Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ «សត្វដំរី និងខ្សែចំណងតូចមួយ»

នៅពេលបុរសម្នាក់ ដើរកាត់មុខសត្វដំរីដ៏ធំ ១ក្បាល ដែលត្រូវគេចងជើងជាប់នឹងកូនស្នឹងតូចមួយ នៅក្បែរផ្លូវនោះ គេក៏ត្រូវទុចង៉ក់ ព្រោះជំពប់ចិត្តនឹងអ្វីម្យ៉ាង ដែលមើលទៅ ហាក់ដូចជាមិនសមហេតុសមផលទាល់តែសោះ…។

នោះគឺ សត្វដំរីដ៏ធំ ១ក្បាលនេះ មានត្រឹមតែខ្សែចំណងដ៏តូចមួយ ចងជាប់ជើងខាងមុខម្ខាង ទៅនឹងកូនស្នឹងតូច ១ដើមប៉ុណ្ណោះ។ មិនមែនជាច្រវាក់ដែលធំមាំមួន ឬមានអ្វីផ្សេង ចងគ្រៀកខ្លួនវាឡើយ និងបើយើងមើលពីទំហំមាឌរបស់សត្វដំរី និងខ្សែនោះហើយ យើងនឹងគិតថា ដំរីនេះ អាចទាញខ្សែដ៏តូច ១សរសៃនោះ ឱ្យដាច់បានគ្រប់ពេល តែវាមិនធ្វើបែបនោះទេ វាបែរជាឈរយ៉ាងស្ងៀមស្ងាត់ និងគ្មានក្តីព្យាយាមនឹងធ្វើអ្វីទាំងអស់…។

គេដើរចូលទៅរកហ្មដំរី ដែលអង្គុយនៅជិតនោះ ព្រមជាមួយសំណួរ ដែលគេនឹកសង្ស័យថា តើហេតុអី បានជាសត្វដំរី មិនព្រមទាញបណ្ដាច់ខ្សែ ហើយរត់គេចទៅ ទាំងដែលខ្សែនោះ តូចត្រឹមតែប៉ុណ្ណឹងសោះ?
តែ រួចហើយ គេក៏ទទួលបានចម្លើយ ដ៏គួរឱ្យស្ងើចមកវិញថា៖
“…គឺ កាលពីវានៅតូច យើងក៏ប្រើខ្សែតូចប៉ុនហ្នឹងចងវា ហើយកាលពីវានៅអាយុប៉ុននោះ ទោះជាវាខំព្យាយាមយ៉ាងណា ក៏វាមិនទាន់មានកម្លាំងកំហែងគ្រប់គ្រាន់ ក្នុងការទាញខ្សែនោះឱ្យដាច់បានដែរ លុះដល់វាធំឡើង វាក៏នៅតែជឿដូចមុនដដែលថា វាមិនអាចធ្វើបានឡើយ ដូច្នេះហើយ ទើបវាមិនធ្វើ…”
បុរសម្នាក់នោះ នឹកចម្លែកចិត្តយ៉ាងខ្លាំង ព្រោះគ្រាន់តែមើលនឹងភ្នែក ក៏អាចដឹងដែរថា សត្វដំរី ១ក្បាលនេះអាចទាញខ្សែនោះឱ្យដាច់បាន ហើយនឹងមានសេរីភាពបានយ៉ាងមិនពិបាកឡើយ តែវាមិនធ្វើ ដោយសារតែវានៅតែជឿថា វាមិនអាចធ្វើបាន។

«ប្រៀបដូចជាមនុស្សយើងដូច្នោះដែរ មានច្រើននាក់ណាស់ ដែលមិនហ៊ានក្នុងការធ្វើអ្វី ដែលខ្លួនឯងចង់ធ្វើ ព្រោះតែជឿថា យើងធ្វើមិនបាន គ្រាន់តែដោយសារពីមុន យើងធ្លាប់ធ្វើមិនបាន ឬធ្លាប់ធ្វើម្ដងហើយ តែមិនបានសម្រេចកាលពីអតីតកាល»

-តើមានប៉ុន្មានដងហើយ ដែលអ្នកមិនហ៊ានធ្វើអ្វីទាល់តែសោះ ដោយសារតែធ្លាប់ជួបបទពិសោធមិនល្អ ឬជំនឿកាលពីអតីតកាលនោះ?
-ប៉ុន្មានដងហើយ ដែលអ្នកមិនហ៊ានធ្វើអ្វីថ្មីៗ គ្រាន់តែដោយសារអ្នកជឿថា អ្នកមិនអាចធ្វើបាន?
«នៅពេលដែលអ្នកផ្លាស់ប្តូរជំនឿបាន អ្នកនឹងមានឱកាសធ្វើបាន»

ចូរកុំបណ្តោយឱ្យបទពិសោធមិនល្អ ឬជំនឿកាលពីអតីតកាល មកដាក់កម្រិតនូវអ្វី ដែលអ្នកចង់ធ្វើនៅពេលនេះ និងពេលអនាគតឱ្យសោះ…៕

×