កាលពីសម័យមុន មនុស្សចាស់តែងចូលមកមានតួនាទីច្រើន ក្នុងរឿងការជ្រើសរើសគូគ្រងឱ្យកូនចៅ ដោយអាចនឹងប្រើប្រាស់បទពិសោធជីវិតដែលធ្លាប់បានឆ្លងកាត់មកមុន ដើម្បីពិចារណាថា តើបុរស ឬស្ត្រីលក្ខណៈយ៉ាងណា ដែលនៅពេលរៀបការ និងរួមរស់នៅជាមួយគ្នាហើយ នឹងធ្វើឱ្យកើតមានសេចក្ដីសុខឡើង ប៉ុន្តែទំនៀមទម្លាប់បែបនេះ ប្រហែលជាពិបាកប្រើណាស់ក្នុងពេលបច្ចុប្បន្ន ព្រោះថា កំលោះក្រមុំយុគសម័យថ្មីនេះ ក៏មានឥស្សរៈសេរីភាព និងរៀនយល់ដឹងក្នុងការចេះសម្រេចចិត្តដោយខ្លួនឯងច្រើនឡើងដែរ។ បើឱ្យចាស់ៗជាអ្នកចាត់ការរឿងជីវិតអាពាហ៍ពិពាហ៍ ដែលទោះជាចាស់ៗបានជ្រើសរើសយ៉ាងល្អល្អះហើយក៏ដោយ តែដោយភាពជាមនុស្សសម័យថ្មី ដែលត្រូវការមានឥស្សរៈសេរីភាពលើជីវិតខ្លួនឯងខ្លាំង អាចធ្វើឱ្យមិនអាចថែរក្សាអារម្មណ៍ល្អៗចំពោះគូគ្រងដែលចាស់ៗជ្រើសរើសឱ្យនោះបានឡើយ។
សម្រាប់កំលោះក្រមុំ…សេចក្ដីស្នេហា គឺជារឿងដែលមានអត្ថន័យធំធេងណាស់ ការសម្រេចចិត្តរៀបការ ក៏គួរតែឈរលើមូលដ្ឋាននៃសេចក្ដីស្រឡាញ់ ដែលពោរពេញដោយក្ដីយល់ចិត្តយល់ថ្លើមគ្នាយ៉ាងពិតប្រាកដ និងស្មោះស្ម័គ្រ ខ្លាំងជាងការសម្រេចចិត្តរៀបការដោយសេចក្ដីស្នេហា បែបគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតនោះ។ យ៉ាងណាក៏ដោយ មិនមែនមានន័យថា សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតនោះមិនល្អនោះទេ តែវាជាចំណុចដែលត្រូវប្រុងប្រយ័ត្នថា “សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតតែម្យ៉ាង អាចនឹងមិនគ្រប់គ្រាន់ ក្នុងការយកមកសម្រេចចិត្ត រហូតនាំឆ្ពោះទៅដល់ជីវិតអាពាហ៍ពិពាហ៍បានឡើយ” យើងត្រូវការពេលវេលាក្នុងការរៀនយល់ដឹង ស្គាល់ចិត្តថ្លើមគ្នា ដែលគូស្នេហ៍ត្រូវការពេលវេលាមួយរយៈ។
គោលការណ៍ក្នុងការជ្រើសរើសគូគ្រង
-សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ៖ ជាចំណុចដំបូងដែលសំខាន់ យើងគួរមានការយល់ដឹងក្នុងរឿងស្នេហា ដែលត្រឹមត្រូវ។ សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ និងសេចក្ដីប្រាថ្នាល្អចំពោះគ្នា និងអារម្មណ៍ក្នុងការកសាងរឿងដែលល្អៗរួមគ្នា។ ត្រូវសម្លឹងមើលថា តើគូស្នេហ៍របស់យើងក្នុងខណៈនេះ មានអារម្មណ៍ចំពោះគ្នា ដូចដែលបានរៀបរាប់មកនេះឬទេ? ភាពពាក់ព័ន្ធនេះ ត្រូវមានច្រើនគ្រប់គ្រាន់ ទើបអាចនាំឆ្ពោះទៅរកការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលរួមសុខរួមទុក្ខរួមជាមួយគ្នាបាន។
