ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាជាតិលើកទី២ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ដែលមានរយៈពេលមួយសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករិនី និងគ្រូបង្វឹកចូលរួម សរុប ៤.១៦៣ នាក់ លើប្រភេទកីឡាចំនួន២៧ រួមមានវិញ្ញាសារចំនួន២៧៤ មកពីក្រសួង រាជធានី-ខេត្តចំនួន២៥។
កម្មវិធីបើកព្រឹត្តិការណ៍កីឡានេះ ក៏មានការរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើកកីឡាជាតិ រួមមានដូចជាការដង្ហែក្បួនព្យុះហយាត្រាប្រតិភូកីឡាតាមបណ្តាខេត្តនានា ការសម្តែងបែបសិល្បវប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការសម្តែងចលនាកាយសមស្របពីគរុសិស្សកីឡា ក្រុមកីឡាតេក្វាន់ដូ ការសម្តែងចលនាកាយកម្សាន្តចម្រៀង ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងការបាញ់កាំជ្រួចអបអរសាទរផដែរ។
ក្រៅពីការអញ្ជើញជាអធិបតីភាពដោយផ្ទាល់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ក៏មានកម្មវិធីកាន់តែអស្ចារ្យជាងលើកទី១ផងដែរ ដោយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិផងដែរ។
ចំពោះភ្លើងគប់ខាងលើតំណាងអត្តពលិកជាតិ ដែលត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានពីព្រះមហាក្សត្រនោះ រួមមាន៖ កីឡាករ ឃុន ឌីម៉ា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ។ បន្ទាប់មក ឌីម៉ា នឹងរត់កាន់ភ្លើងគប់អមដោយតារាបាល់ទាត់ឆ្នើមៗ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម រួមជាមួយកីឡាករក្បាច់គុណល្បុក្កតោចំនួន១០រូប ពីព្រះបរមរាជវាំង ជាមួយនឹងក្បួនម៉ូតូធំ ១២គ្រឿង តាមផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះមកពហុកីឡដ្ឋានជាតិ។
ការប្រកួតកីឡាជាតិនេះ រៀបចំឡើងក្នុងគោលបំណង វាស់ស្ទង់គុណផលកីឡា តាមប្រភេទកីឡានីមួយៗ ក៏ដូចជាហ្វឹកហ្វឺនមន្ត្រីរៀបចំការប្រកួត មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមក្នុងការត្រៀមលក្ខណៈឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការកួតកីឡាជាតិលើកទី២រួចហើយនោះ ក៏មានពិធីដង្ហែ និងទទួលភ្លើងគុប ដែលដង្ហែពីព្រះបរមរាជវាំងមកកាន់ពហុកីឡដ្ឋានជាតិដោយកីឡាករ កីឡាការិនីល្បីៗជាច្រើនផងដែរ មុននឹងអញ្ជើញប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអុចបំភ្លឺ បើកព្រឹត្តិការណ៍ការកប្រកួតកីឡាជាតិឆ្នាំ២០១៨នេះ ចាប់ពីពេលនេះតទៅ៕ ដោយ៖បញ្ញាស័ក្តិ