ប្រធានាធិបតីអាមេរិក បានទុកច្រកសម្រាប់លទ្ធភាពនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង តាមផែនការដំបូង ក្រោយពីរយៈពេលមួយថ្ងៃដែលលោកប្រកាសលុបចោលជំនួបនេះ ។
ត្រាំឆ្លើយតបនឹងអ្នកកាសែតអំពីជំនួបជាមួយគីម ជុងអ៊ុនថា នៅតែអាចប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ។
តាម Reuter នៅថ្ងៃទី ២៥ ខែឧសភា ម្សិលម៉ិញនេះ លោកបាននិយាយប្រាប់អ្នកកាសែតថា ៖ យើងខ្ញុំនឹងពិនិត្យមើលរឿងអ្វីនឹងកើតឡើង ។ យើងខ្ញុំកំពុងសន្ទនាជាមួយពួកគេក្នុងពេលនេះតែម្តង ។ អង្គប្រជុំអាចប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ។ ពួកគេចង់ធ្វើរឿងនេះណាស់ ។ យើងខ្ញុំក៏ចង់ធ្វើរឿងនេះដែរ ។
ពេលដែលអ្នកកាសែតសួរថា តើកូរ៉េខាងជើង ពិតជាកំពុងលេង “ល្បែង” ដែរឬទេ? លោកត្រាំទទួលស្គាល់ថា ក្រុងព្យុងយ៉ាងបានធ្វើបែបនេះ ហើយលោកក៏ធ្វើដូច្នេះដែរ ។ អ្នកណាក៏លេងល្បែងនេះទាំងអស់ អ្នកដឹងហើយតើ! ។
សេចក្តីថ្លែងការណ៍របស់លោកត្រាំ ដូចពោលខាងលើត្រូវបានលើកឡើងមួយថ្ងៃក្រោយពេលដែលលោកបញ្ជូនលិខិតទៅឲ្យមេដដឹកនាំកូរ៉េខាងជើង ប្រកាសប្រាប់ពីការលុបចោលជំនួបត្រូវបានរៀបចំផែនការមុននោះ សិង្ហបុរី ។
គួររំលឹកថា ក្រោយពេលត្រាំ ប្រកាសដកថយពីជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Kim Kye-gwan ប្រកាសថា ក្រុងព្យុងយ៉ាង នៅតែបើកទូលាយក្នុងដំណោះស្រាយបញ្ហាជាមួយក្រុងវ៉ាស៊ីនតោន តាមគ្រប់វិធីនិងគ្រប់ពេល ។ អនុរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានស្ងើចសរសើរលោកត្រាំ ថាបានប្រឹងប្រែងជំរុញឲ្យមានជំនួបកំពូល ហើយសង្ឃឹមថា រូបមន្តត្រាំ អាចជួយដោះស្រាយនឹងការខ្វែងគំនិតអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ តាមលោក Kim Kye-gwan នោះការឆ្លុះបញ្ចាំងទស្សនៈរបស់កូរ៉េខាងជើង និងអាមេរិក ទោះបីផ្ទុយគ្នាក៏បង្ហាញឲ្យឃើញភាពចាំបាច់ត្រូវតែមានជំនួបកំពូល ។
ជាការឆ្លើយតបត្រាំ បានសរសេរលើ Twitter ព្រឹកម៉ិញនេះថា លោកអបអរកូរ៉េខាងជើង មានសុឆន្ទៈរក្សាការចរចា ហើយសម្តែងក្តីសង្ឃឹមថា ប្រការនេះនឹងនាំឲ្យមានភាពរុងរឿង និងសន្តិភាពយូរអង្វែង ៕ សូយន