ជីវិតដ៏សែនប្រញាប់ប្រញាល់របស់យើងនាពេលបច្ចុប្បន្ន អាចនឹងធ្វើឱ្យយើងភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយការញ៉ាំទឹកបានតិចនេះ នឹងបង្កឱ្យកើតចំណុចអាក្រក់ជាច្រើនយ៉ាង រួមទាំងជំងឺដ៏គួរឱ្យភ័យខ្លាច ដូចជា រលាកប្លោកនោម ឬរលាកតម្រងនោម ជាដើមទៀតផង។ល។
តែបញ្ហាស្ថិតនៅត្រង់ថា យើងអាចនឹងមិនដឹងខ្លួនថា យើងកំពុងតែញ៉ាំទឹកបានតិចពេកហ្នឹងឯង ដូច្នេះ ពេលនេះយើងនាំគ្នាមកសង្កេតមើល អាការរបស់រាងកាយយើងវិញប្រសើរជាងថា តើដល់ពេលហើយឬនៅ ដែលយើងគួរតែបន្ថែមជាតិទឹក ឱ្យរាងកាយឱ្យបានច្រើនឡើង។
១.ស្រេកទឹកខ្លាំង
ពេលខ្លះយើងអាចនឹងស្រេកទឹកដោយមិនដឹងខ្លួន ហើយពេលបានញ៉ាំទឹក សឹងតែមិនចង់ឈប់ញ៉ាំ លើកកែវឡើងញ៉ាំតែម្ដងអស់ និងថែមទាំងអាចនៅមានអារម្មណ៍ថា មិនទាន់បាត់ស្រេកទៀតផង។
២.ទឹកមូត្រមានពណ៌លឿងចាស់-ពណ៌ទឹកក្រូចជាប្រចាំ
ពណ៌របស់ទឹកមូត្រ ដែលប្រក្រតីគួរតែជាពណ៌លឿងខ្ចីស្រាលៗ និងក្លិនក៏មិនគួរឈួលខ្លាំង រហូតមានអារម្មណ៍ដឹងថាខុសប្រក្រតីយ៉ាងច្បាស់ដែរ។ ទឹកមូត្រពណ៌លឿងចាស់ ហើយមានអារម្មណ៍ថា ដូចជារាងខាប់ៗផងនោះ គឺជាសញ្ញាបញ្ជាក់ថា អ្នកញ៉ាំទឹកបានតិចជ្រុលពេកហើយ។
៣.បត់ជើងតូចមិនដល់ ៤ដង ក្នុង ១ថ្ងៃ
មនុស្សប្រក្រតី ត្រូវតែក្រោកទៅចូលបន្ទប់ទឹក ដើម្បីបត់ជើងតូចយ៉ាងតិចណាស់ ឬអាចច្រើនជាង ៤ដង ក្នុង១ថ្ងៃ តែបើអ្នកដឹងខ្លួនថា ថ្ងៃខ្លះ ពេលដែលអ្នកអង្គុយធ្វើការពេញ ១ថ្ងៃ សឹងតែមិនបានក្រោកទៅចូលបន្ទប់ទឹកសោះនោះ អ្នកគួរតែដឹងខ្លួន និងសួរខ្លួនឯងហើយថា អេ៎ ថ្ងៃនេះខ្ញុំបានញ៉ាំទឹកខ្លះឬនៅហ្ន៎?
៤.បបូរមាត់ឡើងស្ងួត
ក្រៅពីមានប្រតិកម្មចាញ់ (អាលែកហ្ស៊ី) នឹងក្រែមលាបមាត់ហើយ បើអ្នកមានអាការស្ងួតបបូរមាត់ញឹកញាប់ នោះអាចបណ្ដាលមកពីរាងកាយរបស់អ្នកខ្វះជាតិទឹកច្រើនហើយ។
៥.មានអារម្មណ៍ថា ភ្នែកឡើងស្ងួត
រឹតតែអ្នកណាដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ ឬពាក់ខន់ថិកលេនស៍ផងនោះ តែងជួបអាការស្ងួតភ្នែកជាញឹកញាប់ រឹតតែបើសិនជាអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ផងនោះ ភ្នែករបស់អ្នកនឹងរឹតតែស្ងួតខ្លាំងឡើងទៅទៀត។ ស្ងួតដល់ថ្នាក់ពិបាកពាក់ខន់ថិកលេនស៍ ឬសូម្បីតែពេលដោះចេញ ក៏រឹតតែពិបាកដែរ ព្រោះខន់ថិកលេនស៍ នឹងបឺតជាប់នឹងគ្រាប់ភ្នែក ព្រោះខ្វះសំណើម…អ៊ឺម៍ គួរឱ្យខ្លាចណាស់មែនទេ?
