Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ រៀបការពេលអាយុ ២៨-៣២ឆ្នាំ ជីវិតគូនឹងស្ថិតស្ថេរយូរអង្វែង

អ្នកសង្គមវិទ្យានៃមហាវិទ្យាល័យ យូថាហ៍ សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ ដែលបានរកឃើញថា ក្នុងអំឡុងអាយុចន្លោះពី ២៨-៣២ឆ្នាំ គឺជាវ័យដែលស័ក្តិសម សម្រាប់ការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ព្រោះជាអំឡុងវ័យដែលស្គាល់ពីអារម្មណ៍របស់ខ្លួនឯងច្បាស់ រកឃើញដំណើរជីវិត និងមានភាពទទួលខុសត្រូវក្នុងកម្រិតមួយហើយ។ ការស្រាវជ្រាវដដែលក៏បានរកឃើញផងដែរថា អ្នកដែលរៀបការក្រោយអាយុ ៣២ឆ្នាំ មានអត្រាការលែងលះតិចតួចបំផុត ខណៈដែលគូស្នេហ៍វ័យក្មេង អាយុ ១៩-២២ឆ្នាំ មានអត្រាលែងលះគ្នាច្រើនបំផុត។

វេបសាយរបស់ទស្សនាវដ្តី ថាមស៍ បានរាយការណ៍ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក Nick wufinger អ្នកសង្គមវិទ្យាដែលបាន
រកឃើញថា អំឡុងអាយុដែលស័ក្តិសម សម្រាប់ការចាប់ផ្តើមជីវិតគូនោះគឺ ២៨-៣២ឆ្នាំ ដោយអ្នកស្រាវជ្រាវ បាននាំយកព័ត៌មាននៃការពិនិត្យពីសភាវគ្រួសារជនជាតិអាមេរិកក្នុងចន្លោះឆ្នាំ២០១០-២០១៥ និង ២០១៥-២០២០ មកវិភាគ និងរកឃើញថា គូអាពាហ៍ពិពាហ៍ដែលស្ថិតក្នុងវ័យនេះ មានអត្រាការលែងលះទាបជាងអ្នកដែលរៀបការក្នុងវ័យផ្សេងទៀត ជាពិសេសក្នុងអំឡុងពេល ៥ឆ្នាំ ក្រោយពេលរៀបការ មានអត្រាការចែកផ្លូវគ្នា តិចបំផុត។

លោក wufinger បានអធិប្បាយថា ហេតុផលដែលមនុស្សវ័យ ២៨-៣២ឆ្នាំ ស័ក្តិសមល្អ សម្រាប់ការរៀបការនោះមានច្រើនចំណុច ដូចជាៈ

-មនុស្សក្នុងវ័យនេះ ធំគ្រប់គ្រាន់ក្នុងការដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងថា តើខ្លួនចូលចុះជាមួយដៃគូបានមែន ឬគ្រាន់តែជាអារម្មណ៍រំជើបរំជួលរបស់អ័រម៉ូន?
-រូបគេ ឬនាង បានជ្រើសរើសដំណើរផ្លូវជីវិត ដែលខ្លួនឯងត្រូវការហើយ និងចាប់ផ្តើមមានភាពទទួលខុសត្រូវចំពោះរឿងផ្សេងៗហើយ។
-មានស្ថិរភាពខាងហិរញ្ញវត្ថុ បាន ១កម្រិតហើយ។
-មិនទាន់ចាស់ជ្រុលនៅឡើយទេ សម្រាប់ការសម្របខ្លួន កែសម្រួលចរិតនិស្ស័យ Lifestyle និងជីវិតរស់នៅប្រចាំថ្ងៃ ឱ្យចូលគ្នាជាមួយដៃគូ ដែលនេះគឺជារឿងសំខាន់ណាស់ក្នុងការមានជីវិតគូ។

អ្នកសង្គមវិទ្យាពីមហាវិទ្យាល័យ យូថា អះអាងថា “អ្នកខ្លះបានហៅការសិក្សាស្រាវជ្រាវនេះថា ជា “ទ្រឹស្តីមាសរបស់ការរៀបការ” ដែលគូអាពាហ៍ពិពាហ៍ ត្រូវតែមិនក្មេង ឬចាស់ជ្រុលពេក និងក្រៅពីនេះ នៅមានហេតុផលជាច្រើនទៀត ដែលគាំទ្រថា ក្នុងអំឡុងអាយុ ២០ក្រាស់ និង ៣០ស្តើង គឺជាអំឡុងពេលដ៏ល្អ ក្នុងការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយមនុស្សម្នាក់”

លោក wufinger បានបន្ថែមទៀតថា គូអាពាហ៍ពិពាហ៍ដែលទទួលជោគជ័យក្នុងជីវិតគូ ភាគច្រើន ច្រើនតែជាគូដែលស្គាល់ពីនិស្ស័យចិត្តថ្លើមគ្នាច្បាស់។

ការរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងវ័យ ១៩-២២ឆ្នាំ នឹងធ្វើឱ្យកើតមានការលែងលះច្រើនបំផុត បន្ទាប់មកគឺក្នុងអំឡុងវ័យ ២២-២៤ឆ្នាំ និង ២៨-៣២ឆ្នាំ តាមលំដាប់។ ក្រៅពីនេះ នៅមានបច្ច័យជាច្រើនទៀត ដែលអ្នកសង្គមវិទ្យាជឿថា នឹងជួយឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងបានដែរនោះ ដូចជា ស្ថិរភាពខាងហិរញ្ញវត្ថុ មានការសិក្សាល្អ និងការរៀបការមុនមានបុត្រ ជាដើម សុទ្ធតែមានចំណែក ធ្វើឱ្យគូអាពាហ៍ពិពាហ៍មានជីវិតរស់នៅប្រកបដោយសុភមង្គល និងគង់វង្សស្ថិតស្ថេរយូរអង្វែងបានទាំងអស់៕

×