ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ បានសម្រេចលើក្មេងស្រីម្នាក់ អាយុ១៧ឆ្នាំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរលាបបប្រក ជាប់ព្រំប្រទល់ខេត្តកំបង់ស្ពឺ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ យកមកកាន់អធិការដ្ឋាននគរបាល ដើម្បីធ្វើការសួរនាំ។
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកជនរងគ្រោះឈ្មោះអាយុ១៧ឆ្នាំ។ តាមការរៀបរាបរបស់ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនស្រីបានប្រាប់គាត់ថា កន្លងមកឈ្មោះ ម៉ែន ថា បានចាប់រំលោភខ្លួនជាច្រើនលើកច្រើនសា ហើយរាល់ការរំលោភ គឺមិនឱ្យនិយាយប្រាប់ម្តាយ ឪពុក ឬអ្នកណាផ្សេង ឲ្យបានដឹងឡើយ ប្រសិនបើនាងហ៊ាននិយាយនោះ គាត់នឹងសម្លាប់ចោល។ រឿងអាស្រូវមួយនេះ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក៏បានបែកធ្លាយ ចេញពីជនរងគ្រោះ ហើយម្តាយឮក៏ប្រញាប់មកប្តឹងសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ជូនកូនរបស់គាត់។
លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទី នគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យនេះ គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមគ្រួសារជនរងគ្រោះ ។ ដោយក្រោយពីទទួលបានបណ្តឹង សមត្ថកិច្ចបានចុះពិនិត្យ ដល់ចំណុចជនសង្ស័យ និងជនរងគ្រោះ រស់នៅចំណុចខាងលើ ហើយក៏នាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។ ក្រោយសមត្ថកិច្ចសួរនាំរួចហើយ ឈ្មោះ ម៉ែន ថា បានសារភាពប្រាប់ថា ពិតជាបានរំលោភជនរងគ្រោះពិតមែន ដើម្បីជៀសវាងការខ្មាសអៀន ជនសង្ស័យត្រូវគំរាមជនរងគ្រោះ មិនឱ្យនិយាយរឿងនេះឱ្យអ្នកដឹងនោះឡើយ។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