Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមជួយប្រជាពលរដ្ឋគ្រប់វិធីពីគ្រោះទឹកជំនន់

ភ្នំពេញ ៖ ដោយសង្កេតឃើញទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រមទាំងមានទឹកហូរធ្លាក់ពីភ្នំ និងពីប្រទេសថៃផងនោះ ក៏បានបង្កការជន់លិចនៅតាមតំបន់ទំនាបមួយចំនួន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឱ្យត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តជាប់ជាមួយព្រំដែនប្រទេសថៃ។ ជាពិសេសត្រៀមជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព បញ្ចៀសហានិភ័យដល់អាយុជីវិត។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹង នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នេះថា «សម្តេចតេជោ ហ៊ុន សែន លោកបានដាក់បទបញ្ជាម៉ឺងម៉ាត់មកកាន់រូបខ្ញុំ ឱ្យចុះទៅតាមខេត្តជាប់ព្រំដែន ហើយត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយទឹកជំនន់។ ជាពិសេស ត្រូវបញ្ចៀសការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ក្នុងនាមជាសេនាធិការជួរមុខរបស់ សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ , រូបលោក ត្រៀមអនុវត្តន៍ជានិច្ច តាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុនសែន, ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រូបលោកបានចល័តនៅតាមបណ្តាខេត្តនានាជាប់ព្រំដែនថៃ ដើម្បីតាមដានស្ថានភាពទឹក និងចាត់ចែងរៀបចំមន្ត្រីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយតាមខេត្តនីមួយៗ ត្រៀមឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ទឹកភ្លៀងនេះ។

ជាក់ស្ដែង នៅថ្ងៃអាទិត្យ ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅកាន់ខេត្តព្រះវិហារ ដែលតំបន់មួយចំនួននៅក្នុងខេត្តនេះ កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង, ចំណែកទឹកស្ទឹងសែន នៅទីរួមខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជិតមួយសប្តាហ៍កន្លងទៅនៅខាងភ្នំដងរែក ទឹកហូរចុះមកក្រោម ធ្វើឱ្យទឹកស្ទឹងសែនឡើងដល់កម្ពស់ ១១.៩៥ម៉ែត្រ លើសកម្រិតត្រូវប្រុងប្រយ័ត្ន ០.៤៥ម៉ែត្រ និងបានហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន និងទីទំនាបនៅតាមមាត់ស្ទឹង កន្លែងខ្លះត្រឹមជង្គង់ កន្លែងខ្លះត្រឹមភ្លៅ តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×