Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ និងប៉ាម៉ាក់ឆ្លាតវៃ៖ កូនមិនព្រមទៅសាលារៀន តើឪពុកម្ដាយគួរធ្វើយ៉ាងណា?

មិនព្រមទៅសាលារៀន…ក្មេងៗសម័យថ្មីនេះ មានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ទាំងអស់នេះ គឺដោយសារតែឪពុកម្ដាយ ចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នា ឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យកូនឆាប់ទៅសាលារៀនពេក ដោយមិនបានមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ ៤- ៥ឆ្នាំ បង្ខំឱ្យចេះគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំ ចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចបាន?

ក្មេងមិនចង់ទៅសាលារៀន មានមូលហេតុមកពីអ្វី?
១.វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។
២.រៀនអក្សរមិនទាន់គេ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។
៣.លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។
៤.ការចិញ្ចឹមថែទាំ ដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។
៥.មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការរស់នៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។

កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ?
១.កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យកូនតូចចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។
២.បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង និងការរស់នៅរួមជាមួយអ្នកដទៃ។
៣.ឱ្យទៅសាលារៀនរាល់ថ្ងៃ ដោយមិនចាំបាច់ត្រូវឱ្យឈប់ ដោយសុំជំនួយពីគ្រូៗ ឱ្យមកនៅរង់ចាំទទួលនៅកន្លែងទទួលក្មេង ដើម្បីធ្វើឱ្យរយៈពេលបែកគ្នា ពេលជូនទៅដល់សាលា មានខ្លីបំផុត។
៤.ជួយកូន ឱ្យបានលេងជាមួយមិត្តភក្ដិនៅសាលាឱ្យបានច្រើន។
៥.ទៅទទួលមកផ្ទះវិញ ឱ្យទៀងពេលវេលា។

ពេលព្រឹកមិនគួរអប់រំប្រដៅដាស់តឿនច្រើនឡើយ នៅពេលក្មេងមានអាកប្បកិរិយាយឺតយ៉ាវ ស្ពឹកស្រពន់ ដូចជា បើមិនព្រមងូតទឹក ក៏មិនអីដែរ តែត្រូវទៅសាលា ឬបើមិនព្រមញ៉ាំបាយ ក៏យកបាយដាក់ប្រអប់ទៅសាលា។ ខណៈពេលធ្វើដំណើរ ចូរនាំនិយាយពីរឿងសប្បាយៗ ដូចជារៀបផែនការថា តើនឹងធ្វើអ្វីឱ្យសប្បាយនៅពេលល្ងាច ជាដើម។ កុំចាប់អារម្មណ៍នឹងពាក្យសម្ដីដដែលៗរបស់កូន កុំខឹង និងកុំធុញទ្រាន់ ហើយបើនៅតែមិនបានផលល្អទៀតនោះ ចូរទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្ត្រកុមារ៕

×