ក្នុងដំណើរកំសាន្តនៅលើកប៉ាល់ជាមួយមិត្តភក្តិមួយចំនួន ស្ត្រីម្នាក់ស្រាប់តែបង្កភាពវឹកវរធ្វើឲ្យគេឯងគ្រប់គ្នាចាប់មិនចង់ឈ្នះតែម្តង បន្ទាប់ពីនាងចៃដន្យបានធ្វើឲ្យទូរស័ព្ទជាទីពេញចិត្តរបស់ខ្លួនធ្លាក់ចូលទឹកបឹងដ៏ធំល្វឹងល្វើយ ។
អ្នកដំណើរម្នាក់បានថតវីដេអូ ពីទិដ្ឋភាពដែលស្ត្រីម្នាក់នោះកំពុងស្ថិតស្ថានភាពស្ទើរ «ឆ្កួតវង្វេង» ទៅហើយ ខណៈព្យាយាមលោតពីលើកប៉ាល់ចុះក្នុងទឹក ដើម្បី «ស្រង់» យកមកវិញទូរស័ព្ទរបស់នាងដែលបានធ្លាក់ចូលក្នុងទឹក ។ យោងតាមអ្នកទេសចរប្រុសម្នាក់ ដែលបានបង្ហោះវីដេអូនេះឡើងអ៊ីនធើរណេត នោះហេតុការណ៍នេះបានកើតឡើង ខណៈពួកអ្នកទេសចរកំពុងធ្វើដំណើរទស្សនាទេសភាពព្រៃព្រឹក្សានៅបឹង Erhai ស្ថិតក្នុងខេត្ត Yunnan ប្រទេសចិន ។
អស់រយៈពេលជាង១នាទី ស្ត្រីកើតទុក្ខមិនសុខចិត្តនេះ បានព្យាយាមហក់ចេញពីលើកប៉ាល់យ៉ាងអន្ទះអន្ទែង ខណៈមនុស្សម្នានៅលើនោះបានមកចោមរោម និងឃាត់នាងយ៉ាងទីណាត់ទីណែង ព្រមទាំងព្យាយាមនិយាយលួងលោមនាងកុំឲ្យប្រថុយជីវិត ដោយសារតែទូរស័ព្ទ១គ្រឿងបែបនេះ ។
យោងតាមសាក្សី បើទោះជាក្រុមបម្រើការលើកប៉ាល់ បានខិតខំព្យាយាមស្រង់យកទូរស័ព្ទរបស់នាងពីក្នុងទឹក ដែលមានជម្រៅប្រហែលជាង ៦ ម៉ែត្រ យ៉ាងណាក្តី ក៏កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេពុំទទួលបានជោគជ័យនោះទេ ៕ ចន្ទី