Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ក្តៅក្នុង កើតឡើងដោយសារអ្វី? តើត្រូវព្យាបាល និងការពារយ៉ាងណា?

បញ្ហា “ក្តៅក្នុង” មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះខ្លះៗរួចមកហើយ ដោយនៅសុខៗ ស្រាប់តែមានពងបែក ក្លាយជាដំបៅនៅក្នុងមាត់ លើសាច់ខាងក្នុងថ្ពាល់ ឬលើអណ្តាតតែម្តងក៏មាន ហើយភាគច្រើនមិនដឹងថា បណ្ដាលមកពីមូលហេតុអ្វីឡើយ ដូច្នេះហើយទើបថ្ងៃនេះ យើងបានស្វែងរកចម្លើយ មកជូនជាទីសណ្ដាប់ ឱ្យបានជ្រាបទាំងអស់គ្នា។

ក្តៅក្នុងគឺជាអ្វី?
ក្តៅក្នុង ជាអាការដែលមានពងបែកក្លាយជាដំបៅនៅក្នុងប្រអប់មាត់ ដោយអាចកើតនៅលើសាច់ថ្ពាល់ខាងក្នុង លើអណ្តាត ឬលើផ្នែកណាមួយនៅក្នុងមាត់ក៏មាន។ ខ្នាតរបស់ដំបៅ មានទំហំតូច និងអាចកើតច្រើនទៀតផង។ ដំបៅទាំងនោះ នឹងមានអាការឈឺ ក្រហាយផ្សា ធ្វើឱ្យទទួលទានអាហារមិនស្រួល។

ក្តៅក្នុងបណ្តាលមកពីអ្វី?
មូលហេតុរបស់អាការក្តៅក្នុង បណ្តាលមកពីបច្ច័យជាច្រើន តែដែលជួបប្រទះច្រើនញឹកញាប់នោះគឺ៖
-ពូជអម្បូរ
-ភាពតានតឹងធុញថប់ក្នុងចិត្ត
-ភ្លេចខ្លួនខាំសាច់ថ្ពាល់ខាងក្នុងខ្លួនឯង
-ប្រតិកម្មចាញ់សារធាតុគីមីផ្សេងៗ ដូចជា សារធាតុគីមីពីថ្នាំដុសធ្មេញ ទឹកថ្នាំខ្ពុរមាត់ ជាដើម
-ប្រតិកម្មចាញ់អាហារប្រភេទខ្លះ
-ខ្វះវីតាមីន និងសារធាតុប្រភេទខ្លះ ដូចជា វីតាមីនB សារធាតុដែក និងស័ង្កសី
-ឆ្លងមេរោគបាក់តេរី
-ឆ្លងមេរោគវីរុសមួយចំនួន ដូចជា មេរោគជំងឺរើម ជាដើម
-ញ៉ាំទឹកតិចពេក
-រាងកាយខ្វះសារធាតុអាហារ
-បរិភោគអាហារដែលមានរសជាតិ(ប្រៃ ហឹរ)ខ្លាំងៗជ្រុលពេក
-បរិភោគអាហារចៀនបំពងច្រើនជ្រុលពេក
-ជក់បារីច្រើន
-រាងកាយកើតមានភាពខុសប្រក្រតីក្នុងប្រព័ន្ធប្រឆាំងជំងឺ អាចគេងសម្រាកមិនបានគ្រប់គ្រាន់ រហូតបាត់បង់តុល្យភាព
-អំឡុងពេលដែលស្ត្រីកំពុងមានវដ្តរដូវ អាចហុចផលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួល និងអាចកើតអាការក្តៅក្នុងបាន

តើអាការក្តៅក្នុង បង្កគ្រោះថ្នាក់ដែរឬទេ?

