ស្វាយរៀង ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រាបានមានប្រសាសន៍យ៉ាងច្បាស់ថា បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារទាំងអស់នៅទូទាំងប្រទេស បានចូលរួមលះបង់អាយុជីវិតប្ដូរសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ ឲ្យរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
លោកនាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបំពាក់មេដាយជូនអតីតយុទ្ធជនកម្ពុជាមកពី ស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀងចំនួន២៩២ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់បក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានពាំនាំការផ្ដើមផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដោយលោក បានលើកឡើងអំពីគម្រូវីរភាពរបស់សម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលឆ្លុះបញ្ចាំងតាមរយៈការគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របប ឧបត្ថម្ភផ្សេងៗ ឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជា ការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។
ការបំពាក់មេដាយការពារជាតិជូនអតីយុទ្ធជនកម្ពុជាទាំងនេះ កាន់តែបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី និងប្រធានសមាគមអតីយុទ្ធជនកម្ពុជា មិនដែលបំភ្លេចគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់ពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនឱ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។ សន្ដិភាពដែលនាំឱ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់យុទ្ធជនយើង ដែលគុណូបការៈនេះយើងម្នាក់ៗ មិនអាចបំភ្លេចបានទេ។
នៅក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិបន្តបន្ទាប់ទៀតដើម្បីទទួលបានការអភិវឌ្ឍន៍និងសន្តិភាពពេញផ្ទៃប្រទេស។
សម្រាប់អតីតយុទ្ធជនទាំងអស់ ដែលបានមកចូលរួមក្នុងកម្មវិធីនោះ ក៏បានទទួលនូវប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងម្នាក់ៗ៥ម៉ឺនរៀល សារ៉ុង១និងក្រម៉ា១ផងដែរ៕ វ៉ៃកូ