Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ “មើមការ៉ុត ស៊ុត កាហ្វេ”

ថ្ងៃមួយ កូនស្រីបានមករៀបរាប់អំពីជីវិតដ៏សែនលំបាករបស់ខ្លួន ឱ្យឪពុកស្តាប់ថា នាងកំពុងតែមានអារម្មណ៍ថា នាងទ័លប្រាជ្ញាក្នុងការចាត់ការជាមួយជីវិត និងប្រាថ្នាក្នុងការសុខចិត្តចុះចាញ់ជីវិតហើយ ដោយសារតែមានអារម្មណ៍ថា នឿយណាយនឹងការខំប្រឹងតស៊ូ និងការប្រកួតប្រជែង ដែលវាហាក់ដូចជាថា នៅពេលដោះស្រាយបញ្ហាមួយរួចហើយ បញ្ហាមួយទៀត ក៏ឈានចូលមកដល់ មិនដែលបានស្រួលម្តងណាឡើយ។
បុរសជាឪពុក ដែលមានរបរជាមេចុងភៅ ក៏ដើរនាំមុខកូនស្រី ចូលទៅក្នុងចង្ក្រានបាយ ចាត់ចែងដាក់ដាំទឹកនៅក្នុងកូនឆ្នាំងចំនួន៣ នៅលើភ្លើងដែលកំពុងឆេះខ្លាំង។ រហូតដល់ទឹកពុះ គាត់ក៏ដាក់មើមការ៉ុតចូលទៅក្នុងឆ្នាំងទី១ ដាក់ស៊ុតទៅក្នុងឆ្នាំងទី២ និងដួសកាហ្វេដាក់ចូលទៅក្នុងឆ្នាំងទី៣ រួចទុកឱ្យវាពុះទៅជារឿយៗ ដោយគ្មានពាក្យអធិប្បាយអ្វីទាំងអស់។
ខាងកូនស្រីហាក់ដូចជាចាប់ផ្តើមមានអារម្មណ៍មិនល្អ និងអស់ក្តីអំណត់ និងថែមទាំងនឹកឆ្ងល់ថា តើឪពុករបស់នាង កំពុងតែប្រុងធ្វើអ្វីទៀត?។ ២០នាទីបានកន្លងផុតទៅ ឪពុកក៏បិទភ្លើងចង្ក្រានហ្គាស គាត់ដួសមើមការ៉ុត ដែលស្ងោរនោះមកដាក់ក្នុងចាន ស្រង់ស៊ុតមកដាក់នៅក្នុងចាន ១ទៀត និងដួសកាហ្វេមកដាក់នៅក្នុងពែង ហើយបែរទៅសួរកូនស្រីថា តើកូនឯងមើលឃើញអ្វីខ្លះ?
កូនស្រីឆ្លើយថា ឃើញមើមការ៉ុត ស៊ុត និងកាហ្វេ។ ឪពុកក៏ប្រាប់ ឱ្យកូនយកដៃទៅប៉ះមើមការ៉ុត។ នាងក៏ដឹងថា វាត្រូវបានស្ងោរឡើងទន់ផុយ រួចហើយឪពុកក៏ប្រាប់ ឱ្យកូនស្រីគោះបំបែកស៊ុត នៅពេលនាងបកសម្បកស៊ុតចេញអស់ហើយ ក៏បានដឹងថា ស៊ុត ១គ្រាប់នោះ ត្រូវបានស្ងោរឆ្អឹនហើយ ហើយចុងក្រោយបំផុត ឪពុកក៏ប្រាប់ឱ្យកូនស្រី សាកល្បងក្រេបកាហ្វេ លមើល។ នាងញញឹម និងភ្លក្សរសជាតិដ៏ក្រអូបឈ្ងុយនោះ ហើយសួរមួយៗទៅឪពុកថា តើវាមានន័យថាយ៉ាងម៉េចដែរទៅប៉ា?
ឪពុកក៏អធិប្បាយថា យើងបានធ្វើទៅលើវត្ថុទាំង ៣នេះ ដោយលក្ខខណ្ឌតែមួយ នោះគឺ ស្ងោរក្នុងទឹកពុះ តែលទ្ធផលចេញមក វាបែរជាខុសប្លែកពីគ្នា។
-ពីដំបូង មើមការ៉ុត មើលទៅនៅរឹងៗ មិនទន់ជ្រាយឡើយ តែលុះឆ្លងកាត់ការស្ងោររួចហើយ វាបែរជាទន់ និងមើលទៅទន់ជ្រាយខ្លាំងទៀតផង។
-ស៊ុត ដែលមើលទៅដូចជារាងផុយស្រួយ មានត្រឹមតែសម្បកស្តើងៗ រុំព័ទ្ធវត្ថុរាវដែលនៅខាងក្នុង តែទឹកពុះ ធ្វើឱ្យវត្ថុរាវនោះ ប្រែក្លាយជាដុំរឹងឡើង។
-ខណៈដែលកាហ្វេ បែរជាមានលក្ខណៈពិសេសដោយឡែករបស់វាជាប់ជានិច្ចទៅវិញ ព្រោះនៅពេលមកជួបទឹកក្តៅពុះ គឺទឹកទៅវិញទេ ដែលផ្លាស់ប្តូរ។
ចុះរូបកូនវិញ ជាអ្វីដែរ? (ឪពុកសួរទៅកូនស្រិ) នៅពេលសេចក្តីទុក្ខមកដល់ តើកូននឹងត្រៀមខ្លួនទប់ទល់យ៉ាងណា កូនជាមើមការ៉ុត ជាស៊ុត ឬជាកាហ្វេ?។

