នៅក្នុងឱកាសពិសេសៗណាមួយក្នុងគ្រួសារ យើងជឿថា អាណាព្យាបាលជាច្រើន ប្រហែលជាត្រៀមវត្ថុអនុស្សាវរីយ៍ ឬកាដូ សម្រាប់ឱ្យកូនៗជាទីស្រឡាញ់ខ្លះៗមិនខាន តែសម្រាប់ក្រុមគ្រួសារណា ដែលកំពុងស្វែងរកកាដូ ដែលត្រូវចិត្តសមាជិកក្នុងគ្រួសារមិនទាន់បាននោះ ថ្ងៃនេះ យើងសូមណែនាំទៅចុះថា កាដូកំពូលវិសេស ៥ប្រអប់ ៥យ៉ាងដូចខាងក្រោមនេះ កូនៗគ្រប់ក្រុមគ្រួសារ នឹងចង់បានយ៉ាងពិតប្រាកដ។ មិនខុសពីកាដូដ៏សែនពេញចិត្ត ដែលកូនៗធ្លាប់ចង់បាននោះឡើយ ដូច្នេះសូមលោកឪពុកអ្នកម្ដាយនាំគ្នាមកមើលថា កាដូកំពូលវិសេសដែលកូនៗចង់បាននោះ តើលោកអ្នកអាចឱ្យកូនបានឬទេ?
កាដូប្រអប់ទី១៖ ឪពុកម្ដាយស្រឡាញ់គ្នា និងបង្ហាញសេចក្ដីស្រឡាញ់នោះ ឱ្យកូនបានឃើញ
កាដូប្រអប់នេះ អាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែឪពុកម្ដាយស្រឡាញ់គ្នា បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភកង្វល់ ដែលមានចំពោះគ្នា ឱ្យកូនបានឃើញប៉ុណ្ណោះ។ ហេសៗ…មើលទៅដូចជាមិនឃើញមានពាក់ព័ន្ធអីជាមួយកូនៗសោះ តែការពិតវិញ នៅពេលដែលកូនបានទទួលវាហើយ កូននឹងមានអារម្មណ៍ល្អ មានសេចក្ដីសុខ មានអារម្មណ៍កក់ក្ដៅ និងមានភាពជឿជាក់ នឹងនរខាងផ្លូវចិត្ត ខ្លាំងសម្បើមណាស់។
កាដូប្រអប់ទី២៖ សាងបរិយាកាសសុខសាន្តក្នុងផ្ទះ
កាដូប្រអប់នេះ នឹងចេញមកក្នុងរូបបែបនៃការនិយាយស្ដី ការប្រតិបត្តិចំពោះកូនៗ និងចំពោះគ្នាទៅវិញទៅមករបស់សមាជិកគ្រប់គ្នានៅក្នុងផ្ទះ ក្នុងផ្លូវវិជ្ជមាន។ នៅពេលកូនបានទទួល កូននឹងទទួលបានគំរូដ៏ល្អក្នុងការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន។ បរិយាកាសបែបនេះពេញទៅដោយថាមពលល្អៗ ស្ថិតក្នុងរលកធាតុអាកាសកម្រិតខ្ពស់។ ថាមពលល្អ ច្បាស់ជានឹងធ្វើឱ្យកើតរឿងល្អៗតាមមក ដូច្នេះ នៅពេលក្នុងផ្ទះយើងពោរពេញទៅដោយបរិយាកាសសុខសាន្ត មិនថាតែយើងចង់អភិវឌ្ឍ ឬឈានដើរទៅទិសខាងណា ក៏មិនពិបាកធ្វើដែរ។ ធានាថា បរិយាកាសបែបហ្នឹង វាល្អមែនទែន!!។
កាដូប្រអប់ទី៣៖ ផ្ដល់សេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ (Unconditional Love)
