ចង់មានគូស្នេហ៍ប៉ុន្មាននាក់នៅលើលោកនេះក៏បានដែរ តែនឹងបានជួបមនុស្សដែលគេស្រឡាញ់អ្នក ហើយមើលថែទាំអ្នក រហូតដល់ថ្ងៃស្លាប់នោះ មិនមែនរកបានងាយៗនោះទេ តែបើសិនបានជួប ហើយមានលក្ខណៈដូច ៦ចំណុចខាងក្រោមនេះ សូមមិនចាំបាច់ខំប្រឹងដើរស្វែងរកអ្នកណាទៀតទេ ព្រោះនេះហើយ គឺជាបុរសដែលស្រឡាញ់អ្នកពិតប្រាកដ រហូតដល់ថ្ងៃចុងក្រោយនៃជីវិត។
១-គេស្មោះស្ម័គ្រជាមួយអ្នកខ្លាំងណាស់ និងរៀបផែនការអនាគតជាមួយអ្នកទៀតផង
ការឆ្លងផុតពេលវេលាល្អៗជាមួយគ្នា គឺជារឿងងាយ តែការឆ្លងផុតរឿងលំបាកៗជាមួយគ្នា មិនមែនគ្រប់គូស្នេហ៍ សុទ្ធតែអាចធ្វើបាននោះទេ។ គូខ្លះត្រូវដួលរលំព្រោះតែជួបនឹងបញ្ហាផ្សេងៗ តែបុរសដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងមិនរត់គេចពីបញ្ហាទេ តឱ្យវាជារឿងដែលងងឹតសូន្យសុង រកច្រកចេញមិនឃើញក៏ដោយ ហើយគេ ក៏មិនប្រើអារម្មណ៍សម្រេចលើរឿងអ្វីមួយដែរ។
២-គេមិនដែលរត់គេចពីបញ្ហា
ដូចដែលនិយាយមកខាងលើអ៊ីចឹង មនុស្សស្មោះស្ម័គ្រពិត គេមិនរត់គេចពីបញ្ហាទេ គេនឹងហ៊ាននិយាយពីអ្វី ដែលគេគិតថា វាជាបញ្ហា ហើយនឹងរិះរកវិធីដោះស្រាយ ដើម្បីបន្តសម្ព័ន្ធភាពនេះតទៅទៀត ដោយមិនឱ្យបញ្ហាទាំងនោះ ក្លាយជាកត្តាបំផ្លាញសេចក្តីស្រឡាញ់របស់គេ ដែលមានចំពោះអ្នកឡើយ។
៣-គេតែងយកចិត្តទុកដាក់លើរឿងតូចៗជានិច្ច
បើគេនៅតែម្នាក់ឯង ប្រហែលជាគេមិនទៅខ្វល់នឹងរឿងតូចតាចទាំងនោះឡើយ គេមិនលាងចាន ឬគេមិនយកសំរាមទៅបោះចោល ជាដើម តែនៅពេលមានរូបអ្នកចូលមកក្នុងជីវិតរបស់គេ គេដឹងថា រឿងទាំងនេះសំខាន់ជាមួយអ្នក គេនឹងទទួលរ៉ាប់រងរឿងទាំងអស់នេះជំនួសអ្នក។ អាចនិយាយបានថា បើមិនស្រឡាញ់ពិត ប្រហែលជាមិនធ្វើជំនួសទេ។
៤-គេឆ្លាត និងមានភាពវាងវៃ
គេសម្លឹងមើលអ្វីគ្រប់យ៉ាងក្នុងជ្រុងដែលធំទូលាយ និងអាចផ្តល់ពាក្យណែនាំ ឬចំណុចរិះគិតល្អៗដល់អ្នកបានតាមរយៈការដោះចិត្តអ្នកដទៃ មកដាក់ចិត្តខ្លួនឯង ហើយប្រាកដណាស់ថា បើគេជាមនុស្សបែបនេះ អ្នកមិនចាំបាច់បារម្ភពីរឿងអនាគតគ្រួសារនោះទេ…គេអាចទប់ទល់បាន។
៥-គេត្រូវការឱ្យអ្នកមានអារម្មណ៍ល្អជាមួយអ្វីដែលជាខ្លួនអ្នក
គេនឹងប្រាប់ជានិច្ចថា អ្នកស្អាត តឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងអាក្រក់បំផុតនៅលើពិភពលោកក៏ដោយ។ គេធ្វើឱ្យអ្នកមានអារម្មណ៍ដឹងជាប់ជានិច្ចថា អ្នកគឺជាមនុស្សពិសេសរបស់គេ ដោយមិនខ្វល់ពីអ្នកដទៃមើលឃើញថា អ្នកជាមនុស្សបែបណានោះទេ។
៦-គេតែងជួយអ្នក ដោះស្រាយបញ្ហាជានិច្ច
បើសិនមានរឿងអ្វីមួយមករំខានអ្នក គេនឹងដឹង ហើយនិងព្យាយាមចូលមកជួយ ឬយ៉ាងហោចណាស់ ក៏គេមិនដែលបណ្តោយឱ្យអ្នក ត្រូវប្រឈមនឹងបញ្ហាតែម្នាក់ឯងដែរ៕