នឹងមានផលមិនល្អដល់សភាវការគេងលក់ដែរឬទេ? និងតើមានវិធីការពារយ៉ាងណាខ្លះ? ថ្ងៃនេះយើងមានចម្លើយ មកជម្រាបជូនដូចខាងក្រោម៖

Hypnic Jerks គឺអាការគេងកន្ត្រាក់ ជាអាការកន្ត្រាក់របស់សាច់ដុំ ខណៈស្ថិតក្នុងសភាវគេងលក់រលីវៗ រហូតធ្វើឱ្យមានអារម្មណ៍ថា កំពុងយល់សប្តិ ដោយក្នុងការយល់សប្តិនោះ ឃើញដូចជាខ្លួនឯងធ្លាក់ចុះមកពីទីខ្ពស់ ឬពេលខ្លះមានអារម្មណ៍ដូចខ្លួនឯង ត្រូវចាប់ទាញកញ្ឆក់យ៉ាងខ្លាំង ដែលអាការនេះ អាចកើតនៅលើមនុស្សគ្រប់រូប និងមិនមានគ្រោះថ្នាក់ដល់សុខភាពឡើយ គ្រាន់តែរំខានដល់ការគេងលក់ ធ្វើឱ្យស្ទុះភ្ញាក់ឡើងកណ្តាលយប់ប៉ុណ្ណោះ និងក៏អាចជាមូលហេតុមួយ របស់ការគេងសម្រាកមិនគ្រប់គ្រាន់បានដែរ។

តើអាការគេងកន្ត្រាក់បណ្តាលមកពីអ្វី?

មានអ្នកវិភាគខាងផ្នែកការគេងលក់ មិនតិចនាក់ទេ ដែលបានធ្វើការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងអាការគេងកន្ត្រាក់នេះ និងទោះបីជាវាមិនទាន់មានភ័ស្តុតាងច្បាស់លាស់ថា អាការគេងកន្ត្រាក់បណ្តាលមកពីអ្វីឱ្យប្រាកដក្ដី តែក្រុមអ្នកស្រាវជ្រាវ ក៏មានភាពព្យាយាមក្នុងការសន្និដ្ឋានពីមូលហេតុរបស់អាការគេងកន្ត្រាក់នេះ ជាច្រើនប្រភេទដូចតទៅ…

១.ការទំនាក់ទំនងដែលខុសឆ្គង

អ្នកជំនាញខាងផ្នែកគេងលក់ បានសន្និដ្ឋានថា អាការគេងកន្ត្រាក់នេះ ជាអាការដែលកើតចេញពីការទំនាក់ទំនង ដែលខុសឆ្គងរបស់ខួរក្បាល ដោយសារតែពេលដែលយើងទម្រេតខ្លួនគេងនៅលើគ្រែនោះ សាច់ដុំផ្នែកផ្សេងៗក្នុងរាងកាយ នឹងស្ថិតក្នុងសភាវសម្រាក និងធូរស្រាល ហើយសភាវដែលសាច់ដុំសម្រាកនេះឯង គឺជាសញ្ញាដែលអាចបញ្ជាក់ប្រាប់ថា រាងកាយយើងកំពុងធ្លាក់ពីកន្លែងណាមួយបានដូចគ្នា ទើបធ្វើឱ្យខួរក្បាលយល់ឃើញដូចគ្នា រហូតធ្វើឱ្យអ្នកគេងសម្រាកនោះ កើតសភាវសាច់ដុំកន្ត្រាក់ភ្លាមតែម្តង។

