Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ៖ អាមេរិក មិន​អាច​ឱ្យ​កម្ពុជា អនុវត្ត​ដូច​អាមេរិក បាន​នោះ​ទេ​

​ភ្នំពេញ​៖ លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់​ថា សហរដ្ឋអាមេរិក មិន​អាច​ឱ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់​ដូច​អាមេរិក​បាន​នោះ​ទេ ព្រោះ​កម្ពុជា មាន​ច្បាប់​របស់​កម្ពុជា រីឯ​អាមេរិក​មាន​ច្បាប់​របស់​អាមេរិក​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅក្នុង​ឱកាស​ដែល លោក​បណ្ឌិត​សភា​ចារ្យ រួមជាមួយ​លោក Charles Edel អតីត​ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក បាន​រៀបចំ​បាឋកថា​មួយ ស្ដីពី នយោបាយ​ការបរទេស​របស់​អាមេរិក នៅ​តំបន់​អាស៊ី នៅ​ទីតាំង​រាជបណ្ឌិត្យសភា​។​

​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា អាមេរិក មិន​អាច​ឱ្យ​កម្ពុជា ដើរ​ដូច​អាមេរិក​បាន​នោះ​ទេ ដោយសារ​តែ​អាមេរិក បាន​ដើរ​អស់​រយៈពេល​៤០០​ឆ្នាំ​ជាង ដូច្នេះ​មិន​អាច​ឱ្យ​ប្រទេស​កម្ពុជា ទើបតែ​ទទួល​បាន​សន្តិភាព​នៅ​ឆ្នាំ​១៩៩៣ ហើយ​អាមេរិក មិន​ដែល​មាន​មហាអំណាច​ណាមួយ ទៅ​បំផ្លិចបំផ្លាញ​ដូច​កម្ពុជា​នោះ​ទេ​។​

​លោក​បណ្ឌិត​សភា​ចារ្យ បាន​បន្តថា កម្ពុជា ជា​ប្រទេស​ដែល​កើតឡើង ដោយសារ​ការ​បោះឆ្នោត ស្រប​តាម​របប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ​គោរព​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស ហើយ​ការអនុវត្ត​ច្បាប់​រដ្ឋ ទៅលើ​អ្នក​ល្មើសច្បាប់ ជា​សិទ្ធិ​របស់​ខ្លួន មិន​ត្រូវ​ការសម្រេច​ពី​បរទេស​ណាមួយ​នោះ​ទេ​។​

​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច បានបញ្ជាក់​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​អនុវត្តន៍​ច្បាប់​តឹងរឹង លើ​បុគ្គល​មួយចំនួន​ដែល​ធ្វើ​ល្មើសច្បាប់ បែរ​ជា​បរទេស​ទាំង​នេះ នាំ​គ្នា​ស្រែក​ថា រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្តន៍​ផ្តាច់ការ​ទៅវិញ តែ​ពេល​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធ របស់​ខ្លួន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ទៅលើ​អ្នកប្រឆាំង ឬ​ជន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​វិញ ហេតុអ្វី​ក៏​មិន​នាំគ្នា​ស្រែក​ថា​ផ្តាច់​ផង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×