ចុះរូបអ្នកវិញ ជាមើមការ៉ុត??
មើមការ៉ុតហ្នឹង ពេលធម្មតា មើលទៅរឹងកំព្រឹស តែនៅពេលត្រូវប្រឈមនឹងសេចក្តីទុក្ខលំបាក ឬបញ្ហា(ទឹកក្តៅពុះ) បែរជាទន់ជ្រាយ គ្មានកម្លាំងកំហែងក្នុងការតស៊ូនឹងសេចក្តីទុក្ខសោកទាំងនោះឡើយ។

ឬជាស៊ុត??
តើដួងចិត្តដ៏ទន់ជ្រាយ រាវកក្លូករបស់អ្នក នឹងទៅជាយ៉ាងណា ក្រោយពីត្រូវប្រឈមនឹងសេចក្តីទុក្ខលំបាក ក្តីស្លាប់រស់ ការបែកបាក់ ការលែងលះ ឬការមើលងាយមើលថោករួចមក តើបេះដូងរបស់អ្នកនឹងឡើងរឹងច្រងាងដែរឬទេ?
ទោះជាសម្បកក្រៅរបស់អ្នក នៅដូចមុនដដែលមែន តែបេះដូង និងចិត្តវិញ្ញាណខាងក្នុងរបស់អ្នក ដែលឈឺចុកចាប់នោះ បានប្រែក្លាយជារឹងប៉ឹងមាំមួនឡើងហើយ។

ឬក៏រូបអ្នក ប្រៀបដូចជាកាហ្វេ?
នៅពេលជួបនឹងទឹកក្តៅពុះ ដែលនាំមកនូវក្តីឈឺចាប់ ក្នុងសីតុណ្ហភាពខ្ពស់បំផុត ១០០អង្សាC នោះ កាហ្វេបែរជាមានរសជាតិកាន់តែល្អឡើង ក្នុងគ្រានោះទៅវិញ។
បើរូបអ្នក ប្រៀបដូចជាកាហ្វេ នៅពេលសភាវដ៏សែនអាក្រក់បំផុតមកដល់ ក្រៅពីរូបអ្នកអាចចាត់ការជីវិតខ្លួនឯងបានយ៉ាងល្អហើយ អ្នកនៅអាចធ្វើ ឱ្យអ្វីៗជុំវិញខ្លួនអ្នក ល្អប្រសើរឡើងបានទៀតផង៕

×