ក្មេងៗគ្រប់រូប ត្រូវការសេចក្ដីស្រឡាញ់ ហើយប្រភេទរបស់សេចក្ដីស្រឡាញ់ ដែលក្មេងៗត្រូវការខ្លាំងបំផុតនោះ គឺសេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ គ្មានចង់បានអ្វីមកវិញទាំងអស់ ឬមិនថាយ៉ាងណា ក៏ឪពុកម្ដាយនៅតែស្រឡាញ់កូនៗ។ កាដូប្រអប់នេះ នៅពេលកូនបានទទួលហើយ កូននឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សសំខាន់ ជាមនុស្សពិសេស ហើយកូននឹងមានអារម្មណ៍ថា ខ្លួនឯងមានគុណតម្លៃ។
កាដូប្រអប់ទី៥៖ ផ្ដល់ពេលវេលាទៅកូន
កាដូប្រអប់នេះ នៅពេលកូនបានទទួល កូននឹងមានអារម្មណ៍ថា ឪពុកម្ដាយស្រឡាញ់រូបគេ គេជាមនុស្សសំខាន់សម្រាប់ឪពុកម្ដាយ ឪពុកម្ដាយចាត់លំដាប់ភាពសំខាន់ចំពោះគេ មុនអ្វីៗទាំងអស់។ “ក្មេងៗ វាស់បរិមាណសេចក្ដីស្រឡាញ់ ពីចំនួនពេលវេលាដែលឪពុកម្ដាយមានចំពោះគេ”។
កាដូប្រអប់ទី៥៖ ផ្ដល់ការទទួលស្គាល់ចំពោះអ្វីដែលជារូបគេ(កូន)
មនុស្សគ្រប់រូប កើតមកមានភាពពិសេស មានឯកលក្ខណៈដោយឡែករបស់ខ្លួន ដែលមិនដូចអ្នកណា។ យើងកើតមកដើម្បីសាងភាពខុសប្លែកពីគ្នា សាងរឿងល្អៗចំពោះពិភពលោកមួយនេះ។ កូនៗយើងក៏ដូចគ្នាដែរ កាដូប្រអប់នេះ យើងឱ្យកូនបានដោយការទទួលស្គាល់ពីបុគ្គលិកលក្ខណៈប្រចាំខ្លួនរបស់កូន។ ទទួលស្គាល់ថា កូនមានភាពត្រឹមត្រូវ មានរសនិយម មានចំណូលចិត្ត មានចំណាប់អារម្មណ៍ មានក្ដីស្រមៃរបស់ខ្លួនគេ។ ទទួលស្គាល់នូវគំនិតយោបល់ និងអ្វីៗគ្រប់យ៉ាងដែលជារូបគេ។
កាដូ ឬអំណោយ ឬវត្ថុអនុស្សាវរីយ៍ ដែលប្រគល់ទៅឱ្យកូន ក្រៅពីការទទួលស្គាល់ពីភាពជារូបគេហើយ វាថែមទាំងជាការមិនព្យាយាមផ្លាស់ប្ដូរកូន ឱ្យកូនក្លាយជាអ្វី ឬទៅតាមអ្វីដែលយើងត្រូវការទៀតផង។ ឧបត្ថម្ភគាំទ្រ ឱ្យកូនប្រើប្រាស់កាដូប្រអប់នេះឱ្យអស់តម្លៃ ដោយអនុញ្ញាតឱ្យកូននាំយកឯកលក្ខណៈពិសេស ដែលមិនដូចអ្នកណារបស់គេមកប្រើ ឱ្យកើតប្រយោជន៍ចំពោះពិភពលោកមួយនេះ ព្រោះពិភពលោកនាយុគសម័យខាងមុខ មិនត្រូវការមនុស្សដដែលៗ ដែលធ្វើតាមៗគ្នានោះទេ តែត្រូវការអ្នកដឹកនាំ ដែលមកសាងភាពខុសប្លែក និងអ្វីដែលថ្មី៕