Ronaldinho និងប្រពន្ធទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រេស៊ីល ឲ្យដឹងថា ភរិយាទាំងពីររបស់លោកគឺ Priscilla Coelho និង Beatriz Souza ត្រូវបានលោក “រៀបការ” ទាំងពីរនាក់ ក្នុងពេលតែមួយ នៅខែសីហា ឆ្នាំទៅម៉ិញ នាភូមិគ្រឹះនៅ Rio de Janeiro ។
ទិវាមង្គលនេះ ត្រូវបានរៀបចំត្រឹមត្រូវតាមប្រពៃណីរបស់ប្រេស៊ីល ។
នៅទឹកដីអាមេរិកខាងត្បូងនេះ ការរៀបការនិងរស់នៅជាមួយប្រពន្ធពីរក្នុងពេលតែគឺបំពានច្បាប់ ហើយអាចជាប់គុកដល់ទៅ ៦ឆ្នាំ ។ អាស្រ័យហេតុនេះ ដើម្បីគេចផុតពីមាត្រាច្បាប់ខាងលើ ក្នុងពិធីមង្គលរបស់ Ronaldinho ប្រព្រឹត្តទៅតាមបែបជំនួបជួបជុំសប្បាយក្នុងគ្រួសារ និងមិត្រភក្តិ ។ ពួកគេមិនបានធ្វើលិខិតស្នាម ឬចុះអេតាស៊ីវិលអ្វីទាំងអស់ ។ គ្រាន់តែដឹងថា អតីតកំពូលកីឡាកររូបនេះ បានផ្តល់លុយរូបចាយវាយក្នុងមួយខែៗដល់ភរិយាក្នុងម្នាក់ ១៥០០អឺរ៉ូ ។
យ៉ាងនេះក្តីប្រភពព័ត៌មានឲ្យដឹងថា ទំនាក់ទំនងរបស់គេទាំង៣ ពិតជាស្រុះស្រួលគ្នាល្អណាស់ ។
ប្រព័ន្ធផ្សព្វផ្សាយប្រទេសនេះ និយាយលេងបន្លំមែនថា ៖ កាលនៅជាកីឡាករគាត់ជាជើងឯកទម្លុះសំណាញ់ដៃគូប្រកួត ហើយពេលចូលនិវត្តន៍គាត់នៅអាចទម្លុះបានសំណាញ់ច្បាប់ ៕ ចន្ទ្រា