Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ៦វិធី ក្នុងការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់…នៅពេលស្នេហា ដើរមកដល់ផ្លូវទ័ល

តើអ្នកមានធ្លាប់ស្រឡាញ់មនុស្សម្នាក់ រហូតដល់គិតថា បើមិនបានរស់នៅជាមួយគេ ជីវិតរបស់អ្នក ប្រហែលជានឹងឈឺចាប់ រហូតមិនអាចអធិប្បាយបានដែរឬទេ? បើសិនជាដូច្នោះមែន តើអ្នកគិតថា ខ្លួនឯងអាចបង្ខំចិត្ត ដើម្បីលែងដៃពីគេម្នាក់នោះបានទេ បើទោះជាឈឺចាប់ប៉ុនណាក៏ដោយនោះ? តែពេលខ្លះ ការលែងដៃពីមនុស្សដែលអ្នកស្រឡាញ់ វាប្រសើរជាងការចាប់ឱបគេទុកដែរណា៎…។ ត្រឹមត្រូវ! យើងដឹងថា វាហាក់ដូចជាលំបាក ស្មុគស្មាញ និងការនិយាយ វាងាយជាងការធ្វើមែន តែយ៉ាងណាក៏ដោយ ការបែកចេញពីគ្នា គឺជាជម្រើសដែលល្អបំផុតសម្រាប់អ្នកទាំងគូ ហើយលទ្ធផល ក៏ពិតជាសមនឹងតម្លៃដែរ។ អូខេ! បើអ្នកត្រៀមខ្លួនរួចរាល់ហើយ ខាងក្រោមនេះ គឺជាគន្លឹះងាយៗ ដើម្បីឱ្យអ្នកអាចលែងដៃចេញពីមនុស្សម្នាក់ បានយ៉ាងលឿនបំផុត ទោះជាវាធ្វើឱ្យបេះដូងរបស់អ្នក ស្ទើរតែរលាយក៏ដោយ…។

-យល់ពីហេតុផលថា ហេតុអី បានការបែកចេញពីគ្នា ជាជម្រើសដែលល្អបំផុតសម្រាប់អ្នក?

សម្ព័ន្ធភាព មិនមែនជាការតស៊ូ ដើម្បីមនុស្សដែលអ្នកស្រឡាញ់នោះទេ។ ពេលខ្លះ វាអាចសមនឹងតម្លៃបំផុត នៅពេលដែលអ្នកឈប់តស៊ូ និងសុខចិត្តលែងដៃ ឱ្យគេចាកចេញទៅ តែបើសាកល្បងពិចារណាមើលឱ្យច្បាស់ទៅ អ្នកនឹងដឹងថា ការតស៊ូដើម្បីសាងសម្ព័ន្ធភាពបន្ត អាចមិនទទួលបានផលដូចប្រាថ្នា ក៏អាចថាបានដែរ ហើយការបែកចេញពីគ្នា គឺជាជម្រើសតែ ១គត់ ដែលនៅសល់ (ហើយអាចនឹងល្អបំផុត ទៀតផង)។

-ទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាង បានមកដល់ផ្លូវទ័លហើយ

វាឈឺចាប់ ខ្លាំងជាងរលាយបេះដូងទៅទៀត នៅពេលមើលឃើញសម្ព័ន្ធភាពស្នេហ៍របស់ខ្លួនឯង បាក់ដួលរលំនៅចំពោះមុខ ទាំងដែលអ្នកខំព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីថែរក្សាវាឱ្យបាន សព្វអស់ហើយ តែដូចដែលបានប្រាប់ហើយថា ទោះជាវាល្អប៉ុនណា ក៏គ្មានអ្វីគង់វង្សស្ថិតស្ថេរដែរ អ្នកអាចធ្វើបានត្រឹមតែទទួលស្គាល់ការពិតប៉ុណ្ណោះ។ យើងដឹងថា វាឈឺចាប់ណាស់ តែបើអ្នកទទួលយកវាបាន កាន់តែលឿនប៉ុនណា អ្នកនឹងរឹតតែអាចលែងដៃគេ ហើយដឹកនាំជីវិតខ្លួនឯងទៅមុខទៀត បានលឿនប៉ុននោះដែរ។

-មានតែការអភ័យទោស

ចំណុចនេះ យើងមិនបាននិយាយ តែពីការអភ័យទោសឱ្យគេប៉ុណ្ណោះទេ តែអ្នកត្រូវចេះអភ័យទោសឱ្យខ្លួនឯងផង ដែលមិនអាចចាប់ទាញគេ ឱ្យនៅជាមួយអ្នក បានយូរតទៅទៀត និងចូរអត់ទោសឱ្យខ្លួនឯង បើមិនហ៊ានសម្រេចចិត្តក្នុងការលែងដៃពីគេ ព្រោះអ្នកស្រឡាញ់គេខ្លាំងពេក និងព្រោះតែអ្នកអាត្មានិយមខ្លាំងពេក ដែលមិនព្រមលែងដៃពីគេ។ តែទីបំផុតទៅ ការលែងដៃ ទុកឱ្យគេទៅ វាងាយស្រួលជាងការឱបក្រសោបគេទុក ឆ្ងាយណាស់។
-ស្វែងរកពេលវេលា ឱ្យខ្លួនឯង

ការសេពគប់គ្នា មានន័យថា ជាការប្រើពេលវេលាភាគច្រើន នៅជាមួយមនុស្សដែលយើងស្រឡាញ់។ វាមិនខុសប្រក្រតីអ្វីទេ តែអ្នកក៏គួរតែរកពេលវេលា មើលថែទាំខ្លួនឯងខ្លះផងនោះ។ អ្វីដែលសំខាន់ ពេលអ្នកប្រើពេលវេលា នៅជាមួយខ្លួនឯងជាប្រចាំ នោះរាងកាយ និងផ្លូវចិត្តរបស់អ្នក ក៏នឹងមានអារម្មណ៍ថា ស្រស់ស្រាយ និងក្លៀវក្លាស្វាហាប់បានដែរ ហើយការមើលឃើញពីគុណតម្លៃរបស់ខ្លួនឯង នឹងកាន់តែមានច្រើនឡើង ហើយនឹងធ្វើឱ្យអាការខកស្នេហ៍ បានធូរស្រាលឡើង បើមិនយូរ ក៏ឆាប់ដែរ។

-ទុកចន្លោះទំនេរ ឬផ្អាកការមានស្នេហាជាថ្មី មួយរយៈ

កុំអាលប្រញាប់ ស្ទុះហក់ទៅរកស្នេហាថ្មី ឬគិតថា អ្នកអាចរកមនុស្សដែលល្អជាងអ្នកចាស់បានឱ្យសោះ។ សូមប្រាប់ទៅចុះថា ឥតប្រយោជន៍ទេ ហើយឱកាសដែលអ្នកអាចនឹងឈឺចាប់ខ្លាំងជាងមុន ក៏មានខ្ពស់ដែរ។ ដូច្នេះ អ្នកគួរទុកចន្លោះទំនេរ ឱ្យនៅឆ្ងាយពីមនុស្សដែលត្រូវការអ្វីផ្សេង ខ្លាំងជាងសេចក្ដីស្នេហាដ៏បរិសុទ្ធរបស់អ្នក។ ព្យាយាមប្រើជីវិតនៅលីវមួយរយៈសិន និងចូររៀនយល់ដឹងពីអ្វីផ្សេងៗ រហូតទាល់តែអ្នក ត្រៀមរួចស្រេច ជាមួយសេចក្ដីស្នេហាជាថ្មីម្តងទៀត។

-ការលែងដៃឱ្យគេទៅ អាចនឹងឈឺចាប់ តែក៏ដើម្បីអ្វីដែលល្អបំផុត នាពេលខាងមុខដែរ

ការលែងដៃឱ្យគេទៅ អាចធ្វើឱ្យជីវិតរបស់អ្នក បាក់ដួលរលំនៅពេលដំបូងៗ តែបើវាចាំបាច់សម្រាប់អ្នកទាំងគូមែននោះ ក៏បណ្ដោយឱ្យគេ ដើរចេញពីសម្ព័ន្ធភាពស្នេហ៍នេះទៅចុះ!។ ចូរនិយាយពាក្យថា លា ប្រាប់ទៅគេ និងលាអ្វីគ្រប់យ៉ាង ដែលអ្នកធ្លាប់មានរួមគ្នា ទោះជាអ្នកមានអារម្មណ៍ឈឺចុកចាប់ខ្លាំងប៉ុនណាក៏ដោយ។ ដឹងទេថា បើអ្នកទាំង២ ស្រឡាញ់គ្នាពិតមែននោះ បន្តិចទៀត គេនឹងរកផ្លូវ វិលត្រឡប់មករកអ្នក ដោយខ្លួនឯងវិញមិនខាន តែបើមិនមែនទេ…អ្នកក៏ទទួលបានមេរៀនយ៉ាងល្អមួយដែរតើ?!។ មិនយូរទេ អ្នកអាចនឹងជួបមនុស្សថ្មីម្នាក់ ដើរចូលមក និងបើកឆាកស្នេហាជាថ្មី ដូចដែលអ្នកនឹកស្រមៃ និងទន្ទឹងចាំរហូតមកនោះ ជាមិនខាន៕
…សូមឱ្យសំណាងល្អណា៎!…

×