ប្រទេសកូរ៉េខាងជើងបានកំទេចកន្លែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរតែមួយរបស់ខ្លួនចោល ហើយមានអ្នកសារពត៌មានអន្តរជាតិមួយចំនួន ត្រូវបានគេអញ្ជើញឲ្យទៅចូលរួមមើលការកម្ទេចនោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយរបស់ BBC។
ទោះយ៉ាងណា របបកុម្មុនិស្តនេះ មិនបានអនុញ្ញាតិឲ្យអ្នកសង្កេតការឯករាជ្យចូលរួមនោះទេ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា កន្លែងនោះបានបាក់រលំរួចហើយ ដោយសារតែការបាញ់សាកល្បងនុយក្លេអ៊ែរលើកចុងក្រោយ កាលពីឆ្នាំ ២០១៧។
សូមបញ្ជាក់ថា ការកំទេចកន្លែងបាញ់សាកល្បងអាវុធប្រល័យលោក របស់កូរ៉េខាងជើង កើតឡើងមុនពេល ជំនួបកំពូលរវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ ប៉ុន្តែគំរោងនៃជំនួបកំពូលនោះ ត្រូវបានលុបចោលដោយលោក ត្រាំបាត់ទៅហើយ៕ សុភ័ក្ត្រ