២.ដោយសារថាមពលក្នុងរាងកាយ ដែលនៅសេសសល់កាលពីពេលថ្ងៃ

ចំណុចសន្និដ្ឋានមួយទៀត ជារបស់អ្នកជំនាញខាងចិត្តវិទ្យាមកពីប្រទេសអង់គ្លេស បានសន្និដ្ឋានថា ការគេងកន្ត្រាក់នេះ កើតចេញពីសភាវដែលរាងកាយឈានចូលសភាវខ្មោចសង្កត់ ពោលគឺ អាការដែលកើតឡើងក្នុងអំឡុងការគេងលក់ បែបភ្នែកនៅញាក់ៗ ជាអំឡុងពេលដែលខួរក្បាលនៅធ្វើការ ប៉ុន្តែមិនអាចកម្រើករាងកាយបាន និងថាមពលដែលនៅសេសសល់ក្នុងរាងកាយ កាលពីពេលថ្ងៃមក បានបញ្ចេញមកក្នុងលក្ខណៈខ្ជីខ្ជាផ្តេសផ្តាស់ រហូតធ្វើឱ្យកើតមានការធ្វើចលនាខុសប្លែកពីធម្មតា ដូចជា អាការដូចធ្លាក់ចុះពីលើទីខ្ពស់នេះ ជាដើម។

តើអាការគេងកន្ត្រាក់ កើតលើមនុស្សបែបណាខ្លះ?

អាចកើតឡើងលើមនុស្សគ្រប់គ្នាបានទាំងអស់ តែក៏មានមនុស្សមួយចំនួន ដែលអាចកើតញឹកញាប់ជាងគេដែរ ដោយមានរបាយកាណ៍មួយបានបង្ហាញថា អាការគេងកន្ត្រាក់នេះ ច្រើនតែកើតនៅលើមនុស្ស ដែលមានសុខភាពល្អខ្លាំងជាង តែមិនញឹកញាប់ពេកនោះទេ។ ដោយមូលហេតុដែលធ្វើឱ្យកើតអាការនេះលើក្រុមមនុស្ស ដែលមានសុខភាពល្អនោះគឺ ត្រូវបានជំរុញដោយបច្ច័យផ្សេងៗដូចជា អាការនឿយល្វើយ ភាពតានតឹងធុញថប់ ការសម្រាកមិនបានគ្រប់គ្រាន់ ការហាត់ប្រាណខ្លាំងជ្រុលពេក ឬសារធាតុជំរុញពពួកកាហ្វេអ៊ីន និងនីកូទីនផងដែរ។

កើតអាការគេងកន្ត្រាក់ ត្រូវទៅឱ្យពេទ្យព្យាបាលឬទេ?

គេងកន្ត្រាក់ជាអាការ ដែលកើតឡើងមិនញឹកញាប់ទេ និងមិនមានគ្រោះថ្នាក់អ្វីឡើយ ដូច្នេះមិនចាំបាច់ទៅជួបគ្រូពេទ្យទេ ប៉ុន្តែបើលោកអ្នកកើតអាការនេះញឹកញាប់ជ្រុលហួសហេតុ រហូតដល់ខុសប្រក្រតី និងធ្វើឱ្យលោកអ្នកគេងលែងលក់ ឬកើតមានអារម្មណ៍វិតក្កកង្វល់ខ្លាំងនោះ គួរតែទៅប្រឹក្សាគ្រូពេទ្យហើយ ព្រោះវាអាចមានន័យថា លោកអ្នកកើតមានសភាវការគេងមិនលក់ ដែលខុសប្រក្រតី ដែលគួរតែព្យាបាលជាបន្ទាន់ មុននឹងកើតមានផលប៉ះពាល់ខ្លាំងជាងហ្នឹងទៅទៀត។

តើការគេងកន្ត្រាក់ មានវិធីកែយ៉ាងណាដែរ?

យើងអាចគ្រប់គ្រងអាការគេងកន្ត្រាក់នេះបាន ដោយការកាត់បន្ថយបច្ច័យជំរុញ ដែលមានដូចជា ចៀសវាងការញ៉ាំកាហ្វេនៅពេលរសៀល សម្រាលភាពតានតឹងធុញថប់ ដោយការធ្វើសមាធិ ឬអានសៀវភៅមុនគេង។ តមការលេងទូរស័ព្ទមុនគេង ចៀសវាងការញ៉ាំភេសជ្ជៈជាតិអាល់កុល និងឧស្សាហ៍ចូលគេងឱ្យទៀងទាត់ពេលវេលា និងគេងឱ្យលក់បានគ្រប់គ្រាន់៕

×