ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជូនដំណឹងឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលថ្នាំកសិកម្មទាំងអស់ ត្រូវផ្អាកជាបណ្ដោះអាសន្ន នូវការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ ។ ការផ្អាកនេះក្រោយពីមានករណីពុល ប្រជាពលរដ្ឋនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលសង្ស័យទៅលើករណីប្រើប្រាស់ថ្នាំកសិកម្មខុសច្បាប់ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានសេចក្ដីជូនដំណឹងដោយបានណែនាំដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មទាំងអស់ ត្រូវផ្អាកការផ្គត់ផ្គង់ចែកចាយថ្នាំកំចាត់ស្មៅជាបណ្ដោះអាសន្ន រង់ចាំការត្រួត ពិនិត្យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលមានសមត្ថកិច្ចជំនាញ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា “ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលថ្នាំកសិកម្មទាំងអស់ ត្រូវជាបណ្តោះអាសន្ននូវការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ ហើយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចដែលប្រចាំការនៅតាមមាត់ច្រកព្រំដែនអន្តរជាតិ ច្រកទ្វេរភាគី ច្រករបៀង និងច្រកចេញចូលផ្សេងទៀត ត្រូវរួមសហការទប់ស្កាត់ការនាំចូលខុសច្បាប់ នូវថ្នាំកសិកម្មគ្រប់ប្រភេទ”។
លោករដ្ឋមន្ត្រី ក៏បានប្រាប់ទៅដល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងម្ចាស់កសិដ្ឋានទាំងអស់ដែលបាននាំចូលថ្នាំកសិកម្មទៅប្រើប្រាស់ នៅលើដីសម្បទានសេដ្ឋកិច្ចនិងកសិដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ជូនក្រសួងកសិកមុ្ម អំពីការប្រើប្រាស់ ដើម្បីចុះត្រួតពិនិត្យ និងណែនាំបច្ចេកទេសក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាព៕ ដោយ៖បញ្ញាស័ក្តិ