-សិក្សាយល់ដឹងពីគ្នាទៅវិញទៅមក៖ ការមករស់នៅរួមគ្នា មកបំពេញតួនាទីជាឪពុកម្ដាយ មានភាពទទួលខុសត្រូវ ខ្លាំងជាងគ្រាន់តែស្រឡាញ់គ្នាទៅទៀត។ ការរៀបការ គឺជារឿងនៃការត្រូវទទួលខុសត្រូវរួមគ្នា ចូលមករួមរស់ជាមួយគ្នា និងកែបញ្ហាជាមួយគ្នា មិនមែនត្រឹមតែមកនៅជាមួយគ្នាធម្មតាៗនោះទេ។ ដូច្នេះហើយ ទើបត្រូវព្យាយាមសិក្សាយល់ដឹងរវាងគ្នានឹងគ្នា សាកល្បងរៀនយល់ដឹងពីជីវិត និងបុគ្គលិកលក្ខណៈរបស់ភាគីម្ខាងៗ ហើយសាកល្បងពិចារណាមើលថា តើអ្នកស្រឡាញ់ម្នាក់នោះប៉ុនណា? មានភាពយល់ចិត្តគ្នាច្រើនគ្រប់គ្រាន់ ក្នុងការមករស់នៅរួមគ្នាហើយឬនៅ?។ កុំតាំងសេចក្ដីសង្ឃឹមថា រៀបការរួចហើយ អ្វីៗគ្រប់យ៉ាង ប្រហែលជានឹងល្អប្រសើរឡើងដោយឯកឯង ឬរៀបការរួចហើយ គេប្រហែលជាផ្លាស់ប្ដូរ ដូចដែលយើងត្រូវការចង់បាននោះឱ្យសោះ។ សុំឱ្យគិតថា ចុះបើសិនជាគេមិនផ្លាស់ប្ដូរ និងនៅតែដូចពីដើមតទៅរហូតពេញ ១ជីវិតអាពាហ៍ពិពាហ៍វិញនោះ តើយើងនឹងនៅតែស្រឡាញ់គេ ឬក៏នៅតែរស់នៅជាមួយគេ បានតទៅទៀតដែរឬទេ?។ -ភាពអាចទៅរួចក្នុងការរស់នៅរួមគ្នា៖ ប្រការបន្តទៅទៀត ដែលត្រូវពិនិត្យមើលគឺ ភាពអាចទៅជាមួយគ្នាបានក្នុងរឿងចរិតនិស្ស័យ ចិត្តគំនិត បុគ្គលភាព ឬសភាវវុឌ្ឍិរបស់ម្នាក់ៗ ព្រោះនៅពេលរស់នៅជាមួយគ្នា ផ្នែកដែលនឹងនៅជាមួយគ្នាមែនទែននោះគឺ ចរិតនិស្ស័យ ចិត្តថ្លើមរបស់ភាគីទាំង២ និងបុគ្គលភាពរបស់ម្នាក់ៗ។ កុំទៅតាំងក្ដីសង្ឃឹមថា ក្រោយពីរៀបការហើយ គេនឹងផ្លាស់ប្ដូរចរិតនិស្ស័យ ដូចដែលយើងត្រូវការ ឬអាចនឹងមានច្រើនយ៉ាងទៀតដែលយើងមិនទាន់មើលឃើញ ក្នុងអំឡុងពេលនៅជាគូស្នេហ៍នឹងគ្នា ជាពិសេសគូដែលស្គាល់គ្នា ក្នុងរយៈពេលខ្លី ត្រឹមតែប៉ុន្មានខែ ហើយក៏រៀបការ។
-ស្ថានភាពជុំវិញខ្លួនរបស់ភាគីទាំង២៖ ជារឿងដែលអាចនឹងត្រូវលើកយកមកពិចារណាដែរ ដូចជារឿងចំណេះដឹង និងការសិក្សា អាជីព ស្ថានភាពសេដ្ឋកិច្ច ឋានៈខាងសង្គម និងវប្បធម៌។ល។ រឿងទាំងអស់នេះ សម្រាប់កំលោះក្រមុំសម័យថ្មី អាចនឹងសម្លឹងមើលថា ស្រឡាញ់តែរូបគាត់ម្នាក់ ក៏គ្រប់គ្រាន់ហើយ អ្វីៗដែលនៅជុំវិញខ្លួនគាត់ មិនចាំបាច់ទៅចាប់អារម្មណ៍ទេ។ ការពិតទៅ រឿងទាំងអស់នោះ បើចាប់អារម្មណ៍បន្តិច ក៏ជាការល្អដែរ ដើម្បីបាននាំឆ្ពោះទៅរកវិធីការកែបញ្ហារួមគ្នានៅថ្ងៃខាងមុខនៃជីវិតអាពាហ៍ពិពាហ៍ ដូចជា រឿងឋានៈខាងសង្គមជាដើម។ ទោះជាភាពខុសប្លែកគ្នាខាងឋានៈ មិនបានកំណត់ពីភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ក៏ពិតមែន តែជាច្រើនដង ដែលទាំង ២នាក់ អាចនឹងត្រូវរងសម្ពាធពីមនុស្សជុំវិញខ្លួន ត្រូវគេសម្លក់សម្លឹង ត្រូវរងការទិតៀនជាប់ជានិច្ច រហូតអាចធ្វើឱ្យកើតក្ដីវិតក្កកង្វល់ ឬទើសទាល់ក្នុងចិត្តឡើងបាន។ ដូច្នេះ ចូរសួរចិត្តខ្លួនឯងទៅមើលថា តើមានភាពរឹងមាំ ឬភាពត្រៀមខ្លួនជាស្រេចក្នុងការកែបញ្ហានេះដែរឬទេ? ឬស្ថិតក្រោមសភាវ ដែលឋានៈខុសប្លែកគ្នាខ្លាំង អាចនឹងនាំឆ្ពោះទៅរកភាពយកចិត្តទុកដាក់ ដែលខុសគ្នា ឬកើតមានអារម្មណ៍ ដែលមិនផ្ដល់កិត្តិយសរវាងគ្នានឹងគ្នា អាចនឹងភ្លេចខ្លួននិយាយគ្នាចុះនិយាយគ្នាឡើង ក្លាយជាការប៉ះពាល់ផ្លូវចិត្តគ្នាក៏មាន។ ដូច្នេះប្រហែលជាត្រូវផ្ដល់កិត្តិយសដល់គ្នាទៅវិញទៅមក ដោយអាចនឹងត្រូវព្រមបត់បែន ឬទទួលយកតួនាទីខ្លះ និងកុំភ្លេចថា ក្នុងយុគសម័យថ្មីបែបនេះ ត្រូវបើកចិត្តឱ្យទូលាយឡើង៕