ប្រយោជន៍ល្អៗរបស់ដុំធ្យូង ក្រៅពីបង្កាត់ជាភ្លើងសម្រាប់ចម្អិនអាហារហើយ តើអាចនាំយកទៅធ្វើអ្វីបានខ្លះទៀត?
ដល់ពេលដុតអាំងជប់លៀង Party ជុំគ្នាម្ដងៗ ត្រូវតែទិញធ្យូងមកត្រៀមទុកសម្រាប់ចម្អិនអាហារគ្រឿងក្លែមមែនទេ? បងៗស្ត្រីមេផ្ទះជាច្រើន តែងស៊ាំធ្លាប់ជាមួយការប្រើប្រាស់ធ្យូងសម្រាប់ដាំស្ល ចម្អិនម្ហូបអាហារតែម្យ៉ាងប៉ុណ្ណោះ តែការពិតវិញ ដុំឈើខ្មៅៗនេះ អាចនាំយកទៅធ្វើអ្វីផ្សេងៗទៀតបានជាច្រើនយ៉ាង។ ដូច្នេះបើបងៗនៅមិនទាន់ដឹងថា តើនឹងត្រូវយកដុំធ្យូងដែលនៅសេសសល់ក្នុងចង្រ្កានបាយទៅធ្វើអ្វីទេនោះ សូមតាមដានដូចតទៅ…
១.ជួយបឺតក្លិនមិនល្អចេញ
មិនថាតែក្នុងថតតុ ក្នុងទូទឹកកក ក្នុងធុងសំរាម ក្នុងបន្ទប់ទឹក ឬទីកន្លែងណានៅក្នុងផ្ទះនោះទេ បើសិនជាមានធំក្លិនមិនល្អ(ស្អុយ)ហើយនោះ ចូរនាំយកធ្យូងប្រមាណជា ២- ៣ដុំ ទៅដាក់នៅត្រង់កន្លែងដែលត្រូវការបំបាត់ក្លិនទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរឱ្យបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូង នឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។
២.ការពារសំណើម
បើសិនជាក្នុងផ្ទះ មានខ្យល់អាកាសបក់ចេញ-ចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងមានកើតមេរោគផ្សិតឡើង តែ យើងអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូ មកលាយជាមួយម្សៅបេកឃីងសូដា(មានលក់នៅតាមហាងផ្សារទំនើប)ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ គ្រាន់តែយកធ្យូង ១-២ដុំតូចៗទៅដាក់ចោលនៅក្នុងនោះ ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។
៣.បិទបាំងស្នាមឆ្កូតផ្សេងៗ
បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណា ដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗ ដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ ចូរយកដុំធ្យូង មកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះមួយសន្ទុះ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅ ដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះ នឹងត្រឡប់ទៅជាថ្មីស្អាត ដូចមុនវិញមិនខាន។
៤.ពន្យារអាយុផ្កាស្រស់
ភាគច្រើនផ្កាស្រស់ ដែលយើងតែងយកមកដាក់នៅក្នុងថូ សម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅល្អស្រស់មិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃ ក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់ មិនពិបាកទេ។ គ្រាន់តែដាក់ធ្យូង ចូលទៅប្រមាណជា ១- ២ដុំ ព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅតែស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។
៥.ថែបំប៉នដើមផ្កា
សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើ ១ជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។
ឃើញហើយឬនៅថា ធ្យូង ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