៦.ទល់លាមក
ប្រាកដណាស់ នៅពេលរាងកាយមិនបានទទួលទឹកយ៉ាងគ្រប់គ្រាន់ កាកសរសៃអាហារដែលឆ្លងកាត់ការរំលាយ ការត្រងចេញ ក៏ខ្វះសំណើមដូចគ្នាដែរ ដូច្នេះលាមកនឹងឡើងរឹង ពិបាកបត់ជើង ភ្លេចៗខ្លួន អាចកើតអាការទល់លាមកញឹកញាប់ ធ្វើឱ្យប្រឈមនឹងជំងឺឫសដូងបាតទៀតផង។
៧.ស្បែកឡើងស្ងួត ស្លាកស្នាមផ្សេងៗ មកសួរសុខទុក្ខមុនវ័យ
តឱ្យអ្នកមានស្បែកឡើងប្រេងក៏ដោយ តែអ្នកអាចក្លាយជាមនុស្សស្បែកឡើងប្រេង ដែលខ្វះជាតិទឹកបានដែរ ហើយស្បែករបស់អ្នក នឹងរឹតតែឡើងប្រេងខ្លាំងឡើង ព្រោះនៅពេលអ្នកមានស្បែកស្ងួតជ្រុលពេក ព្រោះក្រពេញខ្លាញ់នៅក្រោមស្រទាប់ស្បែក នឹងរឹតតែផលិតប្រេងច្រើនឡើង មកស្រោបស្បែក ដើម្បីការពារមិនឱ្យស្បែកស្ងួត។ តែបើអ្នកជាមនុស្សស្បែកស្ងួតវិញ ក៏នឹងរឹតតែស្ងួតខ្លាំងឡើងទៀត ហើយចុងក្រោយ ស្លាកស្នាមក៏នឹងមកសួរសុខទុក្ខអ្នកមុនអាយុមិនខាន។ សាកល្បងសង្កេតមើលថា តើស្លាកស្នាមនៅម្ដុំថ្ពាល់ ចុងភ្នែក និងថ្ងាសកើតមានហើយឬនៅ? បើអ្នកអាយុនៅតិចសោះ ស្រាប់តែមានស្លាកស្នាមឡើងពេញមុខហើយនោះ ហ្នឹងគឺបញ្ជាក់ថា ស្បែករបស់អ្នកខ្វះសំណើមហើយ នេះអាចដោយសារតែអ្នកញ៉ាំទឹក មិនបានច្រើនគ្រប់គ្រាន់ហ្នឹងឯង។
៨.ធ្វើឱ្យប្រព័ន្ធរំលាយអាហារ មានបញ្ហា
អ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ មានឱកាសកើតរោគក្រពះ ឬអាស៊ីតហូរបញ្ច្រាសខ្លាំងជាងប្រក្រតី ដោយសារតែក្រពះមានទឹកមកជួយរំលាយអាហារមិនគ្រប់គ្រាន់ បរិមាណរបស់អាស៊ីតក៏នឹងខាប់ខ្លាំងឡើង ភាពរឹងមាំរបស់ក្រពះក្នុងការរំលាយអាហារ រួមទាំងទឹករំអិល ដែលជួយក្នុងការរំលាយអាហារក្នុងក្រពះក៏ថយចុះ អាចធ្វើឱ្យអាហារមិនរំលាយ ធ្វើឱ្យតឹងពោះ ឆ្អល់ពោះ ឬយូរៗទៅអាចប្រឈមនឹងអាការអាស៊ីតហូរបញ្ច្រាសបាន។
វិធីការពារមិនឱ្យរាងកាយខ្វះជាតិទឹក ក៏សែនងាយៗ គ្មានអ្វីពិបាកសោះ ដោយអ្នកគ្រាន់តែដាក់កែវទឹកនៅជិតៗខ្លួន ហើយលើកក្រេបឱ្យបានញឹកញាប់ពេញ ១ថ្ងៃ និងត្រូវញ៉ាំឱ្យអស់រៀងរាល់ថ្ងៃ ហើយកុំរវល់តែវីវក់ជាមួយការងារ រហូតដល់ភ្លេចញ៉ាំទឹកញឹកញាប់ឱ្យសោះ។ តែប៉ុណ្ណឹងរាងកាយរបស់អ្នកនឹងបានទទួលទឹកយ៉ាងគ្រប់គ្រាន់មិនខាន៕