ការកើតអាការក្តៅក្នុងនេះ ក្រៅពីធ្វើឱ្យឈឺផ្សាក្រហាយខ្លាំង ពិបាកក្នុងការកម្រើកបបូរមាត់ និងទទួលទានអាហារហើយ គេមិនឃើញមានគ្រោះថ្នាក់អ្វីដែលខ្លាំងក្លាជាងនេះឡើយ ព្រោះភាគច្រើន ដំបៅក្តៅក្នុងនេះ អាចជាបាត់ទៅវិញដោយឯកឯង ឬបើមិនចង់ពិបាកយូរ ក៏អាចប្រើថ្នាំជួយឱ្យដំបៅក្តៅក្នុងនេះ ឆាប់ជាបាត់ទៅវិញបានដែរ តែសំខាន់បំផុតគឺ កុំឱ្យដំបៅឆ្លងមេរោគ ព្រោះអាចត្រូវប្រើពេលវេលាព្យាបាលកាន់តែយូរឡើង។

វិធីសម្រាលអាការក្តៅក្នុង
ដូចដែលបានរៀបរាប់ពីខាងដើមរួចមកហើយ ដំបៅក្តៅក្នុងតូចៗ អាចជាបាត់ទៅវិញបានដោយឯកឯង ក្នុងរយៈពេល ១សប្តាហ៍ តែបើជាដំបៅក្តៅក្នុង ដែលមានទំហំធំ ឬចង់ឱ្យឆាប់ជាបាត់ទៅវិញនោះ អាចព្យាបាលដោយខ្លួនឯង បានដូចតទៅ៖
១.ខ្ពុរមាត់នឹងទឹកសេរ៉ូម ឱ្យទឹកសេរ៉ូមទៅប៉ះបរិវេណដំបៅ ព្រោះទឹកសេរ៉ូមនឹងជួយសម្រាលអាការរលាកក្លាយ ហើមក្រហមនេះបាន។
២.ថ្នាំលាបបំបាត់អាការក្តៅក្នុង ជាក្រុមរបស់ពពួកថ្នាំ ស្ទៀរ៉យ ប្រភេទលាប ដើម្បីកាត់បន្ថយអាការរលាកក្លាយ ឈឺ ហើម
អាចជាថ្នាំទឹក ជាក្រមួន ឬជាទឹកថ្នាំខ្ពុរមាត់ក៏បាន។
៣.ឱសថបុរាណដែលមានឥទ្ធិពលធ្វើឱ្យត្រជាក់ មានច្រើនយ៉ាង ដែលអាចព្យាបាលអាការក្តៅក្នុងបាន ដូចជា ស្លឹកត្រចៀកក្រាញ់ ផ្លែ
ម្រះអាចម៍ចាប ត្រសក់ ស្ពៃស មើមឈូក ជាដើម។ ញ៉ាំទឹកឱសថបុរាណទាំងនេះ នឹងជួយសម្រាលអាការក្តៅក្នុងបាន (តែកុំលាយស្ករច្រើនពេក)។

វិធីការពារអាការក្តៅក្នុង
១.កុំទទួលទានអាហារដែលមានរសជាតិខ្លាំងៗ និងអាហារចៀនបំពងច្រើនពេក
២.ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ក្នុង ១ថ្ងៃ ៦-៨កែវ
៣.គេងសម្រាកឱ្យបានគ្រប់គ្រាន់
៤.ហាត់ប្រាណជាប់ជាប្រចាំ មិនបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍តានតឹងធុញថប់ច្រើនជ្រុលពេក
៥.រក្សាអនាម័យ និងសម្អាតក្នុងប្រអប់មាត់យ៉ាងប្រយ័ត្នប្រយែង កុំដុសធ្មេញខ្លាំងៗពេក
៦.បរិភោគអាហារឱ្យគ្រប់ ៥ប្រភេទក្រុម
៧.ឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីរបស់ខ្លួនឯងជាប់ជានិច្ច ដើម្បីប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ បើមានភាពចាំបាច់
អាការក្តៅក្នុង មិនមែនជាបញ្ហាធំទេ តែវាសាងនូវក្តីរំខាន និងលំបាកក្នុងការរស់នៅសម្រាប់អ្នកដែលកើតអាការនេះ ដូច្នេះការការពារខ្លួនឯងពីអាការក្តៅក្នុង ក៏ជាវិធីមួយដែលនឹងជួយឱ្យយើងរស់នៅយ៉ាងមានសេចក្តីសុខបានដោយងាយៗដែរ